Tuesday, February 15, 2011

បទសម្ភាសន៍ ​លោក​បណ្ឌិត ឈឹម ផលវរុណ ស្តីពីសង្គ្រាមឈ្លានពានរបស់សៀម មកលើព្រះរាជាណាចក្រកម្ពុជា ​ ​ ថ្ងៃទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១១


បទសម្ភាសន៍ ​លោក​បណ្ឌិត ឈឹម ផលវរុណ ស្តីពីសង្គ្រាមឈ្លានពានរបស់សៀម មកលើព្រះរាជាណាចក្រកម្ពុជា ​ ​ ថ្ងៃទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១១

លោក សត្យារក្ស
សំនួរ ៖​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ស្នើរ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុ​ខ​ អ.ស.ប ឲ្យ​កោះ​ប្រជុំ​ជា​បន្ទាន់​ ដើម្បី​ជួយ​ដោះ​ស្រាយ​ពី​បញ្ហា​សង្គ្រាម​ឈ្លាន​ពាន​ដែល​បង្កឡើង​ដោយ​ចោរ​សៀម​ បន្តែ​អ្នក​នយោ​បាយ​ប្រឆាំង​នៅ​កម្ពុជា​បាន​ចោទ​ប្រកាន់​ថា ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​គឺ​ជា​ការ​យឺត​យាវ​​។ ដូច្នេះ​ជុំ​វិញការ​ចោទប្រកាន់​នេះ​ តើ​លោក​បណ្ឌិត​មាន​អ្វី​ពន្យល់​ដល់​ជន​រួម​ជាតិ?
លោកបណ្ឌិត​ ឈឹម ផលវរុណ
ចម្លើយ៖ ជា​ដំបូង​មុន​នឹង​ចូល​ដល់​ប្រធាន​បទ​នេះ​ ខ្ញុំ​សូម​ទាញ​ចំណាប់​អារម្មណ៍​ប្រជា​ពលរដ្ឋ​ឲ្យ​យល់​ ដើម្បី​ទប់​ស្កាត់​នូវ​ឧបាយ​កល​ទុច្ចរិត​របស់​រដ្ឋាភិបាល​ក្រុង​បាង​កក​ ដែល​មាន​ក្រុម​ជ្រល​និយម​អាវ​លឿង​រួម​គ្នា​ជាមួយ​រដ្ឋាភិបាល​ និង​ក្រុម​សក្តិភូមិ​ថៃ​ គឺ​មាន​គំនិត​ធ្វើ​សង្រ្គាម​ឈ្លាន​ពាន​មក​លលើ​ព្រះរាជាណាចក្រ​កម្ពុជា​​។​
-នៅ​ពេល​ដែល​មាន​សង្គ្រាម​ឈ្លាន​ពាន​បែប​នេះ​ប្រជា​ពលរដ្ឋ​ត្រូ​វ​រួម​គ្នា​ជា​ធ្លុង​មួយ​ ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ឈ្លាន​ពាន​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ និង​ជា​ពិសេស​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​ខ្មែ​​រ​មិន​យល់​ចេះ​តែ​ចោទ​ប្រកាន់​មកលើ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​។​ តាម​ពិត​ពួក​គណបក្ស​ប្រឆាំង​គ្មាន​គំនិត​ប្រាកដ​និយម​ក្នុង​ការ​ចោទ​ប្រកាន់​​​ជាមួយ​និង​​ ពួក​រដ្ឋាភិបាល​សៀម​ឈ្លាន​ពាន​នោះ​ទេ​ ពួកគេ​គ្រាន់​តែ​គាំទ្រ​នូវ​សារលិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ផ្ញើរ​ទៅ​ក្រុម​ប្រឹក្សាសន្តិសុខ​ អ.ស.ប តែ​ប៉ុណ្ណោះ​ តាម​ពិត​ពួក​គេ​មិន​ហាន​ថ្កោល​ទោស​នាយករដ្ឋមន្រ្តី​អាប់ភីស៊ីត​នៅ​ឡើយ​ទេ​។​
លោក សត្យារក្ស
សំណួរ៖ ​តើការ​កោះ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ អ.ស.ប ពេល​នេះ​វា​ជា​ទម្ងន់​គាបសង្កាត់​ទៅ​លើ​រដ្ឋាភិបាល​សៀម​បែ​ប​ណា​ដែរ​ទៅ​?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ​នេះ​ជា​ចំណុច​សំខាន់​ ដែល​ល​បង​ប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​ធ្វើ​ការ​តាម​ដាន​បន្ត​។​ ថ្ងៃ​នេះ​គឺ​ជាការ​កោះ​ប្រជុំ​បន្ទាន់​របស់​ អ.ស.ប​ ពាក់​ព័ន្ធ​ទៅ​នឹ​​ការ​ឈ្លាន​ពាន​របស់​ថៃ​ តាម​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។​ ខ្លឹម​សារ​នៃ​ការ​ស្នើ​សុំ​កោះ​ប្រជុំ​នេះ​មិន​មែន​មាន​ន័យ​ថា​ យើង​ទៅ​ពឹង​ពាក់​បរទេស​ ឬ​ អ.ស.ប ឲ្យ​មក​ដោះ​ស្រាយ​វិវាទ​បញ្ហាព្រំដែន​កម្ពុជា​ថៃ​នោះ​ទេ​ និង​មិនមែន​ស្នើ​សុំ​ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ​ឲ្យ​មក​សម្រប​សម្រួល​ទំនាស់​រវាង​កម្ពុជា​ថៃ​នោះ​ទេ​។ ការ​ស្នើ​សុំ​នេះ​គឺ​ដើម្បី​ឲ្យ​អង្គការ​នេះ​មក​រក្សា​សន្តិសុខ​ និង​សន្តិភាព​នៅ​ក្នុង​តំបន់​ ក៏ដូច​ជា​នៅ​ក្នុង​ពិភពលោក​ទាំងមូល​។​ ចំណុច​នេះ​គឺ​សំដៅ​ ដើម្បី​ទប់​ស្កាត់​នូវ​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​កម្ពុជា។​ បញ្ហា​ព្រំ​ដែន​របស់​កម្ពុជា-ថៃ​​ គឺ​ត្រូវ​បាន​កំណត់​​ច្បាស់​លាស់​នៅលើ​ផែនទី​ដែល​បាន​គូស​ដោយ​​​យោង​លើ​សន្ធិសញ្ញា​បារាំង​-សៀម១៩០៤ -១៩០៧ -​១៩០៨ ជា​បន្ត​បន្ទាប់​។ ហើយ​ថ្មីៗ​នេះ​ប្រទេស​បារាំង​​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ផ្តល់​នុវ​ឯកសារ​ទាំង​នេះ​ដើម្បី​ជា​ភស្តុតាង​​បង្ហាញ​ ដល់​ក្រុម​ប្រឹក្សាសន្តិសុខ អ.ស.ប​ ផង​ដែរ​។​ ម្យ៉ាង​ទៀត​នៅ​លើ​ទិដ្ឋភាព​ជាក់​ស្តែង​ គឺ​នៅ​លើ​ទឹក​ដី​ក៏​គ្មាន​បញ្ហាណា​ដែល​ពាក់​ព័ន្ធ​ដូច​ថៃ​ ដែល​បាន​ចោទ​ប្រកាន់​ថា មាន​តំបន់​ ៤.៦ គមនោះដែរ ពី​ព្រោះ​យើង​មាន​សាលដីកា​កាត់​ក្តី​ដោយ​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ទី​ក្រុង​ឡាអេ​ សន្ធិសញ្ញា​ និង​អនុសញ្ញា​បារាំង​-សៀម​ បាន​កំណត់​រួច​ទៅ​ហើយ​ ។​ ​
-​សង្គ្រាម​ឈ្លាន​ពាន​ដែល​បង្ក​ឡើង​ដោយ​ទាហ៊ាន​សៀម​ ដែល​មាន​បញ្ជា​ពី​រដ្ឋាភិបាល​ក្រុង​បាង​កក​ និង​​ក្រុម​សក្តិភូមិ​ ​ពេល​នេះ​គឺ​មាន​ភស្តុតាង​ជាក់​ស្តែង​​​ក្នុង​ការ​លុក​លុយ​ចូល​ទឹក​ដី​កម្ពុជា​ ព្រម​ទាំង​បាញ់​គ្រាប់​ផ្លោង​ដើម្បី​បំផ្លាញ​​នូវ​សម្បត្តិ​បេតិកភណ្ឌពិភពលោក គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង​។​ ការ​បំផ្លិច​បំផ្លាញ​វត្ត​កែវ​សិក្ខាគីរីស្វារៈ​​ ក៏​ជា​ការ​រំលោភ​បំពាន​នូវ​ធម្មនុញ្ញ​របស់ អ.ស.ប​ ផងដែរ​។​ បន្ថែម​លើ​នេះ​ទៀត​ទាហ៊ាន​ថៃ​បាន​​ប្រើ​ប្រាស់​នូវ​អាវុធ​ ដែល​ត្រូវ​គេ​ហាម​ឃាត់​នៅ​ក្នុង​សង្រ្គាម​ ដូច​ជា​គ្រាប់​បែក​ចង្កោម​ និង​អាវុធ​គីមី​ ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​ស្ថាប័ន​ CMAC ។​ សារជាតិ​ទុច្ចរិត​ប្រឆាំង​និង​ច្បាប់​អន្តរជាតិ​នេះ​ហើយ​ ដែល​ជា​ភស្តុតាង​ក្នុង​ការ​ជជែក​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប​ នាពេល​នេះ​។​
លោក សត្យារក្ស
សំណួរ៖ ​ប្រសិនបើ​ក្រុម​ប្រឹក្សាសន្តិសុខ​ អ.ស.ប​ រក​ឃើញ​ថា​ប្រទេស​សៀម​ធ្វើ​សង្គ្រាម​​ឈ្លាន​ពាន​​ និង​ប្រើប្រាស់​នូវ​អាវុធ​ហាម​ឃាត់​ដោយ​​ធម្មនុញ្ញ​ អ.ស.ប​ ពិត​មែន​តើ​ក្រុម​ប្រឹក្សា​នេះ​មាន​សិទ្ធិ​ផ្តន្ទា​ទោស​​ដល់​ប្រទេស​នោះ​ដែរ​ឬទេ​?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ​កម្មវត្ថុ​ស្នូល​នៃ​លិខិត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្តឹង​ទៅ​ អ.ស.ប​ នេះ​គឺ​ជា​បង្ហាញ​អំពី​ភស្តុតាង​ទាំង​ឡាយ​ ដែល​ទាហ៊ាន​សៀម​ និង​រដ្ឋាភិបាល​អាប់ភីស៊ីត​ បាន​ប្រើ​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​មក​លើ​កម្ពុជា​​​។​ ចំណុច​នេះ​គឺ​ដើម្បី​ឲ្យ​អង្គប្រជុំ​ពិនិត្យ​ និង​ធ្វើ​ចំណាត់​ការ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ និង​​​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដោយ​សារ​ការ​ប្រើ​ប្រាស់​នូវ​គ្រាប់បែក​ចង្កោម​ និង​អាវុធគីមី​ដែល​លោក​ហាមឃាត់​។
លោក សត្យារក្ស
សំណួរ៖ ថ្មីៗ​នេះ​រដ្ឋាភិបាល​សៀម​បាន​គំរាម​កំហែង​បេសកជន​របស់​អង្គការ​យូណេស្កូ ​ដោយ​មិន​ឲ្យ​មក​ពិនិត្យ​មើល​នូវ​ការ​ខូច​ខាត​របស់​ប្រាសាទព្រះវិហារ​ ដែល​បំផ្លិច​បំផ្លាញ​ដោយ​ទាហ៊ាន​សៀម​។​ ចំណុច​នេះ​តើ​សៀម​អាច​ហាម​ឃាត់​សមត្ថកិច្ច​របស់​អង្គការ​យូណេស្កូ​កំរិត​ណា​ដែរ​?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ​ភាព​ក្រ​អើត​ក្រទមរបស់​រដ្ឋាភិបាល​ក្រុង​បាង​កក​មក​លើ​អង្គការ​ យូណេស្កូ ​បែប​នេះ​បង្ហាញ​អំពី​ចរិត​ទុច្ចរិត​ និង​ល្បិច​កល​របស់​ថៃ​ ក្នុង​ការ​​បំពាន​ និង​បំផ្លិច​បំផ្លាញ​នូវ​សម្បត្តិ​ធម៌​របស់​មនុស្ស​ជាតិ​ទាំង​មូល​​។ ជាក់​ស្តែង​ការ​បាញ់​ផ្លោង​ដើម្បី​កំទេច​ប្រាសាទ​ និង​ទី​វត្ត​អារាម​បញ្ជាក់​អំពី​ភាព​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ថែរក្សា​ និង​អភិរក្ស​សម្បត្តិ​បេតិភណ្ឌ​ពីភពលោក​។ ​


លោក សត្យារក្ស
សំណួរ៖​​ អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន​ បាន​បង្កើត​ជា​មូល​និធិ​មួយ​ ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជា​ជន​​ ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​យុទ្ធ​ជន​ក្នុង​សមរភូមិ​មុខ ចំណុច​នេះ​បង្ហាញ​​យ៉ាង​ណា​ដែរ​អំពី​​ទស្សនៈជាតិ និង​ទឹក​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​យើងក្នុង​សម័យ​តេជោ​​នា​ពេល​នេះ​?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖​ ​ត្រង់​ចំណុច​នេះ​បង្ហាញថា កម្ពុជា​កំពុង​តែ​ឈរ​នៅ​លើ​​ការ​ឯកភាព​ជាតិ​មួ​យ​​ដ៏រឹង​មាំ​ ដោយ​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​មាន​សំលេង​តែ​មួយ​ក្នុង​ការ​គាំទ្រ​ប្រមុខ​រាជរដ្ឋាភិបាល​។​ ការ​ចូលរួម​យ៉ាង​គគ្រឹក​គគ្រេង​​​ដោយ​ទឹក​ចិត្ត​ស្មោះ​សរ​គ្រប់​ស្រទាប​វណ្ណៈ​ក្នុង​សង្គម​ចំពោះ​មូលនិធិ​បាយ័ន​ ក៏ដូច​ជា​ទូរទស្សន៍​ CTN ​ដែល​ក្នុងនោះ​មាន​តំាង​ពី​កុមារា កុមារី​​ ក៏​ចូលរួម​ផង​ដែរ​។ ​


សម្រង់​ព័ត៌មានៈ លោក នូ សាវុធឌី​​

No comments: