Sunday, January 16, 2011

ឯកអគ្គរដ្ឋទូតគោរចរអាមេរិក នឹងជួយស្វែងរកថវិកាគាំទ្រ អ.វ.ត.ក លើករណីសំណុំរឿងលេខ ០០២

 លោក ស្ដេហ្វិន រ៉េប (Stephen Rap)ឯកអគ្គរដ្ឋទូតគោរចរនៃសហរដ្ឋអាមេរិក បានជម្រាប ជូន ឯកឧត្ដម បណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីថា លោក នឹងជួយ កៀងគរ ស្វែងរកថវិកា អ្នកជួយឱ្យដំណើរការ នៃសវនាការរបស់អង្គជំនុំជម្រះ វិសាមញ្ញ ក្នុង តុលាការកម្ពុជា (អ.វ.ត.ក) លើករណីសំណុំរឿង លេខ ០០២ មានដំណើរការល្អ ។

     នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម បណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ទទួលបន្ទុក ទីស្ដី ការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១១ នៅរាជធានីភ្នំពេញ លោកស្ដេហ្វិន រ៉េប (Stephen Rap) ឯកអគ្គរដ្ឋទូតគោរចរនៃសហរដ្ឋអាមេរិក បានមានប្រសាសន៍វាយ តម្លៃខ្ពស់ ចំពោះជោគជ័យ ដែល អ.វ.ត.ក សម្រេច បានលើករណី លេខ ០០១ (ការកាត់ទោស កាំង ហ្គេចអ៊ាវ ហៅ ឌុច អតីតមេដឹក នាំគុកទួលស្លែង ) ហើយបានចាត់ ទុកថា ការចាប់ផ្ដើមសវនាការរបស់ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការ កម្ពុជា (អ.វ.ត.ក)លើករណីសំណុំរឿងលេខ ០០២ គឺជា ព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រក្នុង ប្រព័ន្ធ យុត្ដិធម៌ អន្ដរជាតិ ។

     លោក ស្ដេហ្វិន រ៉េប (Stephen Rap) បានមានប្រសាសន៍ថា សវនាការ របស់ អ.វ.ត.ក លើករណី សំណុំ រឿងលេខ០០២ (ការកាត់ទោសមេដឹកនាំជាន់ខ្ពស់បំផុត នៃរបបខ្មែរក្រហម ) មិនត្រឹមតែ បានរួម ចំណែកជួយ រកយុត្ដិធម៌ ជូនប្រជាពល រដ្ឋខ្មែរប៉ុណ្ណោះទេ តែជាឧទាហរណ៍ ដ៏មានសារៈ សំខាន់សម្រាប់ ពិភពលោកផងដែរ ។

      ឯកអគ្គរដ្ឋទូតគោរចរនៃសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា អ្វីដែលជាមរតករបស់ អ.វ.ត.ក ដែល កើត ឡើងដោយការសហការគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ គឺ ទី ១- ជួយបង្កើតឱ្យ មានធនធាន មនុស្សក្នុងការងារស្វែងរកយុត្ដិធម៌ក្នុងកម្រិតអន្ដរជាតិ ។ ទី២- កសាងបាន នូវឯកសារស្ដីពី ការ ប្រព្រឹត្ដឧក្រិដ្ឋកម្ម សង្គ្រាម នឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅកម្ពុជា ។ ទី៣-បង្ហាញពីបទពិសោធន៍ នៃកិច្ច សហប្រតិបត្ដិការល្អ រវាង អ.វ.ត.ក និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា បទពិសោធន៍សម្រាប់ប្រព័ន្ធ យុត្ដិធម៌ ក្នុងតំបន់ និងពិភពលោកផង ដែរ ។

     មានប្រសាសន៍ក្នុងជំនួបនោះដែរ ឯកឧត្ដម បណ្ឌិត សុខ អាន បានចាត់ទុកដំណើរ ទស្សនៈកិច្ច ការងារ នៅព្រះរាជាណាចក្រកម្ពុជា របស់ លោក ស្ដេហ្វិន រ៉េប លើកនេះ គឺមានភាពវិជ្ជមាន ស្របពេលដែល អ.វ.ត.ក ត្រូវបញ្ចប់នៅ ពេលឆាប់ៗខាងមុខនេះ នៅករណីសំណុំរឿងលេខ ០០១ ហើយចាប់ផ្ដើមបន្ដករណីសំណុំរឿង លេខ ០០២ បន្ដទៀត ។

     ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍បញ្ជាក់ថា ការបើកសវនការកាត់ទោសមេដឹកនាំ ជាន់ខ្ពស់ បំផុត នៃអតីតរបបខ្មែរក្រហម ក្នុងករណីសំណុំរឿងលេខ ០០២ គឺជាការងារជាប្រវត្ដិសាស្ដ្រ និងជា បេះដូងនៃ អ.វ.ត.ក  ឯកឧត្ដម បណ្ឌិត សុខ អាន ក៏បានមានប្រសាសន៍ថ្លែងអំណរ គុណដល់ លោក ជំទាវ ហ៊ីលឡារី គ្លិនតុន រដ្ឋមន្ដ្រីក្រសួង ការបរទេសសហរដ្ឋអាមេរិក ដែលក្នុង ដំណើរទស្សនៈកិច្ចនៅកម្ពុជា នាពេលកន្លងមកនេះ បានចាប់អារម្មណ៍ និងវាយ តម្លៃជាវិជ្ជមាន ចំពោះដំណើរការរបស់ អ.វ.ត.ក លើសំណុំ រឿងលេខ ០០២ ។

     សូមបញ្ជាក់ថា កាលពីថ្ងៃទី ៣១  ខែមីនា ឆ្នាំ២០១០ កន្លងមកនេះ  ក្នុងសន្និសិទ្ធកាសែតនៅ ស្ថានទូត អាមេរិក ក្នុងប្រទេសកម្ពុជា លោក ស្ដេហ្វិន រ៉េប បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលអាមេរិកបានសម្រេច ផ្ដល់ជំនួយ ៥លានដុល្លារ អាមេរិក សម្រាប់ អ.វ.ត.ក  ក្នុងដំណើរការនៃករណីសំណុំរឿងលេខ ០០២ ។/

No comments:

Post a Comment