នៅថ្ងៃនេះ ទាហានថៃបានព្យាយាមចូលមកវត្តកែវសិក្ខាគីរីស្វារៈជាថ្មី បន្ទាប់ពីបានដកថយអស់រយៈពេលពីរសប្តាហ៍មក។ នេះបើយោងតាមប្រភពពីព្រះវិហារ និងមន្ត្រីរដ្ឋាភិបាល។
ការប៉ុនប៉ងចូលមកបោះទីតាំងនៅក្នុងវត្តកែវសិក្ខាគីរីស្វារៈពីសំណាក់ទាហានថៃត្រូវបានរារាំងដោយទាហានកម្ពុជា។ ហេតុការណ៍នេះបាននាំឲ្យថៃបន្ថែមកម្លាំងទ័ពកាន់តែច្រើននៅតាមជាយដែនដែលនាំឲ្យស្ថានការណ៍ស្ថិតក្នុងភាពប្រុងជើងការរៀងៗខ្លួនម្តងទៀត។ យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលអះអាងថា ស្ថានការណ៍មិនជាតឹងតែងពេកទេ។
គួររំលឹកថា បន្ទាប់ពីជំនួប៤លើករវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ ទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរបានឈានទៅរកភាពធូរស្រាលជាបន្តបន្ទាប់រហូតដល់ភាគីទាំងពីរបានព្រមព្រៀងដកទព័ចេញពីវត្តកែវសិក្ខាគីរីស្វារៈ។ សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ស្ថានការណ៍នៅព្រះវិហារបានវិលទៅរកមុនថ្ងៃ១៥កក្កដាឆ្នាំ២០០៨វិញហើយ។
តែឥឡូវនេះស្រាប់តែមានព័ត៌មានមិនសូវល្អឡើងវិញ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកម្ពុជានិងថៃកំពុងរៀបចំរំលឹកខួបទី៦០ឆ្នាំនៅចុងសប្តាហ៍នេះដែលនឹងមានការប្រគុំតន្ត្រីរួមគ្នានៅសាលសន្និសីទចតុមុខ ហើយក៏មានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ទៅប្រទេសថៃផងដែរ៕
No comments:
Post a Comment