ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ជម្រាបលោកជំទាវ ផែនីឡូប អាន រីឆាដ (Penelope Ann Rechards) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១១ ថា ភាពតានតឹងរវាងកម្ពុជា និងថៃ គឺដោយសារតែប្រទេសថៃប្រើប្រាស់ផែនទីចំឡែកផលិតជាឯកតោភាគី និងគ្មានការទទួលស្គាល់ពីអន្តរជាតិ ដើម្បីឈ្លានពានទឹកដីកម្ពុជា។ កម្ពុជាស្វាគមន៍ចំពោះវត្តមានប្រទេសអូស្រ្តាលីនៅក្នុងក្រុមអ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ នៅកម្ពុជាបើសិនជាប្រទេសអូស្រ្តាលីយល់ព្រម។
នៅក្នុងឱកាសទទួលជួបពិភាក្សាជាមួយលោកជំទាវ ផែនីឡូប អាន រីឆាដ (Penelope Ann Rechards) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជានៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត សុខ អាន មានប្រសាសន៍ថា រយៈពេល៤ថ្ងៃ កន្លងទៅនេះ គឺរាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ ២០១១ ភាគីថៃបានវាយប្រហារ ដោយទ្រង់ទ្រាយធំមកលើកម្ពុជា។ ទាហ៊ានថៃបានប្រើប្រាស់អាវុធធុនធ្ងន់ពិសេសការប្រើប្រាស់គ្រាប់បែកចង្កោម បាញ់ផ្លោងចូលជ្រៅក្នុងទឹកដីកម្ពុជា បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ជីវិតមនុស្ស និងធ្វើឲ្យប៉ះពាល់ខូចខាតដល់ប្រាសាទព្រះវិហារជាទីសក្ការៈ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងរំលោភលើអនុសញ្ញាអន្តរជាតិឆ្នាំ១៩៥៤ស្តីពីការការពារបេតិកភណ្ឌពេលមានជម្លោះ ប្រដាប់ដោយអាវុធ និងសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលបញ្ហានេះ ទាមទារឲ្យមានការចូលរួមពីអន្តរជាតិ ដើម្បីជួយការពារប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ពីការឈ្លានពានរបស់ថៃ ។
ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ឲ្យដឹងថាឯកឧត្តមបានផ្ញើលិខិតសុំអន្តរាគមន៍ពីអង្គការយូណេស្កូហើយ លោកជំទាវ IRINA BOKOVA អគ្គនាយកអង្គការ យូណេស្កូ បានយល់ព្រមបញ្ជូនអ្នកជំនាញការមកពិនិត្យការខូចខាត និងផលប៉ះពាល់លើប្រាសាទព្រះវិហារ ដែលបង្កដោយគ្រាប់កាំភ្លើងធុនធ្ងន់របស់កងទ័ពថៃ ដែលជាមួយគ្នានោះក៏ទាមទារឲ្យមានវត្តមានអ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ដោយសារការចរចារទ្វេរភាគីរវាងកម្ពុជា-ថៃ មិនទទួលបានជោគជ័យ វត្តមានអ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ ដែលជាក្រុមអព្យាក្រឹត្យ គឺអាចលុបបំបាត់ការចោទប្រកាន់គ្នាទៅវិញទៅមកបាន។ ជាមួយនឹងការរំលឹកពីតួនាទី យោធានៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ ដែលមានលោកឧត្តមសេនីយ៍ ចន សាន់ឌឺសុន មកពីប្រទេសអូស្រ្តាលី ជាមេបញ្ជាការក្នុងកងរក្សាសន្តិភាពនៅកម្ពុជាពីឆ្នាំ ១៩៩១ ដល់ ឆ្នាំ១៩៩៣ ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ជម្រាបលោកជំទាវ ផែនីឡូប អាន រីឆាដ (Penelope Ann Rechards) ថាៈ ព្រះរាជាណាចក្រកម្ពុជាសូមស្វាគមន៍ប្រសិនបើប្រទេសអូស្រ្តាលីស្ម័គ្រចិត្តមានវត្តមានក្នុងក្រុមអ្នកសង្កេតការណ៍យោធា អ.ស.ប នៅព្រំដែនតំបន់ប្រាសាទព្រះវិហារ។
មានប្រសាសន៍ក្នុងជំនួបពិភាក្សានោះលោកជំទាវ ផែនីឡូប អាន រីឆាដ (Penelope Ann Rechards) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្ត្រាលី បានថ្លែងអំណរគុណចំពោះសេចក្តីរាយការណ៍របស់ឯកឧត្តមបណ្ឌិត សុខ អាន និងបានចូលរួមរំលែកទុកចំពោះប្រជាពលរដ្ឋ និងយោធាកម្ពុជា ដែលបានរងគ្រោះ។ លោកជំទាវឯកអគ្គរដ្ឋទូតអូស្ត្រាលីបានបញ្ជាក់ថា ពេលវត្តមាននៅកម្ពុជាលោកជំទាវនឹងខិតខំធ្វើឲ្យទំនាក់ទំនងទ្វេរភាគីរវាងអូស្រ្តាលី-កម្ពុជា កាន់តែមានការរីកចំរើនថែមទៀត។ ដោយបានអះអាងថា នឹងនាំយកសេចក្តីរាយការណ៍ និងសំណូមពររបស់កម្ពុជាទៅរាយការណ៍ជូនរដ្ឋាភិបាលអូស្រ្តាលី លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថាៈ ជំហររដ្ឋាភិបាលអូស្រ្តាលីគឺស្នើសុំឲ្យភាគីទាំងពីរ កម្ពុជា-ថៃ មានការអត់ធ្មត់ឲ្យបានជាអតិបរមា ហើយបន្តដោះស្រាយជាមួយគ្នាដោយសន្តិវិធី។
No comments:
New comments are not allowed.