ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានទទួលជួបសវនាការជាមួយឯកឧត្តម គីម យុងអ៊ីល (Kim Yung IL) ប្រធានប្រតិភូគណបក្សពលករកូរ៉េ ដែលមកចូលរួមក្នុងសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី ICAPP ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ឯកឧត្តមគីម យុងអ៊ីល (Kim Yung IL) បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនៃ បក្សពលករ និងនៃសាធារណៈរដ្ឋប្រជាធិបតេយ្យកូរ៉េ ជូនចំពោះសម្តេចតេជោ និងបាន សម្តែងនូវការចូលរួមមរណៈទុក្ខចំពោះឧបទ្ទវហេតុនៅស្ពានពេជ្រនាពេលកន្លងមកដែរ។
ឯកឧត្តម គីម យុងអ៊ីល (Kim Yung IL) បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការ ដឹកនាំរបស់សម្តេចតេជោ ដែលបាននាំប្រទេសកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍន៍បានឆាប់ រហ័សប្រកបដោយសុខសន្តិភាព។
ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃសាធារណៈរដ្ឋប្រជាធិបតេយ្យ កូរ៉េ។ ជាមួយនិងការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង ប្រទេសកូរ៉េ សម្តេចតេជោ បានស្នើឲ្យបន្តកិច្ចសហប្រតិបត្តិការតាមរយៈកិច្ចព្រមព្រៀង ដែលភាគីទាំងពីរ កម្ពុជា-កូរ៉េ មានស្រាប់នាពេលកន្លងមកឲ្យបានកាន់តែល្អប្រសើរ។
No comments:
Post a Comment