នាព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០១១ នៅទីស្តីការគណៈរដ្ឋមន្រ្តីឯកឧត្តមបណ្ឌិត សុខ អានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលជួបពិភាក្សា ការងារជាមួយលោកជំទាវ អាន ហូគ្លុន (Anne Hoglund) ឯកអគ្គរាជទូតនៃរាជាណាចក្រ ស៊ុយអែតថ្មីប្រចាំនៅកម្ពុជា ដែលមានបំណងឈ្វេងយល់ពីដំណើរការ នៃកម្មវិធីកំណែទម្រង់ របស់រាជរដ្ឋាភិបាល និងសភាពការណ៍វិវឌ្ឍថ្មីៗរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
នៅក្នុងជំនួបពិភាក្សានោះឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា ភាពតានតឹងរវាងកម្ពុជា-ថៃនាពេលកន្លងមក ពិសេសសង្គ្រាមឈ្លានពាននាពេលថ្មីៗនេះ គឺដោយសារតែភាគីថៃប្រើប្រាស់ផែនទីចម្លែក សំងាត់ ផលិតដោយឯកតោភាគី ដើម្បីឈ្លានពាន ប្រទេសកម្ពុជារំលោភលើសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេឆ្នាំ ១៩៦២ ដែល គាំទ្រ និងទទួលស្គាល់ផែនទីដងរែក ដែលផលិតឡើងក្រោមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងការកំណត់ព្រំដែនរវាង ប្រទេសទាំងពីរកម្ពុជា-ថៃ។
ឯកឧត្តមបណ្ឌិត សុខ អាន បានបញ្ជាក់ថា វត្តមានអ្នកជំនាញការដើម្បីពិនិត្យវាយ តម្លៃការខូចខាតប្រាសាទព្រះវិហារ និងវត្តមានអ្នកសង្កេតការណ៍ពីអង្គការសហប្រជាជាតិ ឬ មកពីអាស៊ាន គឺជាភារកិច្ចដ៏ឧត្តុងឧត្តម ដើម្បីបញ្ឈប់សង្រ្គាមឈ្លានពានពីភាគីថៃ និងបង្កើតឲ្យ មានការជឿជាក់រវាងភាគីទាំងពីរ ព្រមទាំងដើម្បីជួយសង្រោះប្រាសាទព្រះវិហារ ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោក។ ការជម្រុញណាមួយឲ្យវិលទៅរកការចរចាទ្វេភាគីគឺដូចជា ទុកឱកាស ឲ្យភាគីថៃបិទទ្វារវាយប្រហារលើកម្ពុជា។
ឯកឧត្តមបណ្ឌិត សុខ អាន ក៏បានជម្រាបជូនលោកជំទាវ អាន ហូគ្លុន (Anne Hoglund) ឯកអគ្គរាជទូតនៃរាជាណាចក្រស៊ុយអែត អំពីដំណើរការនៃសាលាក្តីកាត់ ទោសមេដឹកនាំខ្មែរក្រហម ដែលកន្លងមកត្រូវបានចាត់ទុកជាគំរូសម្រាប់ពិភពលោក និងតំបន់ ដែលរួមមានការចំណាយពេលតិចជាងមួយឆ្នាំសម្រាប់បង្កើតបទបញ្ជាផ្ទៃក្នុង និងចាប់ខ្លួនជន សង្ស័យ ការចំណាយថវិកាតិច និងមានការចូលរួមដោយផ្ទាល់ក្នុងសវនាការពីភាគីជនស៊ីវិល ជាសាក្សី និងជាដើមបណ្ដឹង ក៏ដូចជាអំពីដំណើរការនៃកម្មវិធីកំណែទម្រង់នានារបស់ រាជរដ្ឋាភិបាល ជាអាទិ៍មានកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធានាការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការតាមរយៈ ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ និងការប្រឆាំងអំពើពុករលួយជាដើម។
លោកជំទាវ អាន ហូគ្លុន (Anne Hoglund) ឯកអគ្គរាជទូតនៃរាជាណាចក្រ ស៊ុយអែត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះព័ត៌មាននានា ដែលផ្តល់ដោយឯកឧត្តម បណ្ឌិតឧបនាយករដ្ឋមន្រ្តី សុខ អាន។ លោកជំទាវឯកអគ្គរាជទូតស៊ុយអែតថ្មីបានមាន ប្រសាសន៍បញ្ជាក់ថា ក្នុងឱកាសមានវត្តមាននៅកម្ពុជាលោកជំទាវនឹងខិតខំជម្រុញ ឲ្យទំនាក់ ទំនងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច រវាងប្រទេសទាំងពីរស៊ុយអែត-កម្ពុជា កាន់តែមាន ការរីកចំរើន។
No comments:
New comments are not allowed.