ភ្នំពេញ: តំណាងក្រុមបណ្តាញអ្នកស្នេហាជាតិថៃដែលជាផ្នែកមួយនៃចលនាអាវលឿងនឹងមកដល់កម្ពុជានៅចុងខែមករានេះដើម្បីស្វែងយល់ពីការចាប់ខ្លួនជនជាតិថៃ៧នាក់ ជាពិសេសដើម្បីអន្តរាគមន៍ដោះលែងមេដឹកនាំអាវលឿងម្នាក់គឺវីរៈ សំក្វាមឃីត និងអ្នកស្រីរ៉ាទ្រីដែលកំពុងជាប់ឃុំនៅកម្ពុជា។
តំណាងក្រុមអាវលឿងទាំងនោះគ្រោងនឹងចូលជួបលោកខៀវ កាញារីទ្ធិ រដ្ឋមន្ត្រី ក្រសួងព័ត៌មាននៅថ្ងៃទី៣១មករា។ នេះបើយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាល។
គេមិនទាន់ដឹងថាពួកគេនឹងលើក ឡើងពីបញ្ហាអ្វីខ្លះទេ។
ថៃកាលពីព្រឹកថ្ងៃពុធ ក្រុមអាវលឿងបានប្តេជ្ញាបន្តដាក់សម្ពាធលើរដ្ឋាភិបាលថៃដោយប្រមូលផ្តុំគ្នាប្រឆាំងតវ៉ានៅក្រៅវិមានរដ្ឋាភិបាលរហូតទាល់តែអ្នកសម្របសម្រួលក្រុមនេះលោកវីរៈ សំក្វាមឃីតនិងលេខារបស់គាត់នាងរ៉ាទ្រី ភិប៉ាតាណាប៉ៃប៊ូនត្រូវបានដោះលែងចេញពីពន្ធនាគារកម្ពុជា។
របាយការណ៍បាននិយាយថាក្រុមនេះបានដំឡើងតង់និងតូបអាហារនៅមុខវិមានរដ្ឋាភិបាលហើយពួកសមាជិកសំខាន់ៗនៃក្រុមនេះនឹងឡើងថ្លែងអំពីបញ្ហានយោបាយ។ក្រុមនេះបានប្រកាសថាការជួបជុំរបស់គេនឹងបញ្ចប់ភ្លាមនៅពេលលោកវីរៈនិងនាងរ៉ាទ្រីត្រូវបានដោះលែងចេញពីគុកព្រៃស។ពួកគេទាមទារអោយរដ្ឋាភិបាលធ្វើកិច្ចការច្រើនឡើងដើម្បីជួយអ្នកទាំងពីរ៕
ដោយ : រតនា
No comments:
Post a Comment