នៅក្នុងឱកាសអញ្ជើញចូលរួមពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១១ នៅសាលសន្នីសិទចតុមុខ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅឆ្នាំ ២០១១ នេះកម្ពុជាសង្ឃឹមថា នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៦% ដែល អាស្រ័យដោយកំណើនឡើងវិញក្នុងវិស័យកម្មន្ដសាល ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ កសិកម្ម វិស័យទេសចរណ៍ និង វិស័យសំណង់។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកថា ពាណិជ្ជកម្ម គឺជាប្រភពនៃ កំណើនសេដ្ឋកិច្ចជាតិ ដែលនៅក្នុងឆ្នាំ ២០១០ កន្លងទៅនេះដោយសារកំណើននៃវិស័យពាណិជ្ជកម្មបានរួមចំណែកដល់ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងកម្រិតប្រមាណជា ៥% ។
សម្ដេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្ដខិតខំប្រឹងប្រែងធានាឱ្យបាននូវស្ថិរភាពនយោបាយ សុខសន្ដិភាព និងសុវត្ថិភាព ដែលជាបុព្វលក្ខខណ្ឌសម្រាប់កម្ពុជាសម្រេចបាននូវកាលានុវត្ដភាព និង ការប្រើប្រាស់ អស់សក្ដានុពលនៃសេដ្ឋកិច្ច និង សង្គមរបស់ខ្លួននោះ ។
នៅក្នុងសុន្ទរកថា សម្ដេចនាយករដ្ឋមន្ដ្រីបានជម្រុញឱ្យរិៈរកវិធីប្រើប្រាស់សក្ដានុពលពីកិច្ចសហប្រតិបត្ដិការក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS) យុទ្ធសាស្ដ្រកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច អាយេយ៉ាវ៉ាឌី-ចាវប្រាយ៉ា-មេគង្គ- (ACMECS) និងតំបន់អភិវឌ្ឍត្រីកោណផ្សេងៗទៀតក្នុងកម្រិតអនុតំបន់ ព្រមទាំងសហគមន៍អាស៊ីបូព៌ា និងតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ដ្រាលី-ញូហ្សេឡែន (AANZFTA) កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ក៏ដូចជា តំបន់ពាណិជ្ជកម្មសេរីអាស៊ានបូព៌ា (EAFTA) និង ភាពជាដៃគូសេដ្ឋកិច្ចស៊ីជម្រៅ នៃបណ្ដាប្រទេសអាស៊ីបូព៌ា(CEPEA)ក្នុងរយៈពេលវែងផងដែរ ពីព្រោះថា កិច្ចការទាំងអស់នេះនឹងផ្ដល់កាលានុវត្ដភាព យ៉ាងធំធេងដល់កិច្ចការវិនិយោគ និង របបពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជា ។
សម្ដេចតេជោថ្លែងថា កិច្ចសហប្រតិបត្ដិការទាំងអស់នោះនឹងមិនគ្រាន់តែជម្រុញពាណិជ្ជកម្ម និង កំណើនសេដ្ឋកិច្ច ប៉ុណ្ណោះទេ ប៉ុន្ដែវានឹងបង្កើតរបត់មួយឈានទៅរកការបង្កើតនិម្មាបនកម្មពាណិជ្ជកម្មកម្ពុជាបែបថ្មីមួយ ជាពិសេស ការធ្វើ ពិពិធភាវូបនីយកម្មពាណិជ្ជកម្មទីផ្សារផលិតផលរបស់កម្ពុជា ដើម្បីរត់តាមល្បឿនវិវត្ដន៍នៃចរន្ដសេដ្ឋកិច្ចតំបន់ និង ពិភពលោក និង ការក្ដាប់យកនូវកាលានុវត្ដភាពថ្មីដែលកើតចេញពីការស្ទុះឡើងនៃសេដ្ឋកិច្ចអាស៊ី។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា កិច្ចសហប្រតិបត្ដិការទាំងអស់នេះ បាន និង កំពុងផ្ដល់នូវកាលានុវត្ដភាពថ្មីៗបន្ថែមទៀតសម្រាប់ កំណែទម្រង់ការវិនិយោគ និង ពាណិជ្ជកម្មអន្ដរជាតិតាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និង ការលុបបំបាត់នូវ ឧបសគ្គនៃការវិនិយោគផងដែរ ។
សម្ដេចមានប្រសាសន៍បន្ដទៀតថា ការជម្រុញការអនុវត្ដកម្មវិធីកំណែទម្រង់ ការធ្វើទំនើបកម្មនៃរចនា សម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រីកភាពប្រកួតប្រជែងរបស់ខ្លួនទៅនឹងស្ដង់ដារតំបន់ និង អន្ដរជាតិ បានធ្វើឲ្យកម្ពុជាមិនគ្រាន់តែអាចជំនះបាននូវឧបសគ្គ ដែលអាចរាំងស្ទះដល់កំណើនសេដ្ឋកិច្ច តាមរយៈការអនុវត្ដកម្មវិធីកំណែទម្រង់នានាប៉ុណ្ណោះទេ ប៉ុន្ដែ ថែមទាំងអាចបង្កើតនូវលក្ខខណ្ឌសម្រាប់ចីរភាពនៃកំណើន និង ការបែងចែកបានសមស្របនូវបន្ទុក និង ផលចំណេញពីការអភិវឌ្ឍប្រកបដោយសមធម៌ទៀតផង ។
ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ពេលនេះសភាពការណ៍ពាណិជ្ជកម្មនៅកម្ពុជា មានភាពប្រសើរឡើងជាងឆ្នាំមុន ជាពិសេសការកើនឡើងនូវការនាំចេញផលិតផលកម្ពុជាប្រមាណ ២៥% ធ្វើឱ្យយើងអាចរក្សាបានកំណើនសេដ្ឋកិច្ចប្រមាណ ៥.៥% លើសឆ្នាំមុន។ ឯកឧត្ដមមានប្រសាសន៍បន្ដថា កាលពីឆ្នាំ ២០១០ កន្លងទៅកម្ពុជាបានសំរេចការនាំចេញផលិតផលទំនិញទៅកាន់ទីផ្សារប្រទេសនានាសរុប ប្រមាណ ៣៤៩៥ លានដុល្លាកើនលើសឆ្នាំ ២០០៩ ប្រមាណ ២៥% ក្នុងនោះការនាំចេញទំនិញអង្ករមានទឹកប្រាក់ ចំនួន ២៧ លានដុល្លាកើនលើសឆ្នាំមុន ១៧០% ដែលសក្ខីកម្មនេះបានបង្ហាញឱ្យឃើញពីការចូលរួមសហការពីគ្រប់ស្ថាប័ន និងផ្នែកពាក់ពន្ធ័ ក្នុងការអនុវត្ដយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលក្នុងដំណើរធ្វើពាណិជ្ជូបនីយកម្មកសិកម្ម និង ការប្រែក្លាយ កម្ពុជាទៅជាកន្លែងនាំចេញអង្ករមាស“ស”នោះ។
យោងតាមសេចក្តីរាយការណ៍របស់រាជរដ្ឋាភិបាលឱ្យដឹងថា ការនាំចេញ-នាំចូលនៅឆ្នាំ ២០១០ បានកើនឡើងចំនួន ៦,៨%គឺពី ១០ ពាន់លានដុល្លារនៅឆ្នាំ ២០០៩ ទៅ ១០,៦៨ ពាន់លានដុល្លារនៅឆ្នាំ ២០១០ បើទោះបីជាវិបត្ដិសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសកលលោកទើបមានសញ្ញាងើបឡើងវិញនាពេលកន្លងទៅក៏ដោយ ដោយក្នុងនោះការនាំចេញតាមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ ២០១០ បានកើនឡើងចំនួន ២៧%គឺពី ២,៦ ពាន់លានដុល្លារនៅឆ្នាំ ២០០៩ ទៅ ៣,៣ ពាន់ លានដុល្លារនៅឆ្នាំ ២០១០ ។ របាយការណ៍នោះឱ្យដឹងបន្ដថា អត្រាអតិផរណាឆ្នាំ ២០១០ ត្រូវបានរក្សាជាមធ្យមក្នុង កម្រិត ៤% នៅពេលដែលអត្រាអតិផរណាឆ្នាំ ២០០៩ មានកម្រិត ៥,៣% ។ ទុនបម្រុងអន្ដរជាតិបានកើនឡើងពី ២៣៦៧ លានដុល្លារ នៅឆ្នាំ ២០០៩ ទៅ ២៦៥០ លានដុល្លារនៅឆ្នាំ ២០១០ ។ ទំហំប្រាក់បៀវត្សរ៍ប្រមាណជា ៣៧២ លានដុល្លារអាមេរិក ត្រូវបើកផ្ដល់ដល់ពលករក្នុងឆ្នាំ ២០១០ ដែលកាលពីឆ្នាំ ២០០៦ ទំហំប្រាក់បៀវត្សរ៍មានប្រ មាណ ២៥,៧ លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែៗ ៕
No comments:
New comments are not allowed.