សមាជិកនៃសន្និសីទគណបក្សនយោបាយនៅអាស៊ី ICAPP បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក ( CDI-AP ) នៅវិមានសន្តិភាព។ កិច្ចប្រជុំ នាម៉ោង ៩ ថ្ងៃទី១ធ្នូនេះ បានប្រារព្ធឡើងក្រោមអធិបតីភាព របស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានគណៈកម្មការរៀបចំមហាសន្និបាតលើកទី៦ និងលោក Jose De Venecia Jr. មកពីប្រទេសហ្វីលីពីន ដែលជាប្រធានស្ថាបនិក និងជាសហប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP។
ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃគណបក្សប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្នំពេញ ស្តីពី ការបង្កើតចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កិច្ចប្រជុំនៅព្រឹកនេះ មានប្រធាន និងតំណាងគណបក្សនយោបាយនៅអាស៊ី មកពីប្រទេសចំនួន ១០ រួមមាន៖ កម្ពុជា, កូរ៉េខាងត្បូង, ឥណ្ឌូនេស៊ី, កាសាក់ស្តង់, អេស្ប៉ាញ, ហ្វីលីពីន, ចិន, រុស្ស៊ី និងប៉ាគិស្ថាន។
នៅថ្ងៃទី១ ខែធ្នូ គណៈប្រតិភូ ICAPP ទាំងអស់ ត្រូវធ្វើដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ។ ក្នុងនោះក៏មានទស្សនកិច្ចស្វែងយល់របស់អ្នកនយោបាយស្ត្រី និងអ្នកនយោបាយវ័យក្មេងរបស់ ICAPP។
នៅពេលរសៀល ម៉ោង ២ និង ៣០ នាទី នឹងមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ លើកទី១៤ របស់ ICAPP នៅវិមានសន្តិភាព។ រីឯពិធីបើកអង្គមហាសន្និបាតសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP លើកទី៦ នឹងប្រារព្ធឡើងនៅព្រឹកម៉ោង ៩ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព។
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០ មហាសន្និបាតសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ( International Conference of Asian Political Parties ) លើកទី៦ ត្រូវរៀបចំ ធ្វើនៅកម្ពុជា។
តាមកម្មវិធី មហាសន្និបាតលើកទី៦ របស់ ICAPP ត្រូវប្រារព្ធឡើងនៅវិមានសន្តិភាព លើកលែងតែពិធីជប់លៀងធំ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវធ្វើនៅមជ្ឈមណ្ឌលសន្និសីទ និងតាំងពិព័រណ៍ កោះពេជ្រ ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២ធ្នូ ក្រោយពីពិធីបើកមហាសន្និបាត។
មហាសន្និបាតសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី លើកទី៦ ត្រូវប្រារព្ធឡើង ក្រោមប្រធានបទ ស្វែងរកអនាគតដ៏ប្រសើរសម្រាប់តំបន់អាស៊ី ក្នុងនោះក៏មានការពិភាក្សាលើប្រធានបទស្តីពី ស្ត្រីជាអ្នកនយោបាយ អ្នកដឹកនាំនយោបាយវ័យក្មេង ព្រមទាំងសន្និបាត ស្តីពី សុវត្ថិភាពបរិស្ថានពិភពលោក ជាដើម។
មេដឹកនាំ និងអតីតមេដឹកនាំគណបក្សនយោបាយចំនួន ៨៥ គណបក្ស មកពី ៣៥ ប្រទេស ក្នុងតំបន់អាស៊ី ដែលជាសមាជិក ICAPP នឹងចូលរួមមហាសន្និបាតនេះ។ គិតមកត្រឹមខែសីហា ឆ្នាំ២០១០នេះ ICAPP មានគណបក្សនយោបាយចូលរួមជាសមាជិកចំនួន ៣២៣ គណបក្ស មកពីប្រទេសចំនួន ៥២ និងអាជ្ញាធរជាតិប៉ាឡេស្ទីន ១ ដែលបានចុះឈ្មោះក្នុងបញ្ជីសមាជិក ក្នុងនោះ សម្រាប់កម្ពុជា មានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច សមរង្ស៊ី សិទ្ធិមនុស្ស និងគណបក្សនរោត្តមរណឫទ្ធិ៕
រូបថត៖ សឹម លាប
រូបថត៖ សឹម លាប
រូបថត៖ សឹម លាប
រូបថត៖ ចាន់ណា
រូបថត៖ ចាន់ណា
រូបថត៖ ចាន់ណា
រូបថត៖ ចាន់ណា
កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិអាស៊ីប៉ាស៊ីហ្វិក ( CDI-AP ) នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ធ្នូ ឆ្នាំ២០១០
No comments:
Post a Comment