រហូតមកទល់នឹងពេលនេះ គណបក្សរាជានិយមទាំងពីរនៅមិនទាន់រកច្រកបង្រួមចូលគ្នាបាននៅឡើយទេ។ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់លោកញ៉ឹក ប៊ុនឆៃនៅតែមិនព្រមចូលរួមបង្កើតគណបក្ស«ហ្វ៊ុនស៊ិនប៉ិច៨១»តានសំណូមពររបស់សម្តេចក្រុមព្រះទេ។
លោកញ៉ឹក ប៊ុនឆៃអគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិចបានអះអាងថាលោកមិនគាំទ្រការវិលចូលឆាកនយោបាយវិញរបស់ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិទេ ហើយក៏គ្មានជំនឿលើសមត្ថភាពបង្រួបបង្រួមអ្នករាជានិយមរបស់ព្រះអង្គដែរ។
សម្រាប់លោកញ៉ឹក ប៊ុនឆៃ ការបង្កើតគណបក្ស«ហ្វ៊ុនស៊ិនប៉ិច៨១»តាមសំណើររបស់សម្តេចក្រុមព្រះមិនខុសអ្វីពីការកាប់ឈើដើម្បីចាប់ផ្តើមសង់ផ្ទះថ្មីទាំងស្រុងនោះឡើយ។ ទាំងនេះជាហេតុផលដែលគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ក្រុមលោកញ៉ឹក ប៊ុនឆៃបដិសេធមិនព្រមរួបរួមជាមួយគណបក្សនរោត្តម រណប្ញទ្ធិក្រោមផ្លាកគណបក្ស«ហ្វ៊ុនស៊ិនប៉ិច៨១»នោះឡើយ។
លោកប៉ែន សង្ហា អ្នកនាំពាក្យគណបក្សនរោត្តម រណប្ញទ្ធិ បានអះអាងនៅថ្ងៃនេះថាវុនស៊ិនប៉ិចគួរតែផ្តល់សញ្ញាណាមួយដែលនាំដល់ការជជែកគ្នាអំពីបញ្ហានេះ។ លោកអះអាងថា សម្តេចក្រុមព្រះនៅតែបន្តបេសកកម្មបង្រួបបង្រួមអ្នករាជានិយមរបស់ព្រះអង្គដដែល ។
បើយោងតាមលោកប៉ែន សង្ហា ប្រសិនបើហ្វ៊ុនស៊ិនប៉ិចនៅតែមិនព្រមបង្រួបបង្រួមទេនោះ សម្តេចក្រុមព្រះគ្មានជម្រើសអ្វីក្រៅពីការបង្រួបបង្រួមអ្នករាជានិយមឲ្យចូលរួមក្នុងក្របខណ្ឌគណបក្សនរោត្តម រណប្ញទ្ធិនោះឡើយ។
ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិត្រូវបានជ្រើសរើសឲ្យដឹកនាំ គណបក្សដែលមានឈ្មោះរបស់ព្រះអង្គសារជាថ្មីកាលពីថ្ងៃទី១១ធ្នូបន្ទាប់ពីព្រះអង្គចាកចេញពីឆាកនយោបាយរយៈពេល២ឆ្នាំដើម្បីទទួលតួនាទីជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ។ ព្រះអង្គមានបំណងបង្រួបបង្រួម អ្នករាជានិយមប៉ុន្តែ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ក្រុមលោកញ៉ឹក ប៊ុនឆៃមិនព្រមតាមព្រះអង្គឡើយ៕
No comments:
Post a Comment