Sunday, January 30, 2011

កត្តា​ចាំ​បាច់​របស់​កម្ពុជា​ គឺ​ត្រូវ​ការ​អ្នក​ប្រមូល​ទិញ​ និង​កែ​ច្នៃ​អង្ករ​នាំ​ចេញ

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​លោកអ៊ាង សុ​ផល្លែត​​ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​មួយ​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រីកាល​​ពីរសៀល​ថ្ងៃ​ទី២៩​ ខែមករា​ ​នៅ​ភូមិគ្រឹះ​ក្បែរ​វិមាន​​​ឯករាជ្យ ​លោក​ YANG QINGCAI​ ​ប្រធាន​​ការិយាល័យ​សំរប​សំរួល​អភិវឌ្ឍ​កសិ​កម្ម​ខេត្ត​ JILIANG ​និង​ជា​ប្រធាន​សមាគម​​កសិ​ឧស្សាហ​កម្ម ​និង​ជា​អតីត​អភិបាល​រង​​ខេត្ត​ JILIANG បានជំរាបសម្តេចតេជោនាយក រដ្ឋមន្រ្តីថា ដំណើរទស្សនកិច្ចរបស់ប្រតិភូរបស់ លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេល នេះគឺដើម្បីសហការជាមួយកម្ពុជាទៅលើបញ្ហា​ស្រូវ។
លោក YANG បានជំរាបជូនសម្តេច​តេជោ​នាយករដ្ឋមន្រ្តីថា ប្រតិភូដែលមាន​វត្ត​មានទាំង​អស់នៅទីនេះគឺមានក្រុមហ៊ុនមួយដែលមាន ជំនាញលើការទិញស្រូវ កែច្នៃផលិតផលស្រូវ និង​មានបទពិសោធន៍លើវិស័យកសិកម្ម ប្រព័ន្ធ​ធារាសាស្រ្តក្នុងបំណងនាំមកនូវបទពិសោធន៍ ដែលប្រទេសចិនឆ្លងកាត់រយ:ពេល​៣០​ឆ្នាំ​ក្នុង​ការអភិវឌ្ឍលើវិស័យកសិកម្មមកចូល​រួម​ចំណែកវិនិយោគនៅក្នុងព្រះរាជា ណាចក្រ​កម្ពុជា ។ ​លោកស្នើសុំការសិក្សាពីសម្តេច តេជោនាយករដ្ឋមន្រ្តីលើវិស័យកសិកម្ម។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋ មន្រ្តី ហ៊ុន សែន បានស្វាគមន៍ ហើយក៏​ជំរាបជូន​ប្រតិភូថាវិស័យកសិកម្មគឺជាវិស័យ​អាទិ​ភាព​របស់ព្រះរាជាណាចក្រកម្ពុជា ហើយជាវិស័យ មួយជួយកម្ពុជាឲ្យមានកំណើនសេដ្ឋកិច្ចផង និងជួយដល់កម្ពុជាឲ្យបានឆ្លងផុតអំពីវិបត្តិ​ហិរញ្ញវត្ថុពិភពលោកកន្លងមកផង។ វិស័យ​កសិកម្ម​ជួយដល់កម្ពុជាកាត់បន្ថយភាពក្រីក្របាន​ជាង​១%ក្នុងមួយឆ្នាំ។
សម្តេច​តេជោ​ថ្លែង​ថា វិស័យកសិកម្មនៅព្រះ រាជាណាចក្រកម្ពុជានៅពេលនេះមានភាពទន់ ខ្សោយគឺដោយ​សារ​កង្វះខាតលើវិស័យធា រាសាស្រ្ត ប្រព័ន្ធស្រោចស្រពដើម្បីជាកត្តាជំរុញ​ឲ្យ​មានការដាំដុះនិងមានផលកាន់តែខ្លាំង​ឡើង​​។ ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្ត្រីស្នើឲ្យក្រុមហ៊ុនពិចារណាដាក់ទុនវិនិយោគលើវិស័យកសិ​កម្ម​។ សម្តេចមាន​ប្រសាសន៍ថា កម្ពុជា​កំពុងស្ថិត​នៅក្នុងស្ថានភាពដែលមានមាសពុំមានក្រដាសខ្ចប់ នោះគឺកម្ពុជា​នៅសល់ស្រូវដែ​លអាច​នាំ​ចេញ​បាន​ ហើយសូមឲ្យប្រតិភូទាំងមូលចូល​រួម​ជា​ជំហានដំបូងវិនិយោគនៅកម្ពុជា​ទៅលើការ​ប្រមូលទិញនិងការកែច្នៃអង្ករស្រូវដើម្បីនាំចេញ ដែលជាកត្តាចាំបាច់របស់កម្ពុជានៅពេលនេះ ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment