Thursday, January 27, 2011

ឡើងភ្នំដងរែក​កាប់ឈើត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​បាញ់​ស្លាប់​១ចាប់​ខ្លួន៣​នាក់

ខេត្តឧត្តរ​មានជ័យ​ ៖ ប្រជាពលរដ្ឋ​ចំនួន​៨​នាក់ ស៊ីឈ្នួល​​ឡើងភ្នំ​​កាប់​ឈើ​និង​អូស​ឈើ​ គ្រញូង​​ត្រូវ​ក្រុម​ទាហាន​​ឈុត​ខ្មៅ​​សៀម​បាញ់​​ប្រហារ​​បណ្តាល​ឱ្យ​​មនុស្ស​ម្នាក់​ស្លាប់​ និង​ចាប់​ខ្លួន​ចំនួន​៣​នាក់​ កាលពី​វេលាម៉ោង​​២​រសៀល​ថ្ងៃទី​​២៣ មករា កន្លងទៅ ស្ថិត​នៅ​ចំណុច​​ផែន​ទី​លេខ​​៥៣៨-៩៥៩​​​​ ក្នុងទឹកដី​ភូមិសាស្ត្រ​ទល់​មុខ​កង​ពល​លេខ​៨ ឈរជើងចន្លោះស្រុក​ត្រពាំង​ប្រា​សាទ​ ខេត្តឧត្តរ​មានជ័យ​ និង​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ ។ ប្រភព​បានឱ្យដឹង​ថា ជនរងគ្រោះ​​​១-ឈ្មោះ​​​ហួច ហ៊ាន ភេទ​ប្រុស អាយុ​១៦ឆ្នាំ ស្លាប់​នៅ​​នឹង​កន្លែង​កើត​ហេតុ រស់​នៅ​ស្រុកមោងឫស្សី​ ខេត្ត​បាត់​ដំបង ២-ឈ្មោះ​ដុក ដាំ ភេទ​ប្រុស អាយុ​​៣០​ឆ្នាំ​ ៣-ឈ្មោះ​ថន ថាន ភេទ​ប្រុស អាយុ​៣០ឆ្នាំ​  និង៤-​ឈ្មោះ​​ហាម ថាន់ ភេទ​ប្រុស អាយុ​៣៦ឆ្នាំ ទាំង​៣​នាក់​រស់​នៅ​ភូមិ​ត្រពាំង​​៣ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​​ប្រាសាទ​ ខេត្ត​ឧត្តរ​មានជ័យ ។​
មន្ត្រី​ក្រុម​ការងារ​​ទំនាក់​ទំនង​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បាន​ឱ្យកោះសន្តិភាព​​ដឹងថា ប្រជា​ពលរដ្ឋ​​ក្រីក្រ​​ចំនួន​៨​នាក់ ត្រូវ​បាន​​ឈ្មោះ​មេត ជាអ្នកជួល​​ឱ្យពួកគាត់​​ឡើង​ទៅ​កាប់​ឈើ​​អូស​ឈើ​គ្រញូង​ហើយ​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​បាញ់​រះ​មកលើ​ជាច្រើន​គ្រាប់​បណ្តាល​​ឱ្យ​ស្លាប់​ម្នាក់ និង​ចាប់​ខ្លួន​បាន​៣​នាក់​ ចំណែក​​៤​នាក់​ទៀត​​រត់​រួច ។ មន្ត្រីក្រុម​​ការងារ​បាន​បញ្ជាក់​ថា បន្ទាប់​​ពី​ទាហាន​សៀម​បាញ់​ប្រហារ​រួច​មក ​ប្រជាពល​រដ្ឋ​​​ដែល​ត្រូវ​ចាប់​ខ្លួន​៣​នាក់​នោះ​បាន​នាំខ្លួន​ទៅ​ដាក់​ពន្ធនាគារ​ស្រុក​ខាន់តាឡាក់ រួមទាំង​វត្ថុតាង​​​ម៉ាស៊ីន​ត្រង់ស៊ឺន័រ​ចំនួន​២គ្រឿង​ ឈើ​គ្រញូង​ចំនួន​២​ដុំ​ រីឯសពយកទៅតំកល់​ទុក​នៅមន្ទីរ​ពេទ្យ​​​ស្រុក​ខាន់តាឡាក់ប្រទេសថៃ​ ។ ក្រុម​ទាហាន​​ឈុត​ខ្មៅ​​បាន​ផ្តល់​ព័ត៌​មាន​ឱ្យ​ក្រុម​ការងារ​កម្ពុជា​ស៊ើប​សួរ​​រក​បងប្អូន​ឪពុក​ម្តាយ​ទំនាក់​ទំនង​​ឱ្យ​ចាំទទួល​យក​ការ​បញ្ជូន​សាក​សព​នោះ​ប្រគល់​ឱ្យ​​តាម​មាត់​ច្រក​ទ្វារ​អន្តរជាតិ​អូរជាំសាង៉ាំ​​វិញ​នាពេល​ខាង​មុខ​៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment