Saturday, January 01, 2011
ហ្វ៊ុនស៊ីនប៉ិចរិះគន់សម្តេចក្រុមព្រះ និង បញ្ជាក់ជំហរជាថ្មីថាមិនចូលរួមជាមួយព្រះអង្គទេ
លោកលឺ ឡាយស្រេង ប្រធានស្តីទីគណបក្សហ្វ៊ុនស៊ីនប៉ិចបានមានប្រសាសន៍រិះគន់សម្តេចក្រុមព្រះធ្ងន់ៗនៅថ្ងៃនេះ ហើយបានបង្ហាញជំហរជាថ្មីទៀតថា ហ្វ៊ុនស៊ីនប៉ិចនឹងមិនព្រមចូលជាមួយគណបក្ស នរោត្តម រណប្ញទ្ធិ ដើម្បីបង្កើតគណបក្ស ហ្វ៊ុនស៊ីនប៉ិច៨១ នោះឡើយ។
នៅក្នុងជំនួបជាមួយអ្នកគាំទ្រហ្វ៊ុនស៊ីនប៉ិចជិត ៤០០ នាក់ មកពីខេត្តកណ្តាលនៅឯទីស្នាក់ការគណបក្សក្រុងភ្នំពេញ លោកលឺ ឡាយស្រេង បានអះអាងថា សម្តេចក្រុមព្រះមិនគួរវិលមកធ្វើនយោបាយវិញទេ បន្ទាប់ពីបានលាឈប់មួយរយៈមកនោះ។ ប្រធានស្តីទីហ្វ៊ុនស៊ីនប៉ិចបានមានប្រសាសន៍ថា ក្នុងនាមជាកូនស្តេចសូម្បីតែចាញ់មួយកៅអីក៏គេលាឈប់ដែរ ប៉ុន្តែសម្តេចក្រុមព្រះ នៅតែចង់បន្តអាជីពនយោបាយទៀត ទោះបីជាព្រះអង្គនៅសល់តែ ២ កៅអីក៏ដោយ។
លោកលឺ ឡាយស្រេង បានបញ្ជាក់ជំហររបស់ហ្វ៊ុនស៊ីនប៉ិចជាថ្មីទៀតថា នឹងមិនចូលរួមជាមួយគណបក្ស នរោត្តម រណប្ញទ្ធិ ដើម្បីបង្កើតរណសិរ្សហ្វ៊ុនស៊ីនប៉ិច៨១នោះឡើយ។ លោកអះអាងថា ពាក្យថា (រណសិរ្ស ត្រូវមានទ័ពដូច្នេះហ្វ៊ុនស៊ីនប៉ិចមិនចូលរួមទេ)។ ជំហរនេះត្រូវបានបញ្ជាក់ឡើងបន្ទាប់ពីគណបក្ស នរោត្តម រណប្ញទ្ធិ បានដាក់លិខិតសារជាថ្មីម្តងទៀតទៅគណបក្ស ហ្វ៊ុនស៊ីនប៉ិច កាលពីថ្ងៃទី២៨ ធ្នូ ដើម្បីសុំចរចារឿងបង្កើត ហ្វ៊ុនស៊ីនប៉ិច៨១។ ប៉ុន្តែ លោកប៉ែន សង្ហារ អ្នកនាំពាក្យគណបក្សនរោត្តម រណប្ញទ្ធិ ធ្លាប់បានបញ្ជាក់ថា នេះជាការយល់ច្រឡំរបស់ហ្វ៊ុនស៊ីនប៉ិចតែប៉ុណ្ណោះ តាមពិតសម្តេចក្រុមព្រះមិនមែនបង្កើតរណសិរ្សអ្វីឡើយ តែបង្កើតគណបក្សនយោបាយមួយដើម្បីបង្រួបបង្រួមអ្នករាជានិយមតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោកញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្ស ហ្វ៊ុនស៊ីនប៉ិច បានអះអាងនៅក្រោយជំនួបនោះថា គណបក្សនឹងគាំទ្រឲ្យសម្តេចក្រុមព្រះធ្វើប្រធានហ្វ៊ុនស៊ីនប៉ិច ប្រសិនបើព្រះអង្គវិលមកចូលរួមជាមួយហ្វ៊ុនស៊ីនប៉ិចវិញហើយបោះបង់គំនិតចង់បង្កើតហ្វ៊ុនស៊ីនប៉ិច ៨១ នោះចោល។
សម្រាប់លោកញ៉ឹក ប៊ុនឆៃ មូលហេតុដែលត្រូវរក្សាហ្វ៊ុនស៊ីនប៉ិចបច្ចុប្បន្ន ពីព្រោះតែគណបក្ស នេះជាហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយក្នុងកិច្ចប្រជុំគណបក្សនយោបាយអាស៊ី ICAPP កន្លងទៅថ្មីៗនេះ គេបានទទួលស្គាល់ ហ្វ៊ុនស៊ីនប៉ិច និងជាពិសេសទៀតនោះ គឺសម្តេចហ៊ុន សែន បានប្រកាសជំហររួចហើយថានឹងបន្តធ្វើសម្ពន្ធ័ភាពជាមួយហ្វ៊ុនស៊ីនប៉ិច។ ដូច្នេះគ្មានមូលហេតុអ្វីដែលត្រូវប្តូរឈ្មោះនោះឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment