ដោយ : សុផុន
នៅព្រឹកថ្ងៃទី១៦ ធ្នូនេះ ត្រង់ស្ពានមិត្តភាពកម្ពុជា.ថៃ (ស្ពានអូរជ្រៅ) បានប្រារព្ធនូវការអបអរសាទរនូវការលើកលែងទិដ្ឋការចូលប្រទេសថៃ ដោយមានការចូលរួមពី មន្ត្រី និងពលរដ្ឋកម្ពុជា-ថៃ ជាច្រើនរយនាក់ផងដែរ។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ ដែលបានស្នើរថានៅម៉ោង ៨ព្រឹកថ្ងៃទី១៦ ធ្នូ ២០១០នេះ លើស្ពានមិត្តភាពអូរជ្រៅ និងប្រារព្ធពិធីអបអរសាទរនូវការលើកលែងទិដ្ឋការ (visa) ចូលប្រទេសថៃ ។ មន្ត្រីនិងពលរដ្ឋនៃភាគីទាំងពីរ នឹងតម្រង់ជួររួចបោះត្រា លើលិខិតឆ្លងដែនដើម្បីជានិមិត្តរូប នៃការបើកទូលាយឡើងនេះស្របតាមកិច្ចព្រមព្រៀងលើកលែងទិដ្ឋការរបស់ក្រសួងការបរទេសកម្ពុជា-ថៃ ធ្វើនៅរាជធានីភ្នំពេញ ក្រោមអធិបតីនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វាចាជីវ៉ា កាលពីថ្ងៃទី ១៧ វិច្ឆិកា ២០១០ ។
ក្នុងឱកាសនោះដែល អភិបាលខេត្តទាំងពីរបាន និងឯកភាពគ្នាចុះពិនិត្យគម្រោងបើកច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត គឺច្រកស្ទឹងបត់ (កម្ពុជា) និងណងអៀន (ថៃ) កាលពីថ្ងៃទី១៤ ធ្នូ ២០១០ ។
គួររំលឹកថា ក្រសួងការបរទេសកម្ពុជាបានជូនដំណឹងថា : ការលើកលែងទិដ្ឋការចូលថៃ សំរាប់ពលរដ្ឋកម្ពុជានឹងធ្វើពីថ្ងៃទី១៦ ធ្នូ ២០១០ តទៅហើយមានសុពលភាពស្នាក់នៅថៃចំនួន ១៤ថ្ងៃ (២សប្ដាហ៍) ប៉ុណ្ណោះ ។ បើស្នាក់នៅលើសពី ១៤ថ្ងៃ ត្រូវទៅសុំទិដ្ឋការចូលថៃពីស្ថានទូតថៃនៅភ្នំពេញដដែល ។
សូមបញ្ជាក់ដែរថា ធម្មនុញ្ញអាស៊ាន មានចែងពីការលើកលែងទិដ្ឋការនេះក្នុងចំណោមប្រទេសសមាជិក អាស៊ាន មុនក្លាយជាសហគមអាស៊ាន នៅ ឆ្នាំ២០១៥ ខាងមុខ ។ ក្នុងប្រទេសអាស៊ាន នៅមានប្រទេសព្រុយណេ និងភូមា ពុំទាន់លើកលែងទិដ្ឋការចូលប្រទេសពួកគេ ដល់ពលរដ្ឋកម្ពុជានៅឡើយ ។ ឥណ្ឌូនេស៊ី វិញបានព្រមព្រៀងលើកលែងទិដ្ឋការ តែមិនទាន់បានអនុវត្ត ។
លំហូរវិនិយោគិន ភ្ញៀវទេសចរធុរជន រវាងប្រទេសដែលលើកលែងទិដ្ឋការនឹងកើនឡើងជាមិនខាន ៕
No comments:
Post a Comment