Saturday, December 18, 2010

សមាជិកសភាជប៉ុនអះអាងថាជំនួយជប៉ុនដល់កម្ពុជាមិនមានការផ្លាស់ប្តូរ(១៨/១២/២០១០)

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ឱ្យដឹងថា​ក្នុង​ ឱកាស ចូលជួប​សម្តែង​ការ​គួរ​សមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ឯកឧត្តម NAOTO SAKAGUCHIសមាជិកសភា​ជប៉ុន និងជា​ប្រធាន​សម្ព័ន្ធសភា​មិត្តភាព​កម្ពុជា-ជប៉ុន បាន​ជំរាប​ជូន​សម្តេច តេជោ​នាយក​រដ្ឋមន្ត្រី​​ថា សភា​ជប៉ុន​នឹង​អនុម័ត​ថវិការ​សម្រាប់​ឆ្នាំ ២០១១ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ​ខាង​មុខ​នេះហើយ។ ​ចំពោះ​ជំនួយ​អភិវឌ្ឍ​ផ្លូវ​ការ​ក្រៅប្រទេស​របស់​ជប៉ុន ​( ODA ) ​សម្រាប់​ប្រទេស​កម្ពុជា​គឺ​ពុំ​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ ម៉្យាង​ទៀត​ក្នុង​នាម​តំណាងរាស្ត្រ ​ឯកឧត្តម​នឹង​ជួយ​ជម្រុញ​ ឱ្យ​បាន​ឆាប់នូវ​គម្រោង​ទាំង​ឡាយ​ណា​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ស្នើ​ទៅ​កាន់​ប្រទេស​ជប៉ុន ដូច​ជា​ស្ពាន​អ្នក​លឿង​ជា​ដើម លោក​នឹងជម្រុញ​ការ​សាង ​សង់​ឱ្យ​បាន​ឆាប់​ផង​ដែរ ។ ឯកឧត្តម NAOTO ក៏​បាន​សន្យា​ថា​នឹង​ជួយ​ជម្រុញ​ដល់​ការ ​ហោះ​ហើរ​ពី​ប្រទេស​ជប៉ុន​គឺ​ពី​ទីក្រុង​តូក្យូ​មក​កាន់​កម្ពុជា ឬ​ការ​ហោះ​ហើរ​ត្រី​កោណ​រវាង ​ទីក្រុង​តូក្យូ ហូជីមិញ ឬ​ក៏​តូក្យូ-ហូជីមិញ-សៀមរាប​ជា​ដើម ព្រោះ​ការ​ហោះ​ហើរ​បែប​នេះ​ ជា​កត្តា​សំខាន់​សម្រាប់​ជម្រុញ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ជម្រុញ​ការ​ វិនិយោគ​របស់​ជប៉ុន​មក​កាន់​កម្ពុជា ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ន៍ព្រះ​រា​ជា​ណា​ចក្រ​ កម្ពុជា​ផង​ដែរ ។

ឯកឧត្តម NAOTO បាន​សំដែង​នូវ​ការ​ចូល​រួម​មរណៈទុក្ខ​ចំពោះ​សោកនាដកម្ម​ដែល​បាន​កើត​ ឡើង​ នៅ​ស្ពាន​ពេជ្រ​កាល​ពី​ពេល​កន្លង​ទៅ និង​បាន​នាំ​មក​នូវ​លិខិត​របស់​ឯកឧត្តម​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ជូន​ចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ ។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្ត​ថា នៅ​ក្នុង​ជំនួប​នោះ​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ ថ្លែង​អំណរគុណ​ចំពោះ​ការ​ចូល​រួម​រំលែក​ នូវ​មរណៈទុក្ខ​របស់​ឯកឧត្តមសមាជិកសភាជប៉ុន និងបាន​ថ្លែង​អំណរ​​គុណ​ចំពោះ​លិខិត​របស់​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ជប៉ុន ដែល​មាន​ខ្លឹម​សារ​ ពាក់ព័ន្ធ​ទៅ​នឹង​ខួប​ទី​៥៥ឆ្នាំ ​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា-ជប៉ុន និង​ពាក់ព័ន្ធ​ទៅ​ដល់​ ជំនួប​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​នៅ​តាម​មហា​អនុតំបន់​ទន្លេ​មេគង្គ​នោះ ។ សម្តេច អគ្គមហាសេនសបតីតេជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ពេល​កន្លង​មក ហើយ​ដែល​ទំនាក់​ទំនង​រវាង​ប្រទេស ​កម្ពុជា ​និង​ជប៉ុន ត្រូវ​បាន​ពង្រីក និង​ពង្រឹង​កាន់​តែ​ខ្លាំង​ឡើង​​។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ​ថ្លែង​ថាមក​ដល់​ពេល​នេះ​ជំនួយ​របស់​ប្រទេស​ជប៉ុន​មក​កាន់​ កម្ពុជា នៅ​តែ​ធំ​ជាង​គេ​បំផុត​ចាប់តាំង​ពី​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​ លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ ប៉ារីស​មក​នោះ។ ម៉្យាង​ទៀត​កិច្ច​ផ្តួច​ផ្តើម​រវាង​ជំនួប​នៃ​បណ្តា​ប្រទេស តាម​ដង​ទន្លេ​មេគង្គ​ មាន​សារៈសំខាន់​ណាស់ ដែល​ក្នុង​នោះ​មាន​ការ​ជម្រុញ​ការ​អភិវឌ្ឍន៍​តាម​បណ្តា​ប្រទេស​ តាម​មហា​អនុតំបន់​មេគង្គ ការ​ធ្វើ​សមាហរណ​កម្ម​នៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​ថ្មី និង ​អាស៊ាន​ចាស់ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​គម្លាត​រវាង​ប្រទេស​សមាជិក​អាស៊ាន​ចាស់ និង​ សមាជិក​ ថ្មី​ផង​ដែរ ។

សម្តេច​តេជោ​ក៏​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ​ចំពោះ​រាជ​រដ្ឋាភិបាល​ជប៉ុន ​ដែល​បាន​ជួយ​ដល់​ កម្ពុជា ពិសេស​ការ​កសាង​ស្ពាន​អ្នក​លឿង ដែល​ស្ពាន​នេះ​ជា​ផ្លូវ​មួយ​សម្រាប់​ត​ភ្ជាប់​បណ្តា​ ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ ហើយ​សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​អំណរ​គុណ ​ចំពោះ​ការ​គាំ​ទ្រ​ទាំង​ឡាយ​របស់​ជប៉ុន​ដល់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ពិសេស​គឺ​នយោបាយ ​មិន​ប្រែប្រួល របស់​ជប៉ុន​ចំពោះ​កម្ពុជា បើ​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​យ៉ាង​ ណា​ក៏​ដោយ ក៏​នយោបាយ​របស់​ជប៉ុន​មក​កាន់​កម្ពុជា ក៏​នៅ​តែ​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ។/

No comments:

Post a Comment