ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះសាលាបារាំងចុងបូព៌ា ដែលមានបំណងប្រគល់ឯកសារ និងផ្ទេរចំណេះដឹងស្តីពីការអភិរក្ស និងអភិវឌ្ឍប្រាសាទបុរាណព្រមទាំងការជួសជុលប្រាសាទមេបុណ្យខាងលិចឲ្យកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារនារសៀលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១១ នៅទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយឯកឧត្តម គ្រីសស្ទាន កូណាន់ (Christian Connan) ឯអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងលោក ហ្រ្វង់ស៊ីស វ៉ារីឡែន (Franciscus Varellen ) នាយកសាលាបារាំងចុងបូព៌ា ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសាលាបារាំងចុងបូព៌ា និងរដ្ឋាភិបាលសាធារណរដ្ឋបារាំង ដែលបានជួយជួសជុលប្រាសាទបាពួន និងមានបំណងប្រគល់ឯកសារ និងផ្ទេរចំណេះដឹងស្តីពីការអភិរក្ស និងអភិវឌ្ឍប្រាសាទបុរាណព្រមទាំងបំណងចង់ជួយជួសជុលប្រាសាទមេបុណ្យខាងលិចឲ្យកម្ពុជា ដោយឯកឧត្តមបណ្ឌិត សុខ អាន បានឲ្យអាជ្ញាធរអប្សរា និងអាជ្ញាធរព្រះវិហារបន្តធ្វើការងារជាក់ស្តែងជាមួយស្ថានទូត និងសាលាបារាំងចុងបូព៌ាបន្តទៀត។
លោក ហ្រ្វង់ស៊ីស វ៉ារីឡែន (Franciscus Varellen ) បានជម្រាបជូនឯកឧត្តមបណ្ឌិត សុខ អាន ថាសាលាបារាំងចុងបូព៌ាបានបញ្ចប់ការងារជួសជុលប្រាសាទបាពួន ហើយមានបំណងបើកធ្វើសិក្ខាសិលាមួយ ដើម្បីផ្សព្វផ្សាយការងារដែលសាលាបារាំងចុងបូព៌ាបានធ្វើ រួមមានការសម្លែងសិល្បៈផង និងប្រកាសឲ្យដឹងពីការចូលរួមបន្តជួយជួសជុលប្រាសាទមេបុណ្យខាងលិច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមនាយករដ្ឋមន្រ្តីបារាំងផង នៅពេលឆាប់ៗខាងមុខនេះ។ លោក ហ្រ្វង់ស៊ីស វ៉ារីឡែន (Franciscus Varellen ) ក៏បានឲ្យដឹងផងដែរថា សាលាបារាំងចុងបូព៌ានឹងប្រគល់នូវឯកសារស្តីពីការអភិរក្ស និងអភិវឌ្ឍប្រាសាទបុរាណតាំងពីឆ្នាំ ១៩០៧ ពេលដែលសាលាបារាំងចុងបូព៌ាចូលមកជួយជួសជុលប្រាសាទ និងបង្កើតអភិរក្សដ្ឋានអង្គរឲ្យមកកម្ពុជា ក៏ដូចជាត្រៀមផ្ទេរចំណេះដឹងដល់ស្ថាបត្យករកម្ពុជាស្តីពីការអភិរក្ស និងអភិវឌ្ឍប្រាសាទបុរាណតាមរយៈទទួលធ្វើការបណ្តុះបណ្តាលផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តម គ្រីសស្ទាន កូណាន់ (Christian Connan) បានឲ្យដឹងថាស្ថានទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បានគាំទ្រគម្រោងការនានារបស់សាលាបារាំងចុងបូព៌ា នៅកម្ពុជា នឹងត្រៀមជួយសម្រួលការងារជូនចំពោះអាជ្ញាធរព្រះវិហារ ដែលមានបំណងចង់សុំអ្នកឯកទេសបារាំងដែលបានជួយជួសជុលប្រាសាទបាពួនធ្វើជាទីប្រឹក្សាពិគ្រោះយោបល់ផងដែរ។
ឯកឧត្តមបណ្ឌិត សុខ អាន ក៏បានមានប្រសាសន៍ថា ឯកឧត្តមនឹងស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការប្រគល់ជូននូវគ្រឿងឥស្សរិយយសដល់អ្នកជំនាញការបារាំង ដែលបានមកជួយជួសជុលប្រាសាទបុរាណកម្ពុជាផងដែរ ដើម្បីជាការថ្លែងអំណរគុណ។
(រូបភាព៖ ស៊ឹម លាភ)
No comments:
New comments are not allowed.