Sunday, January 16, 2011

លោក​ឧបនាយរដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង ​ដឹកនាំ គណៈ​ប្រតិភូ​​អញ្ជើញ​​​ចូលរួម​កិច្ច​ប្រជុំ​​​​រដ្ឋ​មន្ត្រី​​ការបរទេស​​អាស៊ាន ​នៅ​ឥណ្ឌូ​ណេស៊ី

រាជធានីភ្នំពេញ ៖ ​តាម​ការអញ្ជើញ​​​​​របស់លោក​​បណ្ឌិត​​ រ.ម. ម៉ាទី ម. ណា​​តា​ឡេ​ហ្គា​វ៉ា (Dr. R.M. Marty M. Natalegawa) រដ្ឋ​មន្ត្រី​​​​ការ​បរទេស​​នៃសាធារណ​រដ្ឋ​​​ឥណ្ឌូណេស៊ី លោក​​ឧបនាយករដ្ឋ​មន្ត្រីហោ ណាំហុង ​រដ្ឋ​មន្ត្រី​​ការបរទេស ​និង​សហប្រតិបត្តិការ​​​អន្តរជាតិ​​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ដឹកនាំ​​គណៈ​ប្រតិ​ភូ​​អញ្ជើញ​​ទៅចូលរួម​កិច្ចប្រជុំ​​​រដ្ឋ​មន្ត្រី​​​ការ​បរទេស​​​​អាស៊ានមិន​ចំហ ដែល​​​ប្រព្រឹត្ត​ទៅ​​​​​នា​ថ្ងៃ​​​ទី​១៥ ដល់​​១៧ ​មករា ២០១១ ​នៅឡុបុក សាធារណ​រដ្ឋ​​ឥណ្ឌូណេស៊ី ។
កិច្ចប្រជុំ​ខាងលើនេះ ​នឹង​ពិភាក្សា​​​លើ​បញ្ហា​​​មួយ​ចំនួន​រួម​មាន ការ​ផ្លាស់ប្តូរ​​ទស្សនវិស័យ​​​អំពី ​បញ្ហា​​អន្តរជាតិ​​ និង​ក្នុង​តំបន់ ​ការ​កសាង​សហ​គមន៍​​​អាស៊ាន ​កិច្ចប្រជុំ​​កំពូលអាស៊ី-បូព៌ា និង​​ការ​​តភ្ជាប់​​សហគមន៍​​​អាស៊ាន ។ ក្រៅ​ពី​កិច្ច​ប្រជុំ​​​​រដ្ឋ​មន្ត្រី​​​ការបរទេស​​​អាស៊ាន​​មិន​ចំហ​នេះ នឹងមាន​កិច្ច​ប្រជុំ​​ពិសេស​មួយ​​នៃ​​​ក្រុម​​ប្រឹក្សា​​សំរេច​​សំរួល​​អាស៊ាន ដើម្បី​ត្រួត​​ពិនិត្យ​​​ឡើងវិញ​​នូវការ​អនុវត្ត​​​​ផែនការ​មេ ​ស្តីពី​ការ​​ត​ភ្ជាប់​​​សហគមន៍អាស៊ាន ​ដែលត្រូវ​​បានអនុម័ត​​ដោយ​អ្នកដឹកនាំ​​អាស៊ាន ​កាលពីខែ​​តុលា ឆ្នាំ​​២០១០ ​និង​អនុម័ត​​លក្ខខណ្ឌ​​ប្រតិបត្តិ​​​នៃគណៈ​​កម្មការ​​​សំរប​សំរួល​​ការ​តភ្ជាប់​​អាស៊ាន ។​
លើសពីនេះ លោក​​ឧប​នាយករដ្ឋ​​មន្ត្រី​​ហោ​ ណាំ​ហុង ​នឹង​​​ជួបពិភាក្សា​​ទ្វេ​ភាគី​ជាមួយ​​លោក​បណ្ឌិត រ.ម. ម៉ាទីម. ណាតា​ឡេ​ហ្គាវ៉ា រដ្ឋ​មន្ត្រី​​​​ការ​បរទេស នៃសាធារណរដ្ឋ​​​ឥណ្ឌូណេស៊ី និង​លោក​​​បណ្ឌិត​​ស៊ូរិន ​ពិត​សុវណ្ណ (Surin Pitsuwan) អគ្គ​លេខាធិការ​​​អាស៊ាន​​ផងដែរ ៕​

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment