Thursday, February 03, 2011

បទវិចារណកថា ៖ គណបក្សប្រឆាំង​ពីរនៅ​កម្ពុជា កំពុងប្រើ​ល្បិចកេង​ចំ​ណេញ​រៀង​ៗខ្លួន

          គណបក្ស​ប្រឆាំង​ពីរ​នៅ​កម្ពុជា គឺគណបក្ស​សម រង្ស៊ី និង​គណបក្ស​ សិទ្ធិ​មនុស្ស បាន​ដើរ​មក​ដល់​ភាព​បរាជ័យ​ដ៏​អាម៉ាស់​ ដោយ​សារ​ចំ​ណង​សម្ព័ន្ធ​ភាព​របស់​ពួក​គេត្រូវ​ដាច់​ដោច ហើយ​ពុំ​មាន​សញ្ញាណាមួយ​អាច​នឹង​កើត​មាន​នូវការ​ចុះ​សម្រុង​គ្នា​បាន​ឡើយ ពី​ព្រោះមេបក្ស​ទាំងពីរនេះ ​ម្នាក់​ៗអួត​ថា «ជាអ្នក​ខ្លាំង​រៀង​ៗខ្លួន»។
          ជម្ងឺនៃ​ការបែក​បាក់​គ្នា​ ឬរស់​នៅ​ជាមួយ​គ្នា​មិន​បាន​នោះ ពី​ព្រោះ​ពួក​គេប្រកាន់ខ្ជាប់តែចរិត​ក្បាល​រឹង​ មិន​សុខចិត្ត​ស្មើ ឬ​នៅ​ក្រោម​អ្នក​ណាមួយ​បាន​ ហើយ​វិវាទ​ខ្វែង​គំ​និត​គ្នា​​នោះ គឺត្រូវ​បាន​​ស្តែង​ឡើង​តាម​រយៈការ​ឆ្លើយ​ឆ្លង​លិខិត​រវាងគ្នាទៅ​វិញ​ទៅ​មក​នាពេល​ថ្មី​ៗនេះ​។
          លោក កឹម សុខា ប្រធាន​គណបក្ស​ សិទ្ធិ​មនុស្ស បាន​ផ្ញើ​លិខិត​ជូន​លោក សម រង្ស៊ី​ ដើម្បី​ពន្លឿន​ការ​ចរចារ​គ្នា​ដើម្បី​បង្កើត​គណបក្សថ្មី​មួយរួម​គ្នា​ ក្នុង​បំ​ណង​ផ្តួលរំ​លំ​គណបក្ស​ប្រជា​ជន​កម្ពុជានា​អណត្តិ​ក្រោយ​។ ប៉ុន្តែ
         
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១ ប្រធាន​គណបក្សសម រង្ស៊ី បានផ្ញើលិខិតឆ្លយ​តប​មក​វិញ ដោយ​បញ្ជាក់​នូវ​ជំ​ហររបស់​ខ្លួន​ថា​ . រក្សាឈ្មោះគណបក្ស សម រង្ស៊ី ជាគណបក្សរួម​ ហើយ​ឈ្មោះ​គណបក្សនេះ​នឹងផ្លាស់​ប្តូរ​​នៅពេលលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ ​ដែលយើងទទួលបាន​យ៉ាងតិច១ភាគ៣នៃអាសនៈរដ្ឋសភា​ទាំង​មូល​ និង២. ផ្តល់សិទ្ធិជូនថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្សនូវតួនាទីជាអនុប្រធាន និងអគ្គលេខាធិការរង ​រួម​ទាំងតំណែងផ្សេងៗទៀតក្នុងរចនាសម្ព័ន្ធគណបក្សចំនួន១ភាគ៤”អាសនៈ១ភាគ៤នេះគិតទៅតាមសមាមាត្រនៃសន្លឹកឆ្នោត​​​​​​​​​ដែលគណបក្សសម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស បានទទួលក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨
          ការ​ច្រាន​ចោល​នូ​សំ​ណើររបស់​គណបក្ស​សិទ្ធិ​មនុស្ស មាន​តម្លៃស្មើ​នឹង​ការ​ទះ​កំ​ភ្លៀង​មួយ​ដៃ​យ៉ាង​ពេញ​ទំ​ហឹង​ចំ​កណ្តាល​មុខលោក កឹម សុខា​ ដែល​ លោក​កឹម​ សុខា​ មិន​អាច​ទទួល​យល់ព្រម​បាន​ឡើយ​។  ភ្លាម​ៗនោះ​គណបក្ស​សិទ្ធិមនុស្ស​បានសរសេរលិខិតជាបន្ទាន់​មួយ​ឆ្លើយតបទៅវិញថាៈ រូបមន្តរបស់ លោក សម រង្ស៊ី មិនមែន​​ជា​ការរួបរួមគ្នាដោយទូលំទូលាយ យកផលប្រយោជន៏ជាតិធំជាងប្រយោជន៏បក្សពិតប្រាកដទេ ផ្ទុយ​ទៅវិញ គ្រាន់តែចង់រំលាយគណបក្ស សិទ្ធិមនុស្ស  តែប៉ុណ្ណោះ ។
        មហាជន​ដែល​ជាអ្នក​តាម​ដាន​ស្ថាន​ការ​ណ៍​នយោបាយនៅ​កម្ពុជា គេបាន​ទស្សន៍​ទាយ​ទុក​ជាមុន​ហើយ​ថា​ គណបក្ស​ទាំង​ពីរ​នេះ​ គ្មាន​ផ្លូវ​នឹង​អាច​រួម​គ្នា​បាន​នោះ​ឡើយ​ ពី​ព្រោះ​ពួក​គេ​ម្នាក់​ៗសុទ្ធ​តែ​តាំង​ខ្លួន​ជាខ្លា ឬ​ការ​ពារ​ជានិច្ច​នូវ​ទស្សនៈបុគ្គល​ខ្លួន​គេ ។ លោក កឹម​ សុខា​ បាន​ប្រកាសខ្លួន​ប្រកប​ដោយ​មោទ​នៈភាព​ថា​ គណបក្ស​សិទ្ធិ​មនុស្ស​ របស់​គាត់​ គឺ​ជា​គណបក្ស​ខ្លាំង​ ជាគណបក្ស​ប្រជាធិ​បតេយ្យ​​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គណបក្ស​ សម​រង្ស៊ី​ ហើយ​បាន​ស្មើឲ្យ​សមាជិក​គណបក្ស​ សម រង្ស៊ី​ គួរត្រូវ​ចូល​រួម​ជាមួយ​គណបក្ស សិទ្ធិ​មនុស្ស បើ​ទោះ​ណា​ជា​ប្រធាន​បក្ស​ លោក សម​ រង្ស៊ី​ មិន​ចូល​ក៍​ដោយ​ចុះ។ ចំ​នុច​នេះ​ បង្ហាញ​ថា​ បក្ស​សិទ្ធិ​មនុស្ស​មិនសុខចិត្ត​ឱន​ក្បាលជ្រក​ក្រោម​ស្លាក​គណបក្ស​ សម រង្ស៊ី​ ឬ​ក្រោម​ការ​ដឹក​នាំ​របស់​លោក សម រង្ស៊ី​ ជា​ដាច់​ខាត​ ក្នុង​ន័យ​នេះគេអាច​សង្ស័យ​ថា​​ទំ​នង​ជា​លោក កឹម​ សុខា ​ដឹង​ថា​លោក សម​ រង្ស៊ី​ គ្មាន​ផ្លូវ​ចូល​ស្រុក​ដើម្បី​ធ្វើ​នយោបាយ​វិញ​បាន​នោះ​ទេ​ ពី​ព្រោះ​លោក​មិន​ទាន់​ត្រូវ​បាន​មក​ទទួល​ទោសពី​បទ​ល្មើសដកតម្រុយ​បង្គោល​ព្រំ​ដែន​ ​ក្លែង​ឯកសារ​ផែន​ទី​ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​១២ឆ្នាំ​ និង​ពិ​ន័យ​ជា​ប្រាក់​រាប់​លាន​រៀល​។       ​​​  ​                             ​             ម៉្យាង​ទៀត​ លោក កឹម សុខា​ អាច​គិត​ថា ការ​អវត្ត​មាន​របស់​លោក កឹម សុខា បូក​រួម​ជា​មួយការ​ចុះ​ខ្សោយ​​​នៃ​សម្លេង​គណបក្ស សម រង្ស៊ី​ គឺជា​ឱកាសមាសរបស់​លោក កឹម សុខា​ ​បើ​ទោះ​ណា​ជា​គណបក្ស​ លោក កឹម​ សុខា​ បាន​ទទួល​តែ​៣កៅ​អី​ ហើយ​គណបក្ស​ សម​ រង្ស៊ី​ ទទួល​បាន២៦ កៅ​អី​ ក៏ដោយ​។ ការ​ខ្វែង​គំ​និត​គ្នា​នេះ​ គឺហាក់​បី​ដូច​ជា​ ​គណបក្សទាំងពីបាននឹងកំពុងបញ្ចេញចង្កូមចង់លេបត្របាក់គ្នាទៅវិញទៅមក ក្នុងមហិច្ឆតា​ចង់កាន់អំណាច ដោយកេងចំណេញនយោបាយរៀងៗខ្លួន  ហើយមួយវិញ​ទៀត​ គឺគេអាចគិតថាគណបក្ស​សិទ្ធិមនុស្សមាន​ឱកាសបាន​ដើរឃោសនាបាន​ច្រើន​ជាង​ សម រង្ស៊ី​ និង​និងងាយបញ្ចុះបញ្ចូលសមាជិកគណបក្ស​តាមមូលដ្ឋាន ក្នុង​ន័យ​ថា​ស៊ីជើងក្រោមរបស់គណបក្ស សម រង្ស៊ី ”ឆ្លៀតកេងចំណេញនៅពេលដែលោក សម រង្ស៊ីកំ ពុង​ស្ថិត​នៅ​ឯក្រៅ​ប្រទេស​។ ម្យ៉ាងវិញទៀតលោក កឹម សុខា បានហៅការសន្យាផ្តល់តំណែងគឺជាបំណង​ចង់ឲ្យគណបក្សសិទ្ធិមនុស្ស​​​​​​​​​​​​ផ្តាច់ខ្លួនចូលទៅក្នុងគណបក្សសម រង្ស៊ី ដោយ​លោក កឹម សុខា​     បាន​សង្កត់​ធ្ងន់​ថា
« គោល​បំណងនៃការចង់​បង្រួបបង្រួម​នេះ​ដើម្បីបង្កើតចលនាធំមួយ ចលនាប្រជាធិបតេយ្យធំមួយ ដើម្បីយកឈ្នះ​គណបក្សកាន់​អំណាចហើយ​បើសិន​យើង​ទៅនៅផ្ទះតូចដដែល យើងនៅតែចាញ់ដដែលហ្នឹង»  លោកកឹមសុខាបានបន្ថែមទៀតថា ការរួបរួមណាមួយដែលគ្រាន់តែបែងចែកអំណាច ឬចែកកៅអីគ្នាអង្គុយ​នៅក្រោម​ផ្លាក​បុគ្គ​ឬបក្សពួកដោយមិនមានការកែទម្រង់ឲ្យមានលក្ខណៈប្រជាធិបតេយ្យផ្ទៃក្នុងទេនោះ សម្ព័ន្ធនេះ​ គឺមិនត្រឹម​តែ​មិនអាចយកជ័យជំនះលើគណបក្សកាន់អំណាចបានទេហើយថែមទាំងជុំរុញឲ្យមានការបែកបាក់គ្នាទៅវិញ។
តាមពិតបើយើងតាមដានការចងសម្ព័ន្ធភាពតាំងពីមុនបោះឆ្នោតឆ្នាំ​២០០៨ គឺ លោក កឹម សុខា បាន​ធ្វើ​ពិធីមួយក្នុងគណបក្សសិទ្ធិមនុស្ស គឺមិនឲ្យមានការរួបរួមគណបក្សដែល​គេហៅថាចលនា​ប្រជាធិ​បតេយ្យ​នោះទេ ដោយលោក កឹម សុខា បានធ្វើសន្និសិទ្ឋការសែតមួយ​ យកលេសថា ការសម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សាមិនឲ្យរួបរួម តែធាតុពិត លោក កឹម សុខា ខ្លួនឯងជាអ្នកដែលមិនមានឆន្ទៈចង់រួបរួមតាំងពីដើម ប៉ុន្តែ​ធ្វើ​ជា​លេស​ថាមាន​ការ​ឯកភាព​គ្នា​តាម​របៀប​ប្រជាធិ​បតេយ្យ​។
ឥឡូវ​នេះ​ ពុត​ត្បុត​របស់​មេបក្សទាំង​ពីរ​ត្រូវ​បាន​បង្ហាញ​ជាសាធារណហើយ​ ថា​ ទាំង​បុគ្គល សម រង្ស៊ី ក៏ដូច​ជា​កឹម​សុខា សុទ្ធតែ​ជា​ជនផ្តាច់ការក្នុង​បក្ស​ដូច​គ្នា មួយ​មិន​អនុញ្ញាត​ឲ្យ​ប្តូរ​ឈ្មោះ​ពី​សម រង្ស៊ី​ បាន​ឡើយ​  និង​ម្ខាង​ទៀត​មិន​សុខចិត្ត​យក​ឈ្មោះ​ដែល​ខ្លួន​គិត​ថា​​ បាន​អាប់​ឱន ឬ​ជា​អ្នក​ទោស​ ​គ្មាន​កិត្តិ​យសក្នុង​សង្គម​មក​ដឹក​នាំ​ខ្លួន​ជា​ដាច់​ខាត​។​
បើ​ទោះ​ជា​យ៉ាងនេះក្តី​ គេបាន​មើល​ឃើញ​ថា​គណបក្ស​ទាំង​ពីរ​នេះ​គ្មាអ្វី​ជា​ជំ​ហរ​នយោបាយ​ច្បាស់​លាស់​ ក្រៅ​ពី​ដើរ​ប៉្រូ​ ភូតភរ កុហក់និង​ការ​ប្រកាន់​យកជាអាជីពនយោបាយដើរសុំលុយពីបងប្អូន​នៅ​ក្រៅប្រទេស​មក​ជេរ​រដ្ឋាភិបាលរាល់ថ្ងៃ គឺ​ពុំ​មាន​អ្វី​ជា​ដុំ​កំ​ភួន​សម្រាប់​ជួយ​ជាតិ​ឡើយ ។​ ផ្ទុយ​ទៅ​វិញ​ មជ្ឈដ្ឋាន​ប្រជាពល​រដ្ឋបាន​សម្លឹង​ឃើញ​ថា​ ភាព​បែកបាក់​របស់​បក្ស​ប្រឆាំង​ទាំង​ពី​រ​ គឺបាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋកាន់​តែ​​គាំ​ទ្រគណបក្ស​ប្រជា​ជនកម្ពុជា​​រិត​តែ​ច្រើនឡើង​ៗជា​លំ​ដាប់​ ដែល​ជាក្តី​សង្ឃឹម​សម្រាប់​ជោគ​ជ័យ​នាអណត្តិ​ក្រោយជាក់​ជា​ពុំ​ខាន៕​​ ​​
                                                                                                                                  រួម ជាតិ           

No comments: