Sunday, January 16, 2011

វិចារណកថា ៖ មិនមែនជា​មតិ​រិះគន់​ដើម្បី​ស្ថាបនា តែ​ជាការ​ជេរប្រមាថ​របស់​ជន​អគតិ​ប្រេត ដា​អាម

វិចារណកថា ៖ មិនមែនជា​មតិ​រិះគន់​ដើម្បី​ស្ថាបនា តែ​ជាការ​ជេរប្រមាថ​របស់​ជន​អគតិ​ប្រេត ដា​អាម

ដោយ​ ៖ អាចារ្យ កេ​ត
ថ្ងៃទី 16-01-2011 ម៉ោង 08:48:32
ក្នុង​សបា្ដហ៍​នេះ ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អាស៊ី-ប៉ាស៊ីហ្វិក លោក ប្រេត អាដាម បាន​បើក​ការវាយប្រហារ​យ៉ាងខ្លាំង​សម្បើម​មកលើ​ប្រមុខ​ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្ដោត​ចោទប្រកាន់ខ្លាំងៗអំពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ក្រាញ​កាន់អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា។ ការរិះគន់​នេះ​ធ្វើឡើង​នៅ​ចំពេល រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​សេចក្ដី ព្រាងច្បាប់​ស្ដីពី​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​សមាគម​ពាក់ព័ន្ធ​នានា​ពិនិត្យ​ពិចារណា​និង​ផ្ដល់​អនុសាសន៍​លើ អត្ថបទ​ខ្លឹមសារ​នៃ​ច្បាប់​ថ្មី​មួយ​នេះ។ ប្រតិកម្ម​របស់​អាដាម​នេះ ក៏​ធ្វើឡើង​នៅ ក្រោយ​គណបក្សប្រឆាំង​សម រង្ស៊ី កំពុង​ទន់ដៃទន់ជើង​ក្នុងការ​ប្រតិដ្ឋ​រឿង​ចោទ​រាជ រដ្ឋាភិបាល​កម្ពុជា​អំពី​បញ្ហា​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម​ដែល​គ្មាន​ភស្ដុតាង ជាក់លាក់​នោះដែរ ។
តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ​បរទេស​ជា​ខេមរភាសា លោក​ប្រេត អាដាម ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី-ប៉ាស៊ីហ្វិក​បាន​រិះគន់​យ៉ាងខ្លាំង ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​ថា​បាន​និង​បន្ដ នយោបាយ​ផ្ដាច់ការ​នៅ​ប្រទេស​កម្ពុជា ។ ការអធិប្បាយ​វែក​កំហុស​របស់លោក អាដាម​មកលើ​ថ្នាក់ដឹកនាំកំពូលៗរបស់​រាជរដ្ឋាភិបាល​កម្ពុជា​លើក​នេះ បាន​ប្រើ ពាក្យពេចន៍​ដូច​គណបក្សប្រឆាំង​ធ្លាប់​និង​កំពុង​ប្រើ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ដែរ ដែលមាន​លក្ខណៈថ្លោសៗគ្រោតគ្រាត មើល​តែ​មេដឹកនាំ​ខ្មែរ​ទាំងនោះ​ជាស​ត្រូវ សួ​ពូជ​របស់លោក​អាដាម​ជាប់​ច្រើន​រយ​ជាតិ​មកហើយ ។ តើ​ហេតុអ្វី​បានជា លោក​ប្រធាន​ឃ្លាំមើល​សិទ្ធិមនុស្ស​មាន​ពាក្យ​ច្រឡោងខាម​ទទឹងទិស​មកលើ​មេ ដឹកនាំ​ខ្មែរ​យ៉ាងនេះ? តាមមើល​រាជរដ្ឋាភិបាល​ហាក់​ពុំមាន​រឿងរ៉ាវ​អ្វី​ធំដុំ​ទាក់ទង នឹង​លោក​អាដាម​នៅពេលនេះ​ទេ ។
បើ​ពិនិត្យ​លើ​បុគ្គល​អាដាម​នេះ គឺ​គាត់​បាន​ចងអាឃាត​ប្រទូស្ដ​រ៉ា​យ​ចំពោះ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​យូរ​ឆ្នាំ​មក ហើយ ដោយ​មកពី​លោក​មាន កំហុស​ច្រើន​ពេល​នៅ​ធ្វើការ​ក្នុងប្រទេស​កម្ពុជា​ពីមុន ហើយ​រាជរដ្ឋាភិបាល ឈប់​ស្វាគមន៍​វត្ដ​មាន​គាត់​នៅ​នឹង​កម្ពុជា​តទៅទៀត ។ ដូច្នេះហើយ​នៅពេលនេះ ខណៈដែល​ដៃគូ​ប្រឆាំង​របស់គាត់​នៅ​កម្ពុជា​មានដូចជា​គណបក្ស​សម រង្ស៊ី​ជាដើម ដែល​កំពុង​លិចលង់​ផុតដៃផុតជើង​ក្នុង​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ការ ប្រឆាំង​ដ៏​សែន​បរាជ័យ​លើ​បញ្ហា​បោះបង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ក្នុងពេលថ្មីៗកន្លងមកនេះ ញុំាង​ឱ្យ​លោក​អាដាម​ស្ទើរ​ក្អួត​ឈាម​ស្រស់ ទើប​គាត់​ចាំបាច់​ត្រូវ​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​វាយប្រហារ​រាជរដ្ឋាភិបាល​ទាំង​ទទឹង ទិស​យ៉ាងនេះ ដើម្បី​ជួយ​លុបដាន​បរាជ័យ​ដ៏​សែន​អាម៉ាស​របស់​គណបក្សប្រឆាំង។ មកដល់​ចំណុច​នេះ យើង​គួរ​រំលឹក​បន្ដិច​ថា កាលពី​ពាក់​កណ្ដាលខែ​មុន (ឆ្នាំ២០១០) មន្ដ្រី​គណបក្ស​សមរង្ស៊ី​មួយ​ហ្វូង​បាន​ចុះ​ពិនិត្យ​បង្គោលព្រំ​ដែនកម្ពុជា-វៀតណាម  នៅ​ស្រុក​មេមត់ ខេត្ដ​កំពង់ចាម ហើយ​បាន​អះអាង​យ៉ាង​ឧឡា​រិ​កថា ការបោះ បង្គោល​ព្រំដែន​នៅ​ទីនោះ ធ្វើឱ្យ​ភូមិ​ចំនួន១៤ របស់​កម្ពុជា​ចូលទៅក្នុង​ទឹកដី​វៀតណាម (គឺ​បាត់​ភូមិ​ខ្មែរ​ចំនួន១៤)។ ក្រុមប្រឆាំង​បាន​ប្ដេជ្ញា​ធ្វើ​របាយការណ៍​នេះ​ជូន​រដ្ឋាភិបាល កម្ពុជា​ដើម្បី​ជាការ​តវ៉ា​ឱ្យ​ពិនិត្យ​ការបោះបង្គោល​ឡើងវិញ។ ប៉ុន្ដែ​រហូតមកទល់ ពេលនេះ ក្រុម​នេះ​ពុំទាន់​បង្ហើយ​របាយការណ៍​នៅឡើយ ដែល​តាម​សេចក្ដី​ឱ្យការណ៍ ពី​ប្រភព​មួយ​ថា ក្រុមប្រឆាំង​មិនមាន​ភស្ដុតាង​ជាក់លាក់​តាម​ដូច​ការស្រែក ចោទ​របស់​ពួកគេ​នោះឡើយ ។ ដូច្នេះ ប្រតិកម្ម​របស់លោក​អាដាម​ក្នុង ពេលនេះ វា​អាចជា​ការជួយ​បង្វិល​ទិស កុំឱ្យ​មាន​ចំណាប់អារម្មណ៍​ពី​សាធារណជន​លើ​រឿង សាំំ​ញុំាភូតកុហក​របស់​ក្រុមប្រឆាំង​នោះ ។
រឿង​បន្ទាប់​មួយទៀត​គឺ បច្ចុប្បន្នកាល រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​កំពុង​ជួយ​គ្នា​ក្នុងការ​តាក់ តែង​ច្បាប់​ស្ដីពី​អង្គការ​សមាគម ក្រៅ​រដ្ឋាភិបាល​ដែល​ក្នុង​គោលបំណង​ឱ្យ​អង្គការ​សមាគម​ទាំងអស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​សកម្មភាព​នានា​ឋិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់។ គោលបំណង​នេះ មិនជា​អាក្រក់​ប្រាសចាក​ពី​គន្លង​គ្រប់គ្រង​តាមបែប​នីតិរដ្ឋ​ដូច​បណ្ដា​ប្រទេស​នៅ លើ​សកលលោក​ទេ, ប៉ុន្ដែ​ក្រុមប្រឆាំង​និង​រាប់ទាំង​អាដាម​ផង បាន​យល់​ផ្ទុយ​ឆ្វេង ថា​ជា​វិធាន​នៃ​ការ​រឹតបន្ដឹង​ដាក់​កំហិត​បេសកកម្ម​របស់​អង្គការ សមាគម​ក្រៅ រដ្ឋាភិបាល​ទៅវិញ ។ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក ក៏មាន​កង្វល់​អំពី​ច្បាប់ ថ្មី​មួយ​នេះ ហើយ​បាន​អំពាវនាវ​កម្ពុជា​តាក់តែង​ច្បាប់​ឱ្យស្រប​តាម​បទដ្ឋាន និយាម​អន្ដរ ជាតិ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​របស់​អង្គការ សមាគម​ក្រៅ រដ្ឋាភិបាល​នានា​នៅ​កម្ពុជា ។ ដោយ​ទំនងជា​បញ្ហា​តាក់ តែង​ច្បាប់​ថ្មី​នេះ ទើប អាដាម​ចេញមុខ​បរិហារ​ថ្កោលទោស​ប្រមុខ​ដឹកនាំ​កម្ពុជា​នៅពេល​នេះដែរ ហើយ មិនមែនជា​ការ បង្ហាញ​ទស្សនៈ​របស់គាត់​ដើម្បី​ទាញ​តម្រង់​ច្បាប់​ឱ្យ​ត្រឹមត្រូវ​ល្អ ជា​ទេ តែ​ជាការ​ជេរ​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាងខ្លាំង​ទៅ វិញ ។ គាត់​នេះ​អះអាង​យ៉ាង ដាច់​សាច់​ថា អំណាច​នៅ​កម្ពុជា​ប្រមូលផ្ដុំ ទៅលើ​ជន​ផ្ដាច់ការ​មួយ​ក្ដាប់ និង​ថា អ្នកកាន់ អំណាច​យូរ​ជា​ជន​ពុករលួយ​ផ្ដាច់ការ ត្រូវតែ​ចុះចេញ​ពី​តំណែង​ជាដើម ។
ការចេញមុខ​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា​ទាំង​កម្រោល៤ជ្រុង​ពី​សំណាក់ លោក​អាដាម ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អាស៊ី-ប៉ាស៊ីហ្វិក​នៅពេលនេះ វា​កើតឡើង​ដូចជា​តក់ក្រហល់​អន្ទះសា​ហួសហេតុ​ណាស់ ។ ស្ដាប់​ប្រតិកម្ម​របស់ អាដាម​តាំងពីដើម​ទល់​ចប់​ក្នុង​បទសម្ភាសន៍​មួយឈុត​ជាមួយ​បណ្ដាញ​ផ្សព្វផ្សាយ បរទេស​នៅ​សបា្ដហ៍​នេះ គេ​នឹក​គិតថា​គាត់​នេះ​ទំនង​ជាមាន​គំនុំ​បុគ្គល​យ៉ាង ជ្រាលជ្រៅ​ជាមួយ​មន្ដ្រី​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ជាជាង​ការផ្ដល់ មតិ​ដើម្បី​កែលម្អ​រាជរដ្ឋាភិបាល​ឱ្យ​ស្របតាម​នីតិវិធី ពីព្រោះ​គ្រប់​សំដី​របស់គាត់ គឺ​សុទ្ធតែជា​សំដី​ទោសៈ​ហិង្សា​ជេរ​បញ្ចោរ​ព្យាបាទ​តែ​ទៅលើ​ថ្នាក់ដឹកនាំ​កម្ពុជា ប៉ុន្មាន​នាក់ខាងលើៗ ដោយ​ពុំមាន​មួយ​ម៉ាត់​ណា​សមរម្យ​សម្រាប់​យក​ធ្វើជា​គតិ បានឡើយ ។ ទោះយ៉ាងណា​ប្រតិកម្មឆ្កួតៗខុស​ទំនង​បែបនេះ វា​ជា​អំពើ​បន្ថោក បន្ទាប​ខ្លួនឯង​របស់​លោក​អាដាម​តែប៉ុណ្ណោះ, ឯ​កម្ពុជា​វិញ​ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ដ​នយោបាយ​កសាង​និង​ការពារជាតិ​មាតុភូមិ របស់ខ្លួន​ជា​ប្រក្រតី ដោយ​ពុំ​ខ្វល់​នឹង​ក្រុម​អគតិ​នានា​ដោយ​រាប់ទាំង​លោក​អាដាម ផង​នោះឡើយ

No comments:

Post a Comment