នាព្រឹកថ្ងៃទី១៥
ខែកុម្ភៈ ឆ្នាំ ២០១១ នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥៩ ដែលជាផ្លូវយុទ្ធសាស្ត្រដ៏មានសារៈសំខាន់សម្រាប់ធ្វើចរាចរសេដ្ឋកិច្ច
និងការពារបូរណភាពទឹកដីរបស់កម្ពុជានោះ។
វត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី
នៅក្បែរព្រំដែន កម្ពុជា-ថៃ បានជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទូទៅព្រោះថា
វាមិនមែនត្រឹមតែបានបង្ហាញនូវភាពអង់អាចក្លាហានប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាគំរូក្នុងភាពជា“អ្នកដឹកនាំ”
របស់សម្តេចនៅពេលដែលសភាពការណ៍ព្រំដែននៅតានតឹងនៅឡើយ បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាបានចាប់ផ្តើមជាថ្មីកាលពីថ្ងៃទី
០៤ កុម្ភៈ រហូតមកដល់ថ្ងៃទី ០៧ កុម្ភៈ ដែលបង្កឱ្យយុទ្ធជន និងប្រជាពលរដ្ឋកម្ពុជាស្លាប់ចំនួន
៥ នាក់ របួស ៤៥ នាក់ខូចខាតប្រាសាទព្រះវិហារជាទីសក្ការៈ និង ទ្រព្យសម្បត្តិមួយចំនួនទៀត។
នៅក្នុងសង្កថា សម្តេចតេជោបានផ្តាំផ្ញើតាមរយៈឯកឧត្តម
ផាន គ័ងស៊ា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ
ប្រជាមានិតចិន ប្រចាំនៅកម្ពុជាជូនចំពោះប្រជាជននិងរដ្ឋាភិបាលចិន ដែលជាម្ចាស់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ
និងបានកត់សម្គាល់ថា “រដ្ឋាភិបាលនិង ប្រជាជនចិន ជាមិត្តជិតស្និទ្ធជាប្រវត្តិ
សាស្ត្រ”ផងដែរ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ជារួមប្រទេសចិនតែងបានគិតគូរដល់ការជួយកម្ពុជា
លើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលគឺលើ ទឹក ភ្លើង ផ្លូវ និងមនុស្សដោយបានផ្តល់នូវការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ហើយបានជួយដល់កិច្ចការពារ
សន្តិភាព អធិបតេយ្យភាព របស់ប្រទេសជាតិកម្ពុជា
និងពង្រីកដល់កិច្ចសហប្រតិបត្តិការជាមួយប្រទេស ជិតខាងទៀតផង។
សម្តេចតេជោបានគូសបញ្ជាក់ថា មិត្តចិនជាប្រទេសដែលបានជួយកម្ពុជាទាំងការធ្វើសមាហរណកម្មផ្ទៃក្នុងផង
និងធ្វើសមាហរណកម្មជាមួយបណ្តាប្រទេស ជិតខាងផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា បន្ទាប់ពីសាងសង់រួច
ផ្លូវជាតិនេះប្រាកដជានឹងក្លាយទៅជាផ្លូវ យុទ្ធសាស្ត្រដ៏សំខាន់
និងរឹងមាំបំផុតពីព្រោះតែផ្លូវជាតិនេះ គឺជាផ្លូវជាតិទី ១ ដែលលាតសន្ធឹងយ៉ាងវែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
សសៀរតាមរបៀងខាងលិចខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបងឆ្ពោះ ទៅទីរួមខេត្តប៉ៃលិន
។ លក្ខណៈ សំខាន់មួយទៀតគឺផ្លូវនេះត្រូវតភ្ជាប់ទៅនឹងផ្លូវជាតិលេខ ៥៨ បេ
ត្រង់សំពៅលូនខេត្តបាត់ដំបង និងតភ្ជាប់ទៅថ្មគោល- បវេល-ភ្នំព្រឹក-កំរៀងនោះ។ សម្តេចតេជោថ្លែងថា
ការតភ្ជាប់ប្រទាក់ក្រឡានេះ អាចនឹងផ្តល់លទ្ធភាពងាយស្រួលជាច្រើនជម្រើស សម្រាប់ការចរាចរដឹកជញ្ជូនទៅកាន់ទីរួមខេត្តបាត់ដំបង
និងបន្តទៅទីរួមខេត្តប៉ៃលិន និង អាចបន្តតាម ផ្លូវជាតិលេខ ៥៧ ដែលសាងសង់បាន ៩៥%ដោយឥណទានរបស់រដ្ឋាភិបាលចិនដែរនោះឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ថៃត្រង់ច្រកផ្សារព្រំ។
ឯកឧត្តម ត្រាំ អ៊ីវតឹក
រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនថ្លែងថាផ្លូវជាតិលេខ ៥៩ នេះគ្រោងចំណាយថវិកាសរុបប្រមាណ
៧២ លាន ៨៨៨ ដុល្លារអាមេរិក ដែលជាកំចីឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា
ដែលប្រើ រយៈពេលសាងសង់ចំនួន ៣៦ខែនឹងគ្រោង បញ្ចប់នៅខែមីនាឆ្នាំ ២០១៥ ។
ឯកឧត្តម ផាន គ័ងស៊ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន
បានមានប្រសាសន៍ថា ប្រទេសចិនជាអ្នកជិតខាងល្អ ។ មិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជាបានដក់ជាប់នៅក្នុងចិត្តរបស់ប្រជាជនយើងទាំងពីរហើយក្នុងកាលៈទេសៈថ្មីៗនេះ
ប្រជាជនយើងទាំង ពីរត្រូវរួមដៃជា មួយគ្នាដើម្បីពង្រឹកមិត្តភាព និងពង្រីកសហប្រតិបត្តិការលើគ្រប់វិស័យ
។
ឯកឧត្តម ផាន គ័ងស៊ា មានប្រសាសន៍ឲ្យដឹងថា
គម្រោងទាំងឡាយដែលរួមមាន ការបើកការដ្ឋានសាងសង់កំពង់ ផែថ្មី ការបើកការដ្ឋានសាងសង់ស្ពានជ្រោយចង្វារថ្មីក៏ដូចជាស្ពានឆ្លងកាត់ទន្លេបាសាក់
នៅតាខ្មៅ នៅពេលឆាប់ៗខាងមុខនេះគឺជាការចាប់ផ្តើមសារជាថ្មីនឹងក្នុងកម្រិតខ្ពស់នៃកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលប្រទេស ចិននឹងរួមវិភាគទានយ៉ាងធំធេង
ចំពោះការ កសាងហេដ្ឋារចនាសម័ន្ធនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូតមានប្រសាសន៍តាមរយៈអ្នកបកប្រែភាសាថា
រដ្ឋាភិបាលចិនគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ
ការអភិវឌ្ឍសេដ្ឋកិច្ច ហើយប្រទេសចិនរីករាយដែលឃើញ ប្រទេសកម្ពុជាប្រកបដោយសន្តិភាព
ស្ថិរភាពនិងមានការអភិវឌ្ឍ។ប្រទេសចិនស្ម័គ្រចិត្តផ្តល់ជំនួយដល់កម្ពុជាទៅតាមលទ្ធភាពដែលខ្លួនមាន
។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ ៥៩
មានប្រវែង ១៤៤,២៧ គ,ម តភ្ជាប់ពីទីប្រជុំជនស្រុកកំរៀងស្រុកភ្នំព្រឹក និង
ស្រុកម៉ាឡៃ ទៅព្រំប្រទល់ថៃដែលមានប្រវែង ៤,២គម ដែលចំណុចចាប់ផ្តើមគម្រោងនេះស្ថិតនៅត្រង់គីឡូម៉ែត្រលេខ
៣៩៣ បំបែកពីផ្លូវជាតិលេខ ៥ ត្រង់ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ
ហើយ ដែលចំណុចបញ្ចប់ស្ថិតនៅ ត្រង់គីឡម៉ែត្រលេខ ៩០ផ្លូវជាតិលេខ ៥៧ ត្រង់ភូមិភ្នំកុយ
ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ែលិនដែលស្ថិតនៅ ឆ្ងាយពីក្រុងប៉ៃលិនប្រមាណ
២៥០០ ម៉ែត្រ ។មកដល់ពេលនេះ លើការស្តារ
និងអភិវឌ្ឍផ្លូវស្ពានរបស់កម្ពុជាដែលសាងសង់ដោយឥណទាននិង បែបហិរញ្ញប្បទាន បានចប់សព្វគ្រប់របស់ប្រទេសចិនមានប្រវែងប្រមាណជាង
១៥០០គ,ម ស្មើនឹងប្រមាណ ២/៣ នៃប្រវែងផ្លូវជាតិ ដែលបាន និងកំពុងស្ថាបនានៅទូទាំងប្រទេសនោះ។
No comments:
New comments are not allowed.