Sunday, January 30, 2011

ប្រមុខ​ការទូត​កម្ពុជា​-ថៃ​គ្រោង​ជួបគ្នា​​​នៅខេត្ត​សៀមរាប ថ្ងៃទី​៣-៤ កុម្ភៈ ខាង​មុខ

រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋ​មន្ត្រី​​ហោ​ ណាំ​ហុង ​រដ្ឋ​មន្ត្រី​​​ក្រសួងការបរទេស​​កម្ពុជា និង​លោក​រដ្ឋ​មន្ត្រី​​​​​ការបរទេស​ថៃ កាស៊ីត ភីរម្យ ​​នឹង​ជួប​ពិភាក្សា​គ្នានៅក្នុងខេត្ត​សៀមរាប ​នា​ថ្ងៃទី​​៣ និង​​៤ កុម្ភៈ ២០១១ ខាង​មុខនេះ ដើម្បីចូលរួម​​ក្នុង​កិច្ច​ប្រជុំ​លើកទី​៧នៃ​គណៈ​កម្ម​ការ​ចំរុះ​​​ស្តីពីកិច្ច​សហប្រតិបត្តិការ​​​ទ្វេ​ភាគី​​រវាង​កម្ពុជា-​​ថៃ ។ នេះបើយោង​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​​​​​របស់ក្រសួងការ​បរទេស​ចុះ​ថ្ងៃ​ទី​​២៨ មករា ២០១១ ។
សេចក្តីប្រកាស​ព័ត៌មាន​​​ដដែលបាន​​ឱ្យ​​ដឹង​ថា កិច្ចប្រជុំ​​រវាង​​ប្រមុខ​ការ​ទូត​កម្ពុជា និង​ថៃ​នា​ពេល​ខាង​មុខនេះ ធ្វើឡើងក្នុង​គោលបំណង​ដើម្បី​​​​ពង្រឹង​​ និងពង្រីក​កិច្ច​​​​សហប្រតិបត្តិការ​​លើ​គ្រប់​វិស័យ​​​រវាង​ប្រទេស​​ជាប់ព្រំដែនទាំង​ពីរ ។ កិច្ច​ប្រជុំ​​នេះធ្វើឡើង​ក្រោយ​រយៈ​ពេលតែ​ប៉ុន្មាន​​​ថ្ងៃ​ប៉ុណ្ណោះ ​ដែលស្ថាន​ការណ៍យោធា​ខ្មែរ​-​ថៃ តំបន់​​ប្រាសាទព្រះវិហារ​​​ និងតំបន់មួយ​ចំនួនទៀត​​​​មាន​ភាពតានតឹង ក្រោយពេល​​ដែលលោកនាយក​រដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត ​បានបើក​ភ្លើង​ខៀវ​ឱ្យ​​ទាហាន​ថៃ​​​ធ្វើសម​យុទ្ធ​​​នៅ​តាមព្រំដែន​​ប្រាសាទព្រះវិហារ ​ដើម្បី​​គំរាម​កម្ពុជា និង​ទាមទារ​​​​ឱ្យកម្ពុជា​​ទម្លាក់​​ទង់ជាតិរបស់ខ្លួន​ដែលបាន​បង្ហូត​​នៅលើ​វត្ត​កែវ​​សិក្ខាគិរីស្វារៈ​​​​ក្នុងទឹកដី​​​របស់​​កម្ពុជា​ស្រប​ច្បាប់​​នោះ ហើយក៏ត្រូវ​​ទទួល​ការឆ្លើយតប​​​ពីកម្ពុជា​​​ដោយប្រកាស​ប្រឆាំង​​​​យ៉ាងម៉ឺង​ម៉ាត់​​មក​វិញ​​ដើម្បី​​ការពារ​អធិប​តេយ្យ​​​ភាព​ បូរណភាព​ទឹកដី​​ដែល​កម្ពុជា​​មាន​ពេញលេញ ៕​

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment