Saturday, December 18, 2010

ដំណើរទស្សនកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសារធារណរដ្ឋប្រជាមានិតចិន នាំ​មក​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា(១៨/១២/២០១០)


  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើមាតុភូមិនិវត្តន៍ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ បន្ទាប់ពី បាន ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ច រយៈពេល ៥ថ្ងៃ ​( ១៣-១៧ ខែធ្នូ ឆ្នាំ២០១០ ) នៅ សាធារណរដ្ឋប្រជាមានិតចិនប្រកប ដោយជោគជ័យ។

នៅព្រះលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង សហប្រតិបត្តិការ​អន្តរជាតិ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​សម្រេច​ផ្តល់​ជំនួយ​ចំនួន​៣០០​លាន​ដុល្លារ​សហរដ្ឋ​ អាមេរិក ​ដែល​ជា​ជំនួយ​នៅ​ក្នុង​ឆ្នាំ​២០១០ ដើម្បី​អនុវត្ត​គម្រោង​ហេដ្ឋារចនា​សម្ពន្ធ​ផ្លូវ និង​ ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន ៣ នៅ​ក្នុង​ប្រទេស​កម្ពុជា ​​រួម​មាន​ការ​សាង​សង់​ផ្លូវ​ជាតិ​លេខ​២១៤ ពី​ត្បែង​មាន​ជ័យ​ខេត្តព្រះវិហារ ទៅ​ថាឡាបរិវ៉ាត់​ខេត្ត​ស្ទឹងត្រែង ​មាន​ទឹក​ប្រាក់ ១០០ លាន ​ដុល្លារ ; ការ​កសាង​ផ្លូវ​ជាតិ​លេខ ៧៦ ពី​សែន​មនោរម្យ​ទៅ​តាអោង​មាន​ទឹក​ប្រាក់​ចំនួន ១០០ លាន​ដុល្លារ ; និង​គម្រោង​អភិវឌ្ឍន៍​​ប្រព័ន្ធ​ប្រឡាយ​នៅ​ទន្លេ​វ៉ៃកូ ខេត្ត​ស្វាយរៀង ដែល​ក្នុង​ ជំហាន​ដំបូង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ចំនួន ១០០ លាន​ដុល្លារ ដែល​អាច​មាន​លទ្ធភាព​ ស្រោច​ស្រព​ដី​ស្រែ ​បាន​រហូត​ដល់​ទៅ​៣​សែន​ហិកតា ដោយ​សារ​មាន​ដី​ស្រែ​ខ្លះ​អាច​ធ្វើ​ ស្រែ​បាន​២​ដង និង​៣​ដង​ទៀត​ផង ។

 ឯកឧត្តម ហោ ណាំហុង មាន​ប្រសាសន៍​ថា នៅ​ក្នុង​ជំនួប​ចរចា​ទ្វេ​ភាគី​រវាង​សម្តេច​តេជោ ជាមួយ​ឯកឧត្តម វេន ជាប៉ាវ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ភាគី​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​រហូត​ដល់ ២៥០០ លាន​ដុល្លារ ​សហរដ្ឋ​អាមេរិក​នៅ​ត្រឹម​ឆ្នាំ​២០១៥ ។ ឯកឧត្តម​បាន​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល ១០​ខែ​ក្នុង ​ឆ្នាំ​២០១០ នេះ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា-ចិន មាន​ចំនួន ១១០០ លាន​ដុល្លារ​ដែល ​ជា​តួ​លេខ​ដែល​មាន​កំណើន ខ្ពស់​បំផុត ។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ក្រៅពីជួបសម្តែងការគួរសម​ ជា​មួយ​​ថ្នាក់ដឹកនាំចិន រួមមាន ឯកឧត្តម ហ៊ូ ជិនតាវ ប្រធានាធិបតីនៃ សាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តម វូ បាំងហ្គូ ប្រធាន គណកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាប្រជាជនចិន សម្តេចតេជោ នាយក​រដ្ឋ​មន្ត្រី បានជួបពិភាក្សាការងារ ជាមួយ សមភាគីចិន ឯកឧត្តម វេន ជាប៉ាវ នាយករដ្ឋមន្ត្រី​នៃ​សា​ធា​រ​ណ​​ប្រជាមានិតចិន និងធ្វើជាអធិបតីក្នុងពិធី ចុះ ហត្ថលេខា លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនផង​ដែរ​។
ឯកឧត្តម ហោ ណាំហុង ថ្លែង​ថា​ក្នុង​ចំណោម​ឯកសារ​ទាំង​១២ ដែល​បាន​ចុះ​ហត្ថ​លេខា​ នៅ​អំឡុង​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​នៅ​ប្រទេស​ចិន​នោះ មាន​ឯកសារ ​ចំនួន ៥ ដែល​លោក​បាន​កត់​សម្គាល់​ថា មាន​សារៈសំខាន់​បំផុត ដែល​ទី(១)​គឺ​គម្រោង ​កសាង​ស្ពាន​ជ្រោយ​ចង្វារ​ថ្មី​មួយ​ទៀត​ដែល​មាន​ទឹក​ប្រាក់​ចំនួន ២៦​លាន​ដុល្លារ (២)ស្ពាន ​តាខ្មៅ ក្នុង​ខេត្ត​កណ្តាល​មាន​ទឹក​ប្រាក់​ចំនួន​៣២​លាន​ដុល្លារ (៣)​ទំនប់​ស្ទឹង​ពោធិ៍​សាត់​ សម្រាប់​វារី​អគ្គីសនី និង​អភិវឌ្ឍ​ធន​ធាន​ទឹក​មាន​ទឹក​ប្រាក់​ចំនួន ៦៣ លាន​ដុល្លារ (៤)​ផ្លូវ​ជាតិ​លេខ ៤១ ពី​ថ្នល់​ទទឹង​ទៅ​ជុំ​គីរី​មាន​ទឹក​ប្រាក់ ៤៥ លាន ដុល្លារ និង​ទី(៥)​ការ​កសាង ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ។ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា កិច្ច​សន្យា​ចំនួន ២ នៅ​ក្នុង​ចំណោម​ឯកសារ​ដែល​បាន​ចុះ​ហត្ថ​លេខា​នោះ គឺ​ការ​អភិវឌ្ឍ​ ស្ទឹង​ស្រែង​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ-សៀមរាប​មាន​តម្លៃ ៥៣,៥ លាន​ដុល្លារ និង​ការ​កសាង​ អគ្គិសនី​តាម​ជន​បទ ដែល​ចាប់​ផ្តើម​ពី​តំបន់​ជុំ​វិញ​រាជធានី​ភ្នំពេញ មាន​ទឹក​ប្រាក់​ចំនួន​ ៥៣,៥ លាន​ដុល្លារ​ផងដែរ។
  គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅសាធារណរដ្ឋ ប្រជាមានិតចិន ជា​ដំណើរទស្សនកិច្ច​ដែល ​នាំ​មក​នូវ​ ផល​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ព្រម​ទាំង​ការ​ពង្រឹង និង ពង្រីក​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ។  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង សហប្រតិបត្តិការ​ អន្តរជាតិ មាន​ប្រសាសន៍វាយតម្លៃ​ថា ទំនាក់​ទំនង​កម្ពុជា-ចិន​បាន​ចាប់​ផ្តើម​ ពី​ សហប្រតិបត្តិការ​ជិត​ខាង​ល្អ ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ​គួរ​ទុក​ចិត្ត​គ្នា និង​បាន ឈាន​មក​ដល់​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ 

ក្នុងឱកាសស្នាក់អាស្រ័យនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន អញ្ជើញចូលគាល់ ព្រះមហាវររាជបិតា នរោត្តម សីហនុនិង ព្រះវររាជមាតា នៅ ព្រះរាជតំណាក់ ក្នុងទីក្រុង ប៉េកាំង ដែលក្នុងឱកាសនោះ សម្តេចតេជោ​ទទួលបាននូវ​ការ​កោត​សរសើរ​​ អំពី​ការអនុវត្តនយោបាយចិន តែមួយបន្តពី ព្រះអង្គបានល្អផងដែរ។

No comments:

Post a Comment