Thursday, January 27, 2011

ព្រមព្រៀង​រុះរើ​ស្លាក​រៀងខ្លួន តំបន់​ប្រាសាទព្រះវិហារ​​ឡើង​កំ​ដៅ​មួយ​ឈុត បាន​វិល​ត្រលប់​រក​ប្រក្រតី​ភាព​វិញ


ប្រាសាទព្រះវិហារ ៖ ស្ថានការណ៍​យោធា​ខ្មែរ​-​សៀម​នៅ​តំបន់​ប្រាសាទព្រះវិហារ​ដែល​មានការ​ស្ងប់ស្ងាត់​មួយរយៈពេល​កន្លង​មកនេះ​បាន​រំកិល​ទៅ​រក​ភាព​តានតឹង​សា​ជា​ថ្មី​ម្ដងទៀត​នា​​ព្រឹក​ថ្ងៃ​ទី២៦ មក​រា ​បន្ទាប់​ពី​ទាហាន​ប៉ា​រ៉ា និង​ឈុត​ខ្មៅ​របស់​សៀម​ចំនួន២៦នាក់​ប្រដាប់​ដោយ​អាវុធ​ត្រូវ​បាន​បញ្ជូន​មក​កាន់ខ្សែ​ត្រៀម​ជួរ​មុខ​ចំណុច​សំបុក​ឃ្មុំ​ទល់មុខ​វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ​របស់​ខ្មែរ និង​ជា​ទី​កន្លែង​យោធា​​ទាំង​ពីរ​​យល់​ព្រម​កែសម្រួល​កំលាំង​ទ័ព​ទាំង​សងខាង​រួច​ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។ ទា​ហាន​​សៀម​ទាំង​នោះ​បាននាំ​ទាំង ស្លាក​សញ្ញា​មួយ​ផ្ទាំង​ធំសរ​សេរ​អក្ស​រសៀម​​ និង អង់​គ្លេស​ពីក្រោមមក​បោះ​នៅ​ទីនោះ​ផងដែរ។
ការ​កំរើក​នូវ​ភាព​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​​ប្រា​សាទព្រះ​វិហា​នេះ​ កើតឡើងក្រោយ​ពេល​រដ្ឋាភិ​បាល​របស់​លោក​អា​ភី​ស៊ី​ត​ស្នើ​ឱ្យ​ប្រទេស​កម្ពុជា​​រុះរើ​ស្លាក​មួយ​ផ្ទាំង​ដែលឆ្លាក់​នៅ​លើ​ថ្ម​មុខ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ចេញដោយ​អះ​អាង​ថា​ ទីនោះ​ស្ថិត​ក្នុង​តំបន់​ជម្លោះ៤,៦គីឡូ​ម៉ែត្រក្រឡា និង​ព្រ​មាន​ប្រើ​កំលាំង​ទ័ព​ចូល​មក​រុះរើ​បើ​កម្ពុជា​មិន​យល់ព្រម​តាម​ការ​ទាមទា​របស់​ខ្លួន​ទេ។
មន្ដ្រី​យោធា​ខ្មែរ​មួយ​រូប​ដែល​ឈរជើង​ការ​ពារ​នៅ​ខ្សែត្រៀម​ជូរ​មុខ​តំបន់​ប្រាសាទ​ព្រះ​វិហារ​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី២៦ មករា ថា​នៅ​វេលា​ប្រមាណ​ជាង៨ព្រឹក​ទា​ហាន​សៀម​ចំនួន២៦នាក់​ ក្នុង​នោះឈុត​ប៉ា​រ៉ា២២​នាក់​​និងឈុត​ខ្មៅ​ចំនួន​៣នាក់ និង​ស៊ី​វិល​១​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​ព្យាយាម​ត្បុ​លចូល​មក​កៀក​ខ្សែ​ត្រៀម​​ជួរ​មុខ​របស់​យោធា​ខ្មែរ​នៅ​ចំណុចសំបុក​ឃ្មុំដោយ​​នាំ​មក​ជាមួយ​ស្លាក​សញ្ញាសរ​សេរ​អក្សរ​មួយ​ផ្ទាំង​ធំ​មក​បោះ​នៅ​ទីនោះ​ផង ដើម្បី​បង្ខំ​ឱ្យ​កម្ពុជា​រុះរើ​​ផ្ទាំងថ្ម​នៅ​មុខ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ចេញ។ សកម្ម​ភាព​នោះ​បង្កើត​ឱ្យ​មានការ​តានតឹង​ប្រុង​ និង​ផ្ទុះអាវុធ​សា​ជា​ថ្មី​​ទៀត​ផង។ ស្លាក​សញ្ញា​ដែល​យោធា​សៀម​យក​មក​បោះ​នៅ​ចំណុច «សំបុក​ឃ្មុំ» ​នោះ​ គេ​ពុំ​បាន​ទំលាយ​ឱ្យ​ដឹង​ពី​អត្ថន័យ​នៅឡើយ​ទេ ដោយ​​គ្រាន់តែ​ដឹង​ថា​សរ​សេរ​ដោយ​អក្ស​រសៀម ហើយ​ទំនងជា​មាន​ន័យ​បាញ់​ឆ្ពោះទៅ​រក​ស្លាក​សញ្ញាដែល​កម្ពុជា​ឆ្លាក់​នៅ​លើ​ផ្ទាំង​ថ្ម​ក្នុង​វត្ដ​ក្បែរ​នោះ​។
មន្ដ្រី​យោធា​ដដែល​បញ្ជាក់​ថា ​​កំលាំង​ជួរ​មុខ​គ្រប់​ខ្សែត្រៀម​ទាំងអស់​ត្រូវ​បាន​ចូល​លេណ ដ្ឋាន​តាម​បទបញ្ជា​របស់​មេបញ្ជាការ​រៀង​ៗ​ខ្លួន​ដោយ​នៅ​ផ្នែក​ខាងក្រោយ​ណែន​ណាន់​តាន់តាប់​ទៅ​ដោយកងកំលាំង ​និង​អាវុធ​ធំ​តូច ដើម្បី​ត្រៀម​លក្ខណៈ​ទប់ទល់​ជាមួយ​យោធា​សៀម​ដែល​កំពុង​ព្យាយាម​រំលោភ​មកលើ​ទឹកដី​កម្ពុជា​សា​ជា​ថ្មី​នេះ​។​ ទោះជា​យ៉ាងណាក្តី ​ភាព​តានតឹង​ផ្នែក​យោ​ធា​​​ត្រូវ​បាន​រសាយ​ទៅ​វិញ​នៅ​ត្រឹម​វេលា​ថ្ងៃ​ត្រង់ ក្នុង​ថ្ងៃ​ដដែល ​បន្ទាប់​ពី​មេបញ្ជាការ​យោធា​ប្រចាំ​តំបន់​ទាំង​សងខាង​បាន​ជួបប្រជុំ​គ្នាជាបន្ទាន់​​នៅ​​ក្នុងវត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ​របស់​ខ្មែរ ដើម្បី​​ចរចា​គា្ន។ ​ភាគី​កម្ពុជា​ដឹក​នាំ ដោយ​លោកនាយ​ឧត្ដម​សេនី​យ៍ផ្កាយ៤ ជា តារា អគ្គ​មេ​ប​ញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​លោក​ឧត្ដម​សេ​នីយ៍​ទោ​ ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្ដរា​​គម​ន៍​លេ​ខ៣ដែលកំពុង​គ្រប់គ្រងកំលាំងទ័ព​ការពារ​ព្រំដែន​ទិស​សមរភូមិ​ប្រា​សាទ​ព្រះ​វិហារ​។ ចំណែក​ភាគី​សៀម​ដឹកនាំដោយ​ឧត្ដ​មសេនីយ៍ 
ថា​វ៉ា​ត​ឆៃ សមុទ​សា​ខន មេបញ្ជាការភូមិភាគ​២​សៀម។ នៅ​ក្នុង​ជំនួប​បន្ទាន់​នោះ​ភាគី​កម្ពុជា​បាន​យល់ព្រម​រុះរើ​ស្លាក​សញ្ញា​មួយ​ផ្ទាំង​ចេញពី​វត្ដ​កែវ​សិក្ខា​គិរីស្វា​រៈ​ដែល​ឆ្លាក់​ជា​អក្ស​រខែ្មរ ឯភាគី​យោធា​សៀម​ក៏បាន​យល់ព្រម​រុះរើ​ស្លាក សញ្ញា​ដែល​ខ្លួន​នាំ​មក​ជាមួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មករា នោះចោល​ដែរ​។
លោក​ឧត្ដម​សេនីយ៍ទោ ​ស្រី ឌឹ​ក មេ​បញ្ជា​ការ​កងពលធំ​អន្ដរាគម​ន៍​លេខ៣ និង​លោក នាយ​ឧត្ដម​សេនី​យ៍ផ្កាយមាស៤ជា តារា អគ្គ​មេ​ប​ញ្ជាការ​រង​កង​យោធពល​កង​ខេមរភូមិន្ទមិន​បាន​ធ្វើ​អធិប្បាយ​ឆ្លើយ​តប​ចំពោះ​ស្ថានការណ៍​យោធាដែលមានការប្រែប្រួលដ៏ឆាប់រហ័សនេះទេ។
លោក​អា​ភី​ស៊ី​ត ត្រូវ​បាន​ស្រង់​សំដី​យក​មក​ចុះ​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុ​ស្ដិ៍កាលពី​ថ្ងៃ​ទី ២៤​ មក​រា ​កន្លង​ទៅ​ថា «ស្លាក​អក្ស​រដែល​ចោទប្រកាន់​ទាហាន​សៀម​ចូល​ឈ្លានពាន​ទឹកដី​ខ្មែរ​នោះ​ គឺ​គេ​បាន​ដាក់​នៅ​ខាង​មុខ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ជា​តំបន់​មាន​ជម្លោះព្រំដែន​ទំ​ហំ​៤,៦គីឡូ​ម៉ែត្រការ៉េនៅ​ជិ​តប្រាសាទព្រះវិហារ​ខ្មែរ​» ។ កាសែត​សៀម​ដដែល​នោះ បាន​ដក​ស្រង់​​ប្រភព​ពី​យោធា​សៀម​ដែល​គំរាម​ថា​ គេ​នៅ​រង់ចាំ​មើល​ឱ្យ​កម្ពុជារុះរើ​ស្លាក​នោះ​ចេញ ហើយ​ប្រសិនបើ​ទាហាន​កម្ពុជា​មិន​ព្រម​រុះរើ​ទេ គឺ​ទាហាន​សៀម​នឹង​ចូល​ទៅ​រុះរើ​ដោយ​ខ្លួនឯង ។
បញ្ហា​ផ្ទៃ​ដី​ទំហំ​៤,៦​គីឡូ​ម៉ែត្រ​កា​រ៉េ​នៅ​ក្បែរ​តំបន់​ព្រះ​វិហារ​នោះ​​កម្ពុជា​មិន​ដែល​ទទួល​ស្គាល់​ជា​តំបន់​ទំនាស់​ទេ គឺជា​ទឹក​ដី​កម្ពុជា​ផ្ដាច់មុខ។ ឯ​ការ​ប៉ះទង្គិច​គា្ន​រវាង​យោ​ធា​ខ្មែរ និង​យោធា​សៀម​​កើតឡើង​ដោយសា​រតែ​ការឈ្លានពាន​របស់​យោធា​សៀម​មក​លើ​ទឹក​ដី​កម្ពុជា។ ក្រុម​អ្នក​តាមដាន​ជម្លោះ​រវាង​ខ្មែរ​-​សៀម​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ក្រុង​បាង​កក​កំពុង​តែ​ទាញ​ប្រទេសកម្ពុជា​ដែល​ជា​មិត្ដ​ជិតខាង​ចុង​ក្រោយ​របស់​ខ្លួន​ធ្វើ​ជា​ឈ្នាន់ ដើម្បី​បង្វែ​រភាព​ត្រ​ដាប​ត្រ​ដួល​ផ្នែក​នយោបាយដែល​កំពុងតែ​អូស​បន្លាយ​ដោះស្រាយ​មិន​ចេញ​នៅ​ក្នុង​ប្រទេស​ដែល​ដឹកនាំ​ដោយ​រដ្ឋា​ភិបាលក្រោយរដ្ឋប្រហា​យោធា​មួយ​នេះ គឺ​ឱ្យ​តែ​មាន​ភាព​តានតឹង​ក្នុង​ប្រទេស​គេ​តែងតែ​បង្កើត​ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​ប្រទេស​កម្ពុជា​ជា​ពិសេស​តំបន់​ប្រាសាទ​ព្រះ​វិហារ​​តែ​ម្ដង៕                      

 
ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment