Sunday, January 02, 2011

លទ្ធផល​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៃ​ក្រុម​មិត្តភាព​ព្រឹទ្ធសភា​បារាំង​-​កម្ពុជា​

ភ្នំពេញ​: ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ល្ថាច​ថ្ងៃទី​១​កុម្ភៈ​នេះ​​ដើម្បី​បញ្ជាក់​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អនុប្រធាន​ព្រឹទ្ធសភា​បារាំង​។ សេចក្តី​​ប្រកាស​ព័ត៌មាន​បាន​ឱ្យដឹងថា​៖

​គណៈប្រតិភូ​ព្រឹទ្ធសមាជិក​បារាំង​មួយ​ក្រុម ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ កាតឺ​រីន តា​ស្កា (Catherine Tasca)  អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា​បារាំង និង​ជា​ប្រធាន​ក្រុម​មិត្តភាព​
​ព្រឹទ្ធសភា​បារាំង​-​កម្ពុជា បាន​អញ្ជើញ​មក​បំពេញ ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​២៤ ​ដល់​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១១​។​

​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ  គណៈប្រតិភូ​ព្រឹទ្ធសភា​បារាំង​មាន​ការជួប​​ពិភាក្សា​ជា​ច្រើន​ជាមួយ ព្រឹទ្ធ​សមាជិក​កម្ពុជា និង​មន្ត្រី​រដ្ឋាភិបាល ព្រម​ទាំង​ជួប​សន្ទនា​ជាមួយ​សហគមន៍​ជនជាតិ​បារាំង និង​តំណាង​សង្គម​ស៊ីវិល ជាច្រើនរូប​ទៀត។

 នៅ​ថ្ងៃ​ចុងបញ្ចប់​នៃ​​ដំណើរ​ទស្សនកិច្ច គណៈប្រតិភូ​បាន​ធ្វើដំណើរ​ទៅកាន់​ខេត្ត​សៀមរាប ដែល​នៅ​ទីនោះ ​គណៈប្រតិភូ​បាន​ជួបពិភាក្សា​ជាមួយ​លោក​អភិបាលខេត្ត និង​បាន​ទស្សនា​ប្រាសាទ​បុរាណ​នានា​។​

​ព្រឹទ្ធសភា​បារាំង​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា​កម្ពុជា ចាប់តាំងពី​ស្ថាប័ន​នេះ​បាន​បង្កើត​​ឡើង​នៅ​ឆ្នាំ​២០០២ ។ តាំងពី​ពេលនោះ​មក គណៈប្រតិភូ​ព្រឹទ្ធសមាជិក​បារាំង​បាន​អញ្ជើញ​មក​​បំពេញ​បេសកកម្ម​ជា​ហូរហែ​នៅ​ប្រទេស​កម្ពុជា ហើយ​ព្រឹទ្ធ​សមាជិក​កម្ពុជា​ក៏​បាន​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​បារាំង​ផងដែរ ។ កម្មវិធី​សហប្រតិបត្តិការ​មួយ ត្រូវបាន​រៀបចំឡើង។​

 ក្រៅពី​ការផ្លាស់ប្តូរ​គណៈប្រតិភូ​គ្នា​ទៅវិញទៅមក កម្មវិធី​នេះ​រួមមាន​ ៖ កម្មសិក្សា​របស់​មន្ត្រី ​នៃ​ព្រឹទ្ធសភា​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស៍ បេសកកម្ម​ផ្លាស់ប្តូរ​ព័ត៌មាន និងការបណ្តុះ បណ្តាល​របស់​មន្ត្រី​នៃ​ព្រឹទ្ធសភា​បារាំង នៅ​ទីក្រុង​ភ្នំពេញ ព្រម​ទាំង​ជំនួយ​សម្ភារៈ​ការិយាល័យ ។​
  
​ដំណើរ​ទស្សនកិច្ច​នេះ​អនុញ្ញាត​ឱ្យ​មាន​ការពិនិត្យ​លទ្ធផល នៃ​ការអនុវត្ត​កម្មវិធី​ខាងលើ 
​និង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​ទាំងពីរ ។ គម្រោង​ជា​ច្រើន​ទៀត ត្រូវបាន​​លើកឡើង​ផង​ដែរ​ក្នុង​គោលដៅ​ពង្រឹងសមត្ថភាព​ព្រឹទ្ធសភា​កម្ពុជា ដូចជា ការបណ្តុះបណ្តាល​​មន្ត្រី​ផ្នែក​រដ្ឋបាល និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ជាមួយ​ព្រឹទ្ធ​សមាជិក​បារាំង​ស្តីពី​ការងារ​វិមជ្ឈការ ។​

​លោកជំទាវ តា​ស្កា រួម​ជាមួយ​ព្រឹទ្ធ​សមាជិក​កម្ពុជា បាន​ធ្វើ​សិក្ខាសាលា​មួយ​ស្តីពី​តួនាទី​ទាំង​បី​​របស់​ព្រឹទ្ធសភា​បារាំង ក្នុងនោះ​មាន​ការតាក់តែង​ច្បាប់​(​ជាមួយ​រដ្ឋសភា​ជាតិ​) ការត្រួតពិនិត្យ​សកម្មភាព​របស់​រដ្ឋាភិបាល និង​មុខងារ​ជា​តំណាង សមូហភាព​មូលដ្ឋាន ។ សម្រាប់​លោក​ជំទាវ ​កាតឺ​រីន តា​ស្កា និង​សមាជិក​គណៈប្រតិភូ​ទាំងអស់ បាឋកថា​នេះ​គឺជា ឱកាស​មួយ​បង្ហាញ​​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​ដោយផ្ទាល់​រវាង​តំណាង រាស្ត្រ និង​ម្ចាស់ឆ្នោត ដើម្បី​ស្វែងយល់​​ឱ្យ​កាន់តែ ច្បាស់​អំពី​សេចក្តី​កង្វល់​នៅតាម​មូលដ្ឋាន និង​អាច​ឆ្លើយតប​ប្រសើរ​ជាង​មុន​ទៅ​នឹង​​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ ។

 ព្រឹទ្ធ​សមាជិក​បារាំង​បាន​គូសបញ្ជាក់ថា​ ៖ បច្ចេកវិទ្យា​ថ្មី​​ពិតជា​មាន​ផលប្រយោជន៍ ​មែន ក៏ប៉ុន្តែ​អ៊ី​ន​ធើ​ណែ​ត​មិន​អាច​ជំនួស ការចុះ​ទំនាក់ទំនង​ផ្ទាល់​ដល់​មូលដ្ឋាន​បាន
ទេ ។​ ​ក្នុងជំនួប​ដ៏​ស៊ីជម្រៅ​ជាមួយ​ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ និង​ឯកឧត្តម ហោ សុ​ធន់ ​អគ្គលេខាធិការក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ គណៈប្រតិភូ​បាន​ផ្លាស់​​ប្តូរ​យោបល់​គ្នា​អំពី​នយោបាយ​ការបរទេស របស់​កម្ពុជា ព្រមទាំង​ទំនាក់ទំនង​របស់​កម្ពុ​ជា​​ជាមួយ​ប្រទេស​ជិត  និង​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​ដទៃទៀត​។ 

​ក្នុងអំឡុងពេល​ទស្សន​កិច្ច គណៈប្រតិភូ​ព្រឹទ្ធសភា​បារាំង​បាន​ខិតខំ​ស្វែងយល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ទស្សនវិស័យ​នៃកិច្ចសហប្រតិ បត្តិការ​ជាមួយ​ក្រុមហ៊ុន​​បារាំង​នានា ។ ជាពិសេស គណៈប្រតិភូ​បាន​កត់សម្គាល់ ពី​ការរីកចម្រើន​របស់​ស​ហ​គ្រាស​​ធុន​តូច និង​មធ្យម ដែល​បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ពលរដ្ឋ​បារាំង ដែល​​ភាគច្រើន​មាន​ដើមកំណើត​ខ្មែរ​ដោយបាន​ចូលមក​រស់នៅ​ក្នុង​មាតុភូមិ​ខ្លួន​វិញ ។ 

ក្នុង​ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់ ជាមួយ​ប្រធាន​ក្រុមហ៊ុន​នានា​ជាង​៣០​នាក់ លោកជំទាវ តា​ស្កា ​បាន​មានប្រសាសន៍ថា​ ៖ ក្នុង​ការវិលត្រឡប់​មក រស់​នៅក្នុង​ប្រទេស​កម្ពុ​ជា​វិញ ដោយបាន​​នាំយក​មក​នូវ​ចំណេះដឹង និង​ធនធាន ដែល​ទទួលបាន​នៅ​ប្រទេស​បារាំង គឺ​ថា​អស់លោក​​កំពុង​រួមចំណែក​ប្រកបដោយ​អត្ថន័យ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ។ 

ក្នុងឱកាស​​ផ្លាស់ប្តូរ យោបល់​គ្នា​ទៅវិញទៅមក​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ទាំង​នេះ លោក ជំទាវ​អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា​បាន​ស្វែងយល់ ពី​ស្ថានភាព​ការងារ​នៅ​កម្ពុជា​សម្រាប់​និស្សិត​ទើប​ទទួល​​សញ្ញាបត្រ​ផ្នែក​មុខវិជ្ជា​ប្រើប្រាស់​ភាសា​បារាំង។  នេះ​ជា ប្រធានបទ​មួយ ដែល​លោក​ជំទាវ​បាន​លើកឡើង​ទាំង​ក្នុង​ជំនួប​នានា​នៅ​រដ្ឋសភា ក៏​ដូចជា​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​តំណាង ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។​

​ក្រុម​ព្រឹទ្ធសមាជិក​បារាំង​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​បទ​បង្ហាញ ដែល​បាន​លើកឡើង​​ដោយ​អង្គការ ណ​អឿ បារាំង ស្តី​ពី​កី​រា​រួម​ចំណែក​របស់​សង្គម​ស៊ីវិល ទាំង​ក្នុងស្រុក​ក៏ដូចជា​​អន្តរជាតិ ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ជា​ពិសេស​បាន គូសបញ្ជាក់​អំពី​ជំនួយ​ហិរញ្ញវត្ថុ ​ដែល​ផ្តល់​ដោយ​អង្គការ​សមាគម​បារាំង​ចំពោះ​ប្រទេស​កម្ពុជា (​មាន​ចំនួន​៤៥​លាន​ដុល្លារ ​នៅ​ឆ្នាំ​២០០៩)  ។​

​ថ្លែង​ទៅ​កាន់​សហគមន៍​ជនជាតិ​បារាំង គណៈប្រតិភូ​បាន​កោតសរសើរ​ចំពោះ​ការរីក​
​ចម្រើន​នានា​ដែល​កម្ពុជា​សម្រេចបាន រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​ក្នុង​​វិស័យសេដ្ឋកិច្ច និង​សង្គម ហើយ​បាន​ប្រកាស​គាំទ្រ​រាល់​សកម្មភាព ចូលរួម​របស់​គណបក្ស​​នយោបាយ​នានា ក្នុង​ការ​បន្ត​កសាង​នីតិរដ្ឋ​មួយ​ប្រកបដោយ​និរន្តរភាព ។​

​សម្រាប់​ព្រឹទ្ធសមាជិក​បារាំង​ទាំង​ប្រាំ​រូប ការអញ្ជើញ​ទៅ​ទស្សនា​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ជា​ឱកាស​មួយ​ដើម្បី​ស្វែងយល់​អំពី​បញ្ហា​ប្រឈម​នានា និង​​លក្ខណៈ​ដោយឡែក​របស់​តុលាការ​ខ្មែរក្រហម ព្រមទាំង អំពី​ការយល់ឃើញ​របស់​ប្រជាជន​​កម្ពុជា​ចំពោះ​តុលាការ​អន្តរជាតិ​នេះ ។ គណៈប្រតិភូ​បាន​លើកឡើង​នូវ​សំនួរ​មួយចំនួន ​ទាក់ទង​នឹង​ប្រតិទិន​នៃ​ដំណើរការ​រឿងក្តី ហើយ​បាន​សម្តែង​នូវ​ការចាប់ អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការទទួលយក ដើមបណ្តឹង​រដ្ឋប្បវេណី​ក្នុង​តុលាការ​អន្តរជាតិ​នេះ ។ 

ជំនួប​ពិភាក្សា​​នេះ​ធ្វើឡើង​ក្រោយពេល​គណៈប្រតិភូ​បាន​ទៅ​ទស្សនាមន្ទីរឃុំឃាំង​
ស​-២១ ដែល​នៅ​ទីនោះ ​ព្រឹទ្ធ​សមាជិក​បារាំង​មានបំណង​ចង់​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ជនរងគ្រោះ នៃ​របប​ខ្មែរក្រហម ។​

​នៅ​សៀមរាប គណៈប្រតិភូ​បារាំង​ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​សំណាក់​
​ឯកឧត្តម​អភិបាលខេត្ត ស៊ូ ភិរិន្ទ ។ គណៈប្រតិភូ​បាន​ទស្សនា​សាលា​បារាំង និង​មជ្ឈមណ្ឌល​​វប្បធម៌​បារាំង ព្រមទាំង​ចុះ​ទៅ​ពិនិត្យ​ថ្នាក់​ពីរ​ភាសា​បារាំង​-​ខ្មែរ ដើម្បី​បង្ហាញ​ពី​ការយកចិត្ត​ទុក​​ដាក់​របស់​ព្រឹទ្ធសភា​បារាំង​ចំពោះ​ការអភិវឌ្ឍ​ភាសា​បារាំង​នៅ​កម្ពុជា ដែល​ជា​សមាជិក​មួយ ​ដ៏​សំខាន់​នៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង (​ហ្វ្រង់​កូហ្វូ​នី​)​។ ក្រៅពីនេះ គណៈប្រតិភូ​ក៏​បាន​អញ្ជើញ​ទស្សនា​ផងដែរ រោង​សិប្បកម្ម និង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​សិប្បករ​អង្គរ ។ 

​នៅ​ចុងបញ្ចប់ គណៈប្រតិភូ​បាន​ធ្វើដំណើរ​ទៅ​កាន់​ការដ្ឋាន​ជួសជុល​ប្រាសាទ​បាពួន ។ 
​ការងារ​ជួសជុល​ឡើងវិញ​នេះ ដែល​ស្ថិត​ក្រោម​ជំនួយ​ថវិកា​របស់​សហប្រតិបត្តិ​ការបា​រាំង ​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ។ ក្រោយ​បញ្ចប់ ការងារ​ជួសជុល​ខាងលើ នឹងមាន​​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​មួយ​ដ៏​ធំ​នៅ​ទីនោះ​៕
 
ដោយ : សម្បត្តិ

No comments:

Post a Comment