Thursday, February 10, 2011

សម្ដេចតេជោ ៖ ការប្រយុទ្ធគ្នា​រវាងកងទ័ពកម្ពុជា-ថៃ គឺជាសង្គ្រាម​


សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី ០៩ ខែ​កុម្ភៈ ឆ្នាំ ២០១១ ថា ការប្រយុទ្ធគ្នា​នៅ​តំបន់​ព្រំដែន​ត្រង់​តំបន់ ប្រាសាទព្រះវិហារគឺ​ជា​ សង្គ្រាមពិតប្រាកដហើយមិន​គ្រាន់​តែ​ជា​ការ​ប៉ះទង្គិច​គ្នា​នោះ​ឡើយ​ ព្រោះថា ការប្រយុទ្ធគ្នាបានអូសបន្លាយអស់រយៈពេលជា ច្រើនថ្ងៃ​ដោយ​មាន​ទាំង​ការប្រើអាវុធធុនធ្ងន់។
ថ្លែង​នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម សម្ដេចតេជោ​នាយករដ្ឋ​មន្ដ្រីបាន​ថ្លែង​​អំណរគុណ​ដល់ប្រជាពលរដ្ឋកម្ពុជាទូទៅគ្រប់លំដាប់ថ្នាក់ ព្រមទាំង​បានថ្លែង​អំណរគុណ​ទៅដល់​សង្គម​​ស៊ីវិល​បណ្ដាគណបក្សនយោបាយនានា ដែល បានចូលរួមឧបត្ថម្ភគាំទ្រនូវថវិកាផ្ទាល់ខ្លួន ទោះបី​ជា​តិ​ច​តួចក្ដី​ចូលរួមចំណែកក្នុងមូលនិធិរបស់ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ បាយ័ន ក៏ដូចបណ្ដាញ​ទូរទស្សន៍​កម្ពុជា ស៊ីធីអិន និងការគាំទ្រចំពោះការសម្រេចចិត្ដរបស់រាជរដ្ឋាភិបាលក្នុងការប្រកាន់យក ឥរិយាបថ​ដើម្បី​កាច់​​បំបាក់ការឈ្លានពានរបស់ថៃមកលើកម្ពុជា ព្រោះ​ថាការបង្កើតសង្គ្រាមនេះ​មិនមែន​កម្ពុជា​ជា​អ្នក​បង្កើត​ទេ គឺថៃជាអ្នកបង្កើត ហើយភស្ដុតាងជាក់ស្ដែង នាយករដ្ឋមន្ដ្រីថៃ អាប់ភីស៊ីតវេចាជីវ៉ា ត្រូវតែ​​ទទួល​ខុស​​ត្រូវ​ក្នុង​ឋានៈជាឧក្រិដ្ឋ​ជន​សង្គ្រាម ព្រោះការបាញ់ផ្លោងបំផ្លាញតាមប្រាសាទ និងវត្ត​កែវសិក្ខាគីរីស្វារៈ គឺជា​​ឧក្រិដ្ឋកម្ម​សង្គ្រាមមួយទៅហើយ​ ។
សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ការចូលរួមនៅក្នុងចលនាស្នេហាជាតិ ដើម្បី​ការពារ​ប្រទេស​នេះ ត្រូវធ្វើរយៈ ពេលវែងគឺជាការឯកភាពជាតិមួយនៅក្នុងនយោបាយ ដែលរាជរដ្ឋាភិបាល​ប្រកាន់​យក​នូវ​វិធាន​ការទាំងវិស័យយោធា ទាំង វិស័យនយោបាយ និង ការទូតផងដែរ ។  សម្ដេចតេជោ​មាន​ប្រសាសន៍​ថា ខឿន ការពារជាតិរបស់​ប្រជាជនគឺបែបនេះឯង ព្រោះទឹកដីនេះជាទឹកដីយើងទាំងអស់គ្នា ហើយ​ការចូល​រួម​នេះមានតម្លៃណាស់ បើ ទោះ​បីជាទឹកលុយចំនួនតិច ក៏ប៉ុន្ដែទឹកចិត្ដមានទំហំធំណាស់ ដែលយើង​ត្រូវ​មើល​ឃើញ​ពីការចូលរួម​របស់​ប្រជាជន ក្នុងផែនការ​ ការពារជាតិ ខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ។
សម្ដេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា​គ្រប់ស្រទាប់វណ្ណៈ​បន្ដចូល​រួម​ក្នុង​ចលនានេះ ព្រោះ យើងត្រូវដាក់ចេញនូវការតស៊ូក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ដ្រតស៊ូយូរអង្វែង ព្រោះ​ការតស៊ូ​ជាមួយថៃ មិនមែន​តស៊ូ១ថ្ងៃឬ១ឆ្នាំទេ គឺច្រើនឆ្នាំ ។ សម្ដេចតេជោ​នាយក​រដ្ឋមន្ដ្រី​បានលើក​ឡើង​នូវ​បទ​ពិសោធន៍​ពីអតីត​កាលលើបញ្ហាប្រាសាទព្រះវិហារនេះ ដែលសម្ដេចព្រះនរោត្ដម សីហនុ បានប្រើប្រាស់ការ​​ចរចា​តាំងពីឆ្នាំ ១៩៥៤ ហើយប្រាំឆ្នាំក្រោយទើបបានព្រះអង្គសម្រេចប្ដឹងទៅ តុលាការអន្ដរជាតិទីក្រុងឡាអេ ។ យើងក៏ដូចគ្នាដែរ យើងប្រើប្រាស់ការចរចាទ្វេភាគីដំណើរការជាងពីរឆ្នាំ ឥឡូវនេះ យើង ត្រូវ​សម្រេច​ចិត្ដ​ធ្វើ​សកម្មភាព​ដោយតាមផ្លូវច្បាប់​​។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះយើងដើរដល់ដំណាក់​កាលមួយដែល​មិនអាច​ថយក្រោយ​គឺយន្ដការអន្ដរជាតិ ព្រោះយើងអត់ទុកចិត្ដបានទេ ដោយសារភាគី​ថៃបានចុះ​ហត្ថលេខា​និងដៃលប់នឹងជើង។ សម្ដេចតេជោ​ថ្លែងថា ខ្ញុំសូមប្រកាសចាប់ពីម៉ោងនេះ ពេលនេះទៅ កម្ពុជា​បន្ដការ​ចរចាដោះស្រាយបញ្ហាដោយសន្ដិវិធី ក៏ប៉ុន្ដែលើមូលដ្ឋាននៃភាគីទីបីចូលរួម មិនអាចចរចាទ្វេភាគីទៀតទេ
សម្ដេចតេជោ​ ហ៊ុន សែន មាន​ប្រសាសន៍​ថា ខ្ញុំអំពាវនាវឱ្យប្រជុំក្រុមប្រឹក្សា សន្ដិសុខជាបន្ទាន់ នេះជាចំណុចទី១ ហើយចំណុចទី២ ខ្ញុំសូម​ឱ្យបញ្ជូនមកនូវកងរក្សាសន្ដិភាព អ.ស.ប ឬក៏អ្នកសង្កេត ការណ៍​យោធា អ.ស.ប មកកាន់កម្ពុជា បើទោះបីជាយើងដឹងថា កាតព្វកិច្ចការពារនេះ មិនមែន​ជា​សមត្ថកិច្ច​របស់អគ្គលេខាធិការ អ.ស.ប ក្ដី ដើម្បី​ឱ្យដឹងថា តើអ្នកណាឈ្លានពានអ្នកណា ។ ប្រសិន​បើ​ក្រុម​ប្រឹក្សា​សន្ដិសុខជួបការលំបាក ក្រុម​ប្រឹក្សា​សន្ដិសុខ​ប្រគល់តួនាទីនេះ ឱ្យទៅប្រធានអាស៊ាន ប៉ុន្ដែ​ដំបូង​បំផុត​ត្រូវតែប្រជុំ ដែល​យន្ដការ​នេះ​ត្រូវ​ការបំពេញឱ្យគ្នា ដោយមិនមែន​ជាការទាមទារ​ដាច់​ចេញ​ពីគ្នាទេ ។ យន្ដការអាស៊ាន និង អសប បំពេញ​ឱ្យគ្នា​ដែលយើងនឹងកំដរលេង នៅលើបញ្ហានេះ ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ឥឡូវ​នេះកម្ពុជាកំពុងត្រៀមប្ដឹងទៅតុលា​ការយុត្ដិធម៌ អន្ដរជាតិ ដើម្បី​បកស្រាយ​សាល​ក្រម​តុលាការ​ក្រុង​ឡាអេ ឆ្នាំ ១៩៦២ បើមិន​ដូច្នេះ​ទេវា​គ្រាន់​តែជាដំណោះ​ស្រាយ​បណ្ដោះ​​អាសន្នក្នុងការឈប់បាញ់ តែវាមិនបានបញ្ចប់បញ្ហាទាំងស្រុងទេ។
សូម​បញ្ជាក់​ថា ដោយ​ទទួលយកនូវសំណើរបស់ប្រទេសកម្ពុជា ដែលសុំឱ្យក្រុមប្រឹក្សាសន្ដិសុខ អ.ស.ប កោះ​ប្រជុំ​ជា​បន្ទាន់ដើម្បី ដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា-ថៃនោះ ក្រុមប្រឹក្សាសន្តិសុខ​ អ.ស.ប បាន​សម្រេច​​យកថ្ងៃច័ន្ទទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១១​ បើកកិច្ចប្រជុំបន្ទាន់ មួយ ដែលមាន​ការចូលរួម​ដោយ​ប្រទេស​ជាសមាជិកអចិន្ដ្រៃយ៍ និង មិនអចិន្រៃ្ដយ៍ទាំង ១៥ ព្រមទាំងរដ្ឋមន្ដ្រីការបរទេស កម្ពុជា ថៃ និងឥណ្ឌូ​នេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​ផងដែរ ។
ដោយ​ឡែក​សម្រាប់​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែល​កំពុង​ឈរ​ជើង​ការពារបូរណភាព​ទឹកដី ក៏ដូចក្រុមគ្រួសាររបស់គេផងនោះ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់ថវិកា​ចំនួន ១ម៉ឺនដុល្លារ រួមទាំង​ការ​ចំណាយ សម្រាប់ការធ្វើបុណ្យទានផងសម្រាប់គ្រួសារយុទ្ធជនពលីម្នាក់ ។ ចំណែកយុទ្ធជន​ដែល​របួស​ធ្ងន់​ទទួល​បានថវិកាចំនួន ៣០០០ដុល្លារ ឯអ្នក​របួស​ស្រាល​ទទួល​បាន​ថវិកា​ចំនួន ១៥០០ដុល្លារ ។ រាជរដ្ឋាភិបាល​ក៏បានឧបត្ដម្ភដល់ជនស៊ីវិលដែលពលី ម្នាក់ៗទទួលបានថវិកាចំនួន ៥០០០ដុល្លារ ។ ចំណែក​​មូលនិធិបាយ័នក៏បានប្រកាសអំពីការសម្រេចផ្ដល់ថវិកាចំនួន ១ ម៉ឺន ដុល្លារ​សម្រាប់គ្រួសារ​យុទ្ធជន​ពលីម្នាក់ និង ជនស៊ីវិលដែលពលីម្នាក់នូវថវិកាចំនួន ៥០០០ ដុល្លារ​ផងដែរ។



No comments: