Monday, December 27, 2010

សហ​ព័ន្ធ​ពិភព​លោក​ជប៉ុន​ទទួល​ស្គាល់​សាលា​ការ៉ា​តេ​ដូ​ ប៊ូ​ដូ​កម្ពុជា


រាជធានីភ្នំពេញ​ ៖ សហ​ព័ន្ធ​ពិភព​លោក​នៃ​សមា​គម​ការ៉ា​តេ​ជប៉ុន​បាន​សំរេច​ប្រគល់​វិញ្ញា​បន​បត្រ​ទទួល​ស្គាល់​សាលា​ការ៉ា​តេ​ដូ​ ប៊ូ​ដូ​កម្ពុជា​ឱ្យ​ក្លាយ​ជា​សមា​ជិក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ធ្នូ ។ ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​​រៀប​ចំ​ធ្វើ​ឡើងនៅ​សាលា​ការ៉ា​តេ​ដូ​ ប៊ូ​ដូ​កម្ពុជា​នៅ​ទួល​គោក ​ក្រោម​អធិបតី​ភាព​លោក​អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋ​មន្ត្រី ប្រតិ​ភូ​អម​នាយក​រដ្ឋ​មន្ត្រី ​។ លោក​អូន ព័ន្ធ​មុនី​រ័ត្ន​ បានថ្លែង​ថា សាលា​ការ៉ា​តេ​ដូ ប៊ូ​ដូ​កម្ពុជា​ គឺ​ជា​សាលា​ការ៉ា​តេ​ដូ​ មួយ​ដ៏​មាន​សារ​សំខាន់​បំផុត​នៅ​ក្នុង​ប្រទេស​ក​ម្ពុជា​ដែល​​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៨៩​ ​។ បន្ទាប់​ពី​មាន​ការ​ទទួល​ស្គាល់​ដោយ​សហ​ព័ន្ធ​ពិភព​លោក​​នៃ​សមា​គម​ការ៉ា​តេ​ជប៉ុន​នា​ពេល​នេះ​លោក​សង្ឃឹម​ថា​ សាលា​នេះ​កាន់​តែ​មាន​សក្តា​នុ​ពល​ខ្លាំង​ក្លា​នៅ​ថ្ងៃ​អនា​គត​ដែល​អាច​ជំរុញ​ឱ្យ​មាន​ការ​អភិ​វឌ្ឍយ៉ាង​ឆាប់​រហ័ស​ តាម​រយៈ​ដៃ​គូ​ ជា​ពិសេស​គឺ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​នេះ​តែ​ម្តង​ ។
លោក​អូន​ ព័ន្ធ​មុនី​រ័ត្ន បញ្ជាក់​ថា ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​គឺ​ទាម​ទារ​ឱ្យ​មាន​ការ​ដើរ​ទន្ទឹម​គ្នា​លើ​បី វិស័យ​ទើប​មនុស្ស​នោះ​ក្លាយ​ជា​ធន​ធាន​ពិតៗ​ គឺ​ទី​មួយ​ត្រូវ​អភិ​វឌ្ឍ​ផ្នែក​បញ្ញា​ស្មារតី​ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​អប់រំ​ផ្តល់​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត​ ទី​២ ត្រូវ​អភិ​វឌ្ឍ​ឱ្យ​មាន​កាយ​សម្ប​ទា​មាំ​មួន​ដើម្បី​ទទួល​បាន​ផា​សុក​​ភាព​ខ្លាំង​ក្លា​ និង​ទី​៣ ត្រូវ​អភិ​វឌ្ឍផ្នែក​​សីល​ធម៌​ សុជី​វ​ធម៌ ឱ្យបាន​ល្អ​ត្រឹម​ត្រូវ​ពីព្រោះ​​សីល​ធម៌ សុជី​វ​ធម៌​ជួយ​ឱ្យ​មនុស្ស​មាន​វិន័យ​ល្អ​ មនុស្ស​មាន​វិន័យ​ល្អ​ទើប​សំរេច​កិច្ច​ការ​បាន​ជោគ​ជ័យ ​។ សាលា​ការ៉ា​តេ​ដូ​ ប៊ូ​ដូ​កម្ពុជា​មាន​ក្លឹប​ជា​សមា​ជិក​ចំនួន​១៦​ក្លឹប​ជា​សមាជិក​ដែល​សរុប​កីឡា​ករ​ កីឡា​ការិនី​ទាំង​អស់​ជាង​៧០០​នាក់ តែ​កីឡាករ​ កីឡា​ការិនី ដែល​ចូល​រួម​នៅ​ក្នុង​ឱកាស​នោះ​មាន​តែ​ជាង​២០០​នាក់​ប៉ុណ្ណោះ​ ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment