នៅសាលសន្នីសីទចតុមុខ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១១ ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកមហោស្រពសិល្បៈមហាជនឆ្នាំ ២០១១ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការឧបត្ថម្ភរបស់មូលនិធិជាតិ ដើម្បីវប្បធម៌នៃទីក្រុង តូក្យូ ប្រទេសជប៉ុន (IFAC) និងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។
ដោយមានវត្តមានមន្រ្តីជាសមាជិកសមាជិការរាជរដ្ឋាភិបាល និងការចូលរួមពីសិល្បករ សិល្បការិនី មកពីតាមបណ្តាខេត្ត និងរាជធានីចំនួន ៤៩ ក្រុម ឯកឧត្តមមបណ្ឌិត សុខ អាន បានមានប្រសាសន៍ចាត់ទុកថា មហោស្រពនេះគឺជាព្រឹត្តិការណ៍ថ្នាក់ជាតិដ៏សំខាន់មួយ ដែលរួមចំណែកដោយផ្ទាល់ដល់ការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិឲ្យកាន់តែរឹងមាំ ស្ថិតស្ថេរគង់វង្ស និងរីកចំរើននៅពេលអនាគត ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ក្នុងខណៈដែលប្រទេសយើងត្រូវការចាំបាច់ នូវស្នាដៃវប្បធម៌គ្រប់រូបភាព ការបើកឲ្យមានមហោស្រពមហាជនទូទាំងប្រទេស គឺពិតជាឱកាសមួយដ៏មានតម្លៃ សម្រាប់សិល្បករ សិល្បការិនីទាំងអស់បានរៀនសូត្រ និងដកពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសការបំផុសចលនាប្រលងប្រណាំងជ្រើសរើសស្នាដៃតែងនិពន្ធ និងការសំដែង សំដៅលើកកម្ពស់អត្តសញ្ញាណជាតិ ការថែរក្សា ការការពារ និងការអភិវឌ្ឍន៍បេតិកភណ្ឌអរូបី និងប្រែក្លាយផលិតផលវប្បធម៌ ឲ្យទៅជាផលិតផលបំរើឲ្យបុព្វហេតុអប់រំ ផ្សព្វផ្សាយចំណេះដឹង និងការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច។
ដោយបានមានប្រសាសន៍រំលឹកឡើងអំពីបញ្ហាប្រឈមនានាដូចជា ចរន្តសកលភាវូបនីយកម្ម ការរីកចំរើនផ្នែកព័ត៌មានវិទ្យា និងរូបភាពវប្បធម៌ថ្មីៗ ដែលធ្វើឲ្យវប្បធម៌បុរាណមានការថយចុះ ការយល់ដឹងគុណភាពស្នាដៃតែងនិពន្ធ ក៏ដូចជាការសំដែងរបស់សិល្បករមហាជននៅមានកំរិត និងកង្វះខាតខាងផ្នែកបច្ចេកវិទ្យា កង្វះទុន ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីប្រែក្លាយឲ្យកម្ពុជាទៅជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយវប្បធម៌ខ្មែរពិតប្រាកដស្របតាមពាក្យស្លោកលើកឡើងថា កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌។ នៅចំពោះមុខ និងទៅអនាគតស្ថាប័នវប្បធម៌គ្រប់ថ្នាក់ ពិសេសក្រុមសិល្បៈមហាជនទូទាំងប្រទេសត្រូវខិតខំផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ដល់យុទ្ធសាស្រ្តគោលនយោបាយ និងសកម្មភាពដូចខាងក្រោម៖
១-គួរខិតខំលើកស្ទួយការយល់ដឹងអំពីគោលនយោបាយជាតិលើវិស័យសិល្បៈ ដែលជាត្រីវិស័យដ៏សំខាន់សម្រាប់ការអនុវត្ត និងអភិវឌ្ឍវប្បធម៌មហាជនយើង។
២-ប្រែក្លាយវប្បធម៌មហាជនឲ្យទៅជាវប្បធម៌អភិវឌ្ឍ តាមរយៈការអប់រំបណ្តុះបណ្តាល ការថែបំប៉នការតែងនិពន្ធ ការសំដែង និងការផ្សព្វផ្សាយ។ ទន្ទឹមនឹងនេះគួរខិតខំបង្កើនសមត្ថភាពយល់ដឹងរបស់សិល្បករមហាជន ដោយផ្សារភ្ជាប់ការសំដែងទៅនឹងចំណេះដឹងថ្មី វិទ្យាសាស្រ្តបច្ចេកទេសថ្មី ខ្លឹមសារថ្មី ដោយជៀសវាងឲ្យបានពីការលួចចម្លងគ្នាទៅវិញទៅមក និងការអប់រំផ្សព្វផ្សាយអំពីចំណេះដឹងមូលដ្ឋានបន្ថែមទៅលើការបម្រើភាពរីករាយប្រកបដោយភាពថ្លៃថ្នូរ។
៣-លើកស្ទួយគំនិតច្នៃប្រឌិត ផលិតស្នាដៃថ្មីឲ្យបានច្រើន ហើយត្រូវចេះប្រើប្រាស់ស្នាដៃទាំងនោះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការស្វែងរកទីផ្សារសម្រាប់ធ្វើអាជីវកម្ម ដែលទង្វើនេះគឺពិតជាអាចជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់សិល្បករមហាជនបានយ៉ាងពិតប្រាកដ។
៤-ចាំបាច់ត្រូវខិតខំប្រែក្លាយគុណភាពស្នាដៃ និងការសម្តែងឲ្យមានលក្ខណៈជឿនលឿន ទំនើបកម្ម និងទាន់សម័យ។ ប៉ុន្តែការធ្វើទំនើបកម្មស្នាដៃសិល្បៈមហាជន ត្រូវផ្សារភ្ជាប់ឲ្យបានទៅនឹងប្រពៃណី ទំនៀមទំលាប់ វប្បធម៌ និងអត្តសញ្ញាណជាតិ។
៥-ប្រែក្លាយស្នាដៃសិល្បៈវប្បធម៌មហាជនគ្រប់ប្រភេទ ឲ្យទៅជាផលិតផលវប្បធម៌ ដែលមានគុណប្រយោជន៍ ដល់ការថែរក្សាការពារ ការបង្កបង្កើន និងការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីរបស់យើង។ ក្នុងទស្សនៈនេះ ស្ថាប័នទទួលបន្ទុក គួរខិតខំពង្រឹងសិល្បករអាជីពឲ្យទៅជាគ្រូបង្គោលនៃក្រុមសិល្បករមហាជន សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍វប្បធម៌។ ស្ថាប័នវប្បធម៌ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានត្រូវខិតខំកសាងផែនការ និងលើកទិសដៅឲ្យឲ្យក្រុមសិល្បៈមហាជនអាចមានលទ្ធភាពបង្កើតក្រុមសិល្បៈមហាជនតៗគ្នា។ ទន្ទឹមនឹងនេះ យើងត្រូវជម្រុញឲ្យមានការចុះបញ្ជីសារពើភណ្ឌ ពាក់ព័ន្ធនឹងចំនួនក្រុមសិល្បៈមហាជននៅទូទាំងប្រទេស ដើម្បីចងក្រងជាទិន្នន័យសម្រាប់ពង្រឹង និងពង្រីកសិល្បៈមហាជនទាំងនោះ ទាំងបរិមាណ និងគុណភាព។ ម្យ៉ាងទៀតស្ថាប័នទទួលបន្ទុក និងសិល្បៈមហាជនគួរខិតខំចងក្រងឯកសារបោះពុម្ភផ្សាយស្នាដៃសិល្បៈមហាជន និងរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ។
៦-តែងតាំង និងបង្កើនតួនាទីរបស់គ្រូចាស់ទុំនៅក្នុងក្របខ័ណ្ឌ “មត៌កមនុស្សរស់” ដើម្បីផ្ទេរចំណេះដឹងតាមរយៈការបើកកម្មវិធីហ្វឹកហ្វឺន និងសម្តែងផ្សព្វផ្សាយជូនសាធារណជន ពិសេសយុវជនជំនាន់ក្រោយឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃសិល្បៈវប្បធម៌ និងជម្រុញការចូលរួមក្នុងការថែរក្សាការពារមត៌កវប្បធម៌មហាជនយើងឲ្យបានគង់វង្សទៅអនាគត។
៧-រាល់ស្នាដៃសិល្បៈមហាជន ចាំបាច់ត្រូវបានទទួលការកែលម្អ និងការលើកសរសើរ ដើម្បីធ្វើឲ្យរូបភាព និងខ្លឹមសារកាន់តែមានលក្ខណៈមុតស្រួច និងល្អប្រសើរឡើង ហើយការតែងនិពន្ធគួរតែត្រូវបានលើកទឹកចិត្ត។
៨-ដើម្បីធានាដល់ការរីកចំរើនប្រកបដោយនិរន្តរភាព យើងគួរបង្កើតឲ្យមានមហោស្រពសិល្បៈមហាជនថ្នាក់មូលដ្ឋានឲ្យបានផុលផុស ក្នុងរយៈពេលពីរឆ្នាំម្តង ដោយប្រើប្រាស់កម្មវិធីហ្វឹកហ្វឺនដ៏ជាក់លាក់ គឺមួយឆ្នាំបណ្តុះបណ្តាល មួយឆ្នាំបើកមហោស្រពថ្នាក់មូលដ្ឋាន និងមួយឆ្នាំទៀតបើកមហោស្រពថ្នាក់ជាតិ។
ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ឲ្យដឹងថា កម្មវិធីមហោស្របសិល្បៈមហាជនឆ្នាំ ២០១១ ប្រព្រឹត្តទៅរយៈពេល១៩ ថ្ងៃ គឺចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១១ ដោយមានក្រុមសិល្បៈចំនួន ៤៩ ក្រុម មកពីទូទាំងប្រទេសសំដែង ល្ខោនបាសាក់ យីកេ ល្ខោនខោល របាំប្រពៃណី អាយ៉ៃ ។ល។ ក្នុងគោលបំណងចូលរួមអបអរទិវាវប្បធម៌ជាតិនៅខែមីនាខាងមុខនេះ។
រូបថត(ស៊ឹម លាភ)
No comments:
New comments are not allowed.