Thursday, December 16, 2010

សម្តេច​ហ៊ុន សែន​ជួប​សំដែង​ការគួរសម​ប្រធានាធិបតី និង​ប្រធាន​សភា​ប្រជាជន​ចិន​

ដោយ : សំអូ
សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​បាន​អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម ឯកឧត្តម ហូ ជិន​តាវ ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ឯកឧត្តម វ៉ូ បាង​ហ្គ័​រ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន នៅ​មហាសាល​នៃ​វិមាន​ប្រជាជន​ចិន ក្នុង​ទីក្រុង​ប៉េកាំង នៅវេលា រសៀល​ថ្ងៃ​ ទី​១៥​ ធ្នូ​ ដែល​ជា​ថ្ងៃ ទី​៣ ​នៃ​ដំណើរ បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ 

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម​ប្រធានាធិបតី ហ៊ូ ជិន​តាវ និង​សម្តេច​នាយករដ្ឋមន្ត្រី មានប្រសាសន៍ សំដែង​នូវ​ការរីករាយ​ដែល​បាន​ជួបគ្នា​សា​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់ពី​បាន​ជួបគ្នា​នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន កាលពី​ថ្ងៃ ​ទី​១ ​ឧសភា ឆ្នាំ ២០១០​។ 

​ទាក់ទិន​ទៅ​នឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ឯកឧត្តម​ប្រធានាធិបតី និង​សម្តេច​ហ៊ុន សែន​មានប្រសាសន៍ថា មិត្តភាព​នៃ​ប្រទេស​យើង​ទាំង​ពីរ បាន​កសាង​ឡើង​យ៉ាង​រឹងមាំ តាម​ការត្រួសត្រាយ​របស់​មេដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ​ជា​បន្តបន្ទាប់ គឺ​រវាង​មេដឹកនាំ​ចិន​ជាមួយនិង អតីតៈព្រះមហាក្សត្រ សម្តេច​ព្រះ​មហា​វររាជ​បិតា​ជាតិខ្មែរ និង​ត្រូវបាន​ពួន​ជ្រុំ​ជា​បន្តបន្ទាប់ ដោយ មេដឹកនាំ​ប្រទេស​ទាំង​ពីរ និង​បាន​ជ្រួតជ្រាប​ដល់​ចិត្ត​គំនិត​នៃ​ប្រជាជន​ទាំង​ពីរ​។ 

​សម្តេច​តេ​ជោនា​យករ​ដ្ឋ មន្ត្រី មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​សា​ជា​ថ្មី​ម្តងទៀត ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ចិន ដែល​បាន​ផ្តល់​ជំនួយ​រថយន្ត​យោធា ចំនួន​២៥៧​គ្រឿង និង​ឯកសណ្ឋាន​យោធា​ចំនួន​៥​ម៉ឺន​កំ​ប្ល៉េ​ដល់កម្ពុជា គឺ​ក្រោយ​រយៈពេល​៤៨​ថ្ងៃ​ជំនួយ​ទាំងអស់នោះ បាន​មកដល់ ប្រទេស​កម្ពុជា​។ 

​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ចិន សម្តេច​តេជោ​មានប្រសាស​ន៍​សង្កត់ធ្ងន់​ថា សម្តេច​ផ្ទាល់​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បញ្ជាក់​អះអាង​ពី​គោលជំហ​របស់​ខ្លួន ក្នុងការ​ប្រកាន់ខ្ជាប់​ន​យោ​បាយ​ចិន​មួយ​ដោយ​ឥត​ងាករេ ពិសេស​រារាំងដាច់ខាត មិន​ឱ្យ​កំលាំង​អមិត្ត​ណា​មួយ​ប្រើប្រាស់​ទឹកដី​កម្ពុជា ប្រឆាំង​និង​ប្រទេស​ចិន​នោះឡើយ​។ 

​ទន្ទឹម​និង​នេះ​កម្ពុជា​រក្សា​ជំហរ យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការទប់ស្កាត់​ការធ្វើ​អន្តរ​ជា​តូបនីយកម្ម លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​គាំទ្រ​ឱ្យមាន​ការដោះស្រាយ​បញ្ហា​ដោយ សន្តិវិធី​តាម​ DOC ​ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​២០០២ ​។ 

​ជា​កិច្ច​ឆ្លើយតប​ឯកឧត្តម​ប្រធានាធិបតី ចិន ហ៊ូ ជិន​តាវ មានប្រសាសន៍​វាយ​តំលៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​រវាង សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន ដែល​បាន​ពិភាក្សាគ្នា​យ៉ាង​ស្មោះត្រង់​បំផុត កាលពី​ល្ងាច​ថ្ងៃទី​១៣​ធ្នូ​កន្លង​ទៅ ​។​

​ទាក់ទិន​ទៅ​នឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍​បន្ត​ថា ទោះបីជា​ប្រទេស​យើង​ទាំង​ពីរ មាន​របប​នយោបាយ​ខុស​គ្នា​ក៏ពិតមែន ប៉ុន្តែ​យើង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ខ្លាំងណាស់ ពិសេស​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង យ៉ាងសកម្ម​បំផុត ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ផ្ទាល់​តែម្តង​។  
 
​ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​គណៈប្រតិភូ​ទាំងអស់ អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម ឯកឧត្តម វ៉ូ បាង​ហ្គ័​រ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ សភា ប្រជាជន​ចិន​ ។ ពិធី​ដ៏​មាន​អត្ថន័យ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​មហាសាល​អាន​ហ៊ុយ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ 

​សម្តេច​តេជោ​នាយក រដ្ឋមន្ត្រី មានប្រសាសន៍​សំដែង​នូវ​ការរីករាយ ដោយ​បាន​ជួប​ឯកឧត្តម​ប្រធានសភា​សាជាថ្មី​បន្ទាប់ពី​បាន​ជួប​គ្នា​នៅក្នុង​ដំណើ​រទស្ស​កិច្ច របស់​ឯកឧត្តម​មកកាន់​ប្រទេស​កម្ពុជា កាលពីដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០​កន្លង​ទៅ​ថ្មីៗ​នេះ​។ 

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ បន្តថា ដូចគ្នា​នឹង​ការពិភាក្សា​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ពេល​នេះ​សម្តេច​សូម​សំដែង​សាជាថ្មី នូវ​ការពេញចិត្ត​ប្រកប​ដោយ​មោទនភាព ចំពោះ​ការរីកចំរើន នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ឈាន​ដល់​កំរិត​ថ្មី​មួយ ជា​ដៃគូសហ ប្រតិបត្តិការ​យុទ្ធសាស្ត្រ​៕

No comments:

Post a Comment