ដោយ : សេសាន
ផ្លូវគមនាគមន៍មួយខ្សែដែលតភ្ជាប់ដោយសេរីតាមបន្ទាត់ព្រំដែនកម្ពុជា-សៀម និងប្រទេសឡាវនៅប៉ែកខាងជើង នៃប្រទេសពេលនេះបានកើតចេញជារូបរាងហើយ ។ កំណាត់ផ្លូវនោះ គឺជាផ្លូវតភ្ជាប់ដ៏វែងឆ្ងាយមួយចាប់ពីតំបន់ប្រាសាទព្រះវិហារ ឆ្លងកាត់ស្រុកជាំក្សាន្តចំណុចមុំបី ទៅកាន់តំបន់កំពង់ស្រឡៅភ្ជាប់ ទៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ពេលនេះបានតភ្ជាប់ជាស្ថាពរហើយ ដោយអ្នកដំណើរគ្រប់រូបអាចឆ្លងកាត់បានយ៉ាងរីករាយ ហើយលែងលឺសូរពាក្យថា លំបាកទៀតហើយ ។ ហើយបណ្តាញផ្លូវដែលប្រទាក់គ្នាដូចខ្សែអំបោះនោះ ពេលនេះបានសាងសង់រួចរាល់ជាស្ថាពរហើយ ។
លោកឧត្តមសេនីយ៍ទោ ខេង សុមេធ បានមានប្រសាសន៍បន្តថា កំណាត់ផ្លូវពីក្នុងស្រុកជាំក្សាន្ត ត្រូវបានកសាងដោយកងវិស្វកម្មអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ។ ដោយឡែកចាប់ពីចំណុចឃុំទឹកក្រហមក្នុងស្រុកជាំក្សាន្តដដែល ត្រូវបានកសាងដោយកងវិស្វកម្មតេជោហ៊ុន សែន សៀមរាប កាលពីឆ្នាំ២០០៩ រហូតដល់ចំណុចមុំបី ។ ដោយឡែកកំណាត់ផ្លូវពីចំណុចមុំបីឃុំទឹកក្រហម ស្រុកជាំក្សាន្តដដែលទៅដល់ចំណុចកំពង់ស្រឡៅ ស្រុកឆែប និងតភ្ជាប់ទៅដល់ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង កងវិស្វកម្មតេជោហ៊ុន សែន សៀមរាប ចាប់ផ្តើមកសាងមុនរដូវវស្សាឆ្នាំនេះ រហូតដល់បច្ចុប្បន្នសំរេចបាន ១០០ ភាគរយហើយ ។ កំណាត់ផ្លូវពីមុំបីទៅដល់ស្រុកថាឡាបរិវ៉ាត់ ដែលបានតភ្ជាប់គ្នាទាំងស្រុងហើយនោះ គឺមានប្រវែង ១៤២ គីឡូម៉ែត្រ ។ កំណាត់ផ្លូវជាង ១៤០ គីឡូម៉ែត្រនេះ គឺមានកសាងលូ ស្ពានជាច្រើនកន្លែងផងដែរ ។
ការឈានទៅដល់ការតភ្ជាប់ផ្លូវគមនាគមន៍ថ្មីមួយខ្សែនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ខេង សុមេធ បញ្ជាក់ថា គឺជាគំនិតច្នៃប្រឌិត និងទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ គោលដៅសំខាន់ដែលសម្តេចតេជោហ៊ុន សែន ផ្តួចផ្តើមឲ្យមានកសាងកំណាត់ផ្លូវនេះ គឺចង់អភិវឌ្ឍន៍តំបន់បន្ទាត់ព្រំដែនឲ្យមានការរីកចំរើនទៅថ្ងៃអនាគត និងកាត់បន្ថយភាពក្រីក្រជូនប្រជាជននៅតំបន់នោះឲ្យកាន់តែប្រសើរឡើង ។
លោកឧត្តមសេនីយ៍ទោ ហួត ឈាង បានឲ្យដឹងថា ផ្លូវនេះគឺកើតឡើងក្នុងសម័យតេជោហ៊ុន សែន ហើយបើគ្មានសម្តេចទេជោ ហ៊ុន សែន ទេ ប្រហែលជាខេត្តស្ទឹងត្រែងមិនមានផ្លូវណាដើរឡើយ គឺរត់ដូចកណ្តុរអញ្ចឹង ។
លោក ជា ថាវរិទ្ធ អភិបាលស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ប្រាប់ថា នេះជាប្រវត្តិសាស្ត្រដ៏ធំធេងមួយ ដែលបានចារទុកក្នុងក្រាំងមានសម័យតេជោហ៊ុន សែន ដែលបានកើរចេញជារូបរាងឡើងនូវកំណាត់ផ្លូវដ៏វែងឆ្ងាយមកដល់ទីរួមស្រុករបស់គាត់ ។ លោកបានបញ្ជាក់ទៀតថា មិនធ្លាប់មានទេពីមុនមក ហើយប្រជាពលរដ្ឋសប្បាយរីករាយមិនមានអ្វីមកប្រៀបផ្ទឹមបានឡើយ ព្រោះប្រជាជនលែងពិបាកថា មិនមានផ្លូវដើរទៀតហើយ ។ ពីមុនខេត្តស្ទឹងត្រែង ឬស្រុកថាឡាបរិវ៉ាត់ចង់ទៅភ្នំពេញត្រូវឆ្លងចូលទៅប្រទេសឡាវ, វៀតណាម ហើយទើបចូលមកកម្ពុជាបាន ។ ប៉ុន្តែសំរាប់ឥឡូវចង់មកពីស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង គឺគេអាចធ្វើដំណើរត្រង់មកព្រះវិហារ ឬទៅសៀមរាប ឧត្តរមានជ័យបានយ៉ាងស្រួលមិនមានការលំបាកដូចមុនទៀតហើយ ហើយប្រជាជនក៏ដូចជាភ្ញៀវគ្រប់រូប ធ្វើដំណើរបានដោយរីករាយចាប់ពីពេលនេះតទៅថ្ងៃអនាគត ៕
No comments:
Post a Comment