សមិទ្ធិផលសំខាន់ជាប្រវត្តិសាស្ត្រ និង សមិទ្ធិផលសង្គមមួយចំនួន ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ និង ចាប់ផ្តើមដំណើរការសាងសង់ក្នុងឆ្នាំ ២០១០ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានកត់ត្រាមិនផ្លូវការដោយអ្នកយកព័ត៍មានស៊ីអ៊ីអិន ដែលមានជាលំដាប់លំដោយដូចខាងក្រោម :
* ខែមករា :
-នៅថ្ងៃទី ០៤ សម្ដេច ហ៊ុន សែន បានសម្ពោធសាលាអេសអូអេស បាត់ដំបង ដែលជាជំនួយរបស់អង្គការ អេសអូអេស ភូមិកុមារអន្ដរជាតិ និងជាមណ្ឌលកុមារកំព្រាទី ៥ របស់អង្គការនេះ បន្ទាប់ពីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាបានសហការជាមួយអង្គការ អេសអូអេស ភូមិកុមារអន្ដរជាតិចាប់តាំងពីឆ្នាំ ១៩៩៩ មកនោះ ។
- នៅថ្ងៃទី ០៥ សម្ដេច ហ៊ុន សែន សម្ពោធកំណាត់ផ្លូវជាតិលេខ ១ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនពីខាងលិចផ្សារគគីរដល់កំពង់ចំលងអ្នកលឿងត្រើយខាងលិច ស្ថិតក្នុង ដំណាក់កាលទីពីរដែលមានទឹកប្រាក់ប្រហែល៤១.៥៦២.០០០ ដុល្លារអាមេរិករួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលមួយចំនួនបន្ថែមទៀត សម្រាប់ដោះស្រាយផលប៉ះពាល់ផ្សេងៗ និង បើកការដ្ឋានកំណាត់ផ្លូវជាតិលេខ ១ នៅស្រុកកៀនស្វាយមកដល់បឹងស្នោផងដែរ ។
- នៅថ្ងៃទី ១៨ សម្ដេច ហ៊ុន សែន បានសម្ពោធទីបញ្ជាការថ្មីរបស់កងទ័ពជើងទឹក និង សមិទ្ធិផលនានានៅជ្រោយចង្វារក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលការចំណាយសរុបអស់ចំនួនជាង ១ លាន ៣ សែនដុល្លារសហរដ្ឋអាមេរិក ។
- នៅថ្ងៃទី ២៥ សម្ដេច ហ៊ុន សែន សម្ពោធរោងចក្រឧស្សាហកម្មផលិតស្ករសនៅខេត្ដកោះកុង ដែលតាមរយៈរោងចក្រដែលបានសម្ពោធនេះ និង រោងចក្រដទៃទៀតដែលបានអនុញ្ញាតឱ្យវិនិយោគនោះ កម្ពុជាអាចផលិតស្ករបានប្រមាណ ៧២ ពាន់តោនក្នុងឆ្នាំ ២០១០ ហើយឈានទៅ ១៥៦. ០០០ តោន ទៅ២០៤.០០០ តោននៅឆ្នាំ២០១១ និង នៅឆ្នាំ២០១៣ អាចផលិតស្ករសក្នុងបរិមាណពី ២១៦. ០០០ តោន ទៅ ២៦៤ ០០០ តោន ដែលបរិមាណផលិតផលនេះអាចឱ្យកម្ពុជាឆ្លើយតបទៅនឹងតម្រូវ ការក្នុងស្រុកបានយ៉ាងពេញបរិបូណ៌ហើយនឹងមានលទ្ធភាពនាំចេញបានមួយចំនួនធំថែមទៀតផង ។
- នៅថ្ងៃទី ២៦ សម្ដេច ហ៊ុន សែន សម្ពោធមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ និង ពាណិជ្ជកម្ម វប្បធម៌ភ្នំពេញ ដេហ្គូឃ្យុងប៊ុក នៅរាជធានីភ្នំពេញ។ សាងសង់អស់រយះពេល ១២ ខែ និង ចំណាយអស់ទឹកប្រាស់ចំនួន ៨,៧ លានដុល្លារអាមេរិក ដែលជាថវិកាផ្ទាលរបស់ក្រុមហ៊ុន DKC & C co.ltd និងខេត្តឃ្យុងសានបុកដូ នៃប្រទេសកូរ៉េ ។
- នៅថ្ងៃទី ២៧ សម្ដេច ហ៊ុន សែន បើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ ៦២ ពីខេត្ដកំពង់ធំ ទៅត្បែងមានជ័យ ខេត្ដព្រះវិហារ តម្លៃ ៥២ លានដុល្លារក្រោមកម្ចីសម្បទានប្រទេសចិន ។ កំណាត់ផ្លូវជាតិលេខ ៦២ ពីផ្លូវបំបែកផ្លូវជាតិលេខ ៦ ក្នុងខេត្តកំពង់ធំ ដល់ត្បែងមានទីរួមខេត្ត ព្រះវិហារ មានប្រវែង ១២៨ គីឡូម៉ែត្រ ក្រោមឥណទានកម្ចីសម្បទានរបស់ប្រទេសចិន និង ថវិកាបដិភាគរបស់រដ្ឋាភិបាលដែលមានតម្លៃ ៥២ លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី ២៧ ខែមករា ២០១០ ។
* នៅខែកុម្ភះ :
- នៅថ្ងៃទី ០១ សម្ដេច ហ៊ុន សែន សម្ពោធសមិទ្ធិផលនៅវត្ដចំពុះក្អែកដែលជារួមមានតម្លៃជារួមជាង ១ លាន ២៦៥ ពាន់ដុល្លារដែលបានមកពីការចូលរួមចំណែកសាងសង់ពីសំណាក់សប្បុរជនជិតឆ្ងាយ ។
- នៅថ្ងៃទី ០២ សម្ដេច ហ៊ុន សែន បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពកង្ហត នៅស្រុកបាណន់ ខេត្ដបាត់ដំបង ។ គម្រោងអភិវឌ្ឍន៏ប្រព័ន្ធស្រោចស្រពកង្ហតមានទីតាំងស្ថិតនៅក្នុងភូមិទួលអណ្តែត ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង មានចង្ងាយប្រមាណ ២២ គីឡូម៉ែត្រភាគខាងត្បូង ក្រុងបាត់ដំបង នឹង បង្កើនវិសាលភាពស្រោចស្រពផ្ទៃដីដាំដុះរបស់កាន់តែធំទូលាយថែមទៀត នៅក្នុងស្រុកចំនួន ២ គឺ ស្រុកបាណន់ និង ស្រុកសង្កែ ។
- នៅថ្ងៃទី ០៤ ខែ កុម្ភះ សម្ដេច ហ៊ុន សែន សម្ពោធទីស្ដីការថ្មីរបស់ក្រសួងពាណិជ្ជកម្ម ដែលត្រូវបានសម្ភោធនាពេលនេះត្រូវបានចំណាយអស់ថវិកាចំនួនជាង ៥ លានដុល្លាអាមេរិកមានអគារធំៗចំនួន ២ អគារមុខមានកំពស់ ៤ ជាន់ និង អគារក្រោយមានកំពស់ ៦ ជាន់ មានផ្ទៃក្រឡាសរុប ២ .៤៦៩ ម៉ែត្រការ៉េ ដោយសាងសង់លើផ្ទៃដីសរុប ១៣.៦៥០ ម៉ែត្រការ៉េ ។
- ចាប់តាំងពីថ្ងៃទី ៦ ខែកម្ភះ ដល់ទី ១០ ខែកុម្ភះ សម្ដេច ហ៊ុន សែន និង លោកជំទាវ ប៊ុន រ៉ានី រួមជាមួយមន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលបានធ្វើដំណើរទៅកាន់ភូមិភាគពាយ័ព្យដើម្បីសាកសួរសុខទុក្ខ និង លើកទឹកចិត្ដនាយទាហាន នាយទាហានរង និង ពលទាហាន ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការកាកបាទក្រហមកម្ពុជាសាខាខេត្ដព្រះវិហារផងដែរ ។
* ខែមិនា :
- នៅថ្ងៃទី ១៨ ខែមិនា សម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវជាតិ ៧៨ ពីទីរួមខេត្ដរតនគីរី ទៅព្រំដែនវៀតណាម មានតម្លៃសរុបចំនួន ២៦,៧៨ លានដុល្លាអាមេរិក ដែលក្នុងនោះប្រាក់កំចីសម្បទានរបស់ប្រទេសវៀតណាមមានចំនួន ២៥,៨ លានដុល្លារ ។
* ខែមេសា :
- ថ្ងៃទី ២១ សម្ដេចតេជោអញើញជាអធិបតីក្នុងពិធីសម្ពោធអគារថ្មី នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មនៅក្នុងព្រលានយន្ដហោះយោធា មណ្ឌលអគារថ្មីដែលត្រូវបានដាក់សម្ភោធនាពេលនេះមានអគារធំមួយខ្នងកំពស់ ៣ ជាន់ អាគារវិទ្យុទាក់ទងមួយខ្នង មន្ទីរពេទ្យ ២ ខ្នង ឃ្លាំង ផ្ទះការពារ និង សាលប្រជុំចំណុះ ៥៨០ នាក់ ១ ខ្នង សរុបថវិកាពីសប្បុរសជនមានជាង ១,៦ លានដុល្លាអាមេរិក ។
- នៅថ្ងៃទី ២២ សម្ដេចតេជោអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្ថានីយ៍ច្រោះសម្អាតទឹកសំណល់ និង ប្រព័ន្ធលូក្នុងខេត្ដសៀមរាបជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ។ អនុគំរោងសាងសង់ប្រព័ន្ធលូ និង ស្ថានីយ៍ចំរោះទឹកស្អាតនេះមានវិសាលភាពអនុវត្ដគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៣០០ ហិកតា ត្រូវចំណាយថវិកាសរុបជាង ១៤ លានដុល្លារអាមេរិកក្នុងនោះប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំនួនជាង ១០ លានដុល្លារ និង ថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៤ លាន ៣ សែន ២ ម៉ឺន ដុល្លាអាមេរិក សំរាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូនិងអាងចំរោះទឹក។
* ខែឧសភា :
- នៅថ្ងៃទី ១២ សម្ដេចតេជោសម្ពោធអគាររដ្ឋបាលសាលាខេត្ដព្រះវិហារ អាគាររដ្ឋបាលសាលាខេត្តថ្មី ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះត្រូវបានចំណាយថវិកាអស់ ១០២០០ លានរៀល ។
- នៅថ្ងៃទី ១៥ សម្ដេចតេជោបើកការដ្ឋានសាងសង់មន្ទីរពេទ្យជារៃ-ភ្នំពេញ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ មន្ទីរពេទ្យសង់នៅលើផ្ទៃដី ៥ ម៉ឺនម៉ែត្រការ៉េ មានកំពស់ ៥ ជាន់ ចែកចេញជាពីប្លុកសំរាប់បំរើការងារបច្ចេកទេស និង ព្យាបាលវេជ្ជសាស្ត្រ និង ២ ជាន់ទៀតមាន ១ ប្លុកសំរាប់បច្ចេកទេសអាគារ ។
- ថ្ងៃទី ២១ សម្ដេចតេជោបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលវត្ដបទុមវតីដែលមានមហាកុដិដែលត្រូវបានសម្ពោធថ្វាយសម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត នាពេលនេះមានបណ្តាយប្រវែងជិត ២៨ ម៉ែត្រ និង ទទឹងជាង ១៥ ម៉ែត្រ មានកំពស់ជិត ២១ ម៉ែត្រត្រូវបានចំណយថវិកាសាងសង់អស់ចំនួន ៣៨៨ ៥១២ ដុល្លាអាមេរិក ។
* ខែមិថុនា :
- នៅថ្ងៃទី ២៤ សម្ដេចតេជោបានអញើញជាអធិបតីក្នុងពិធីសម្ពោធស្ពានអាកាសក្បាលថ្នល់ ដែលស្ថិតនៅពីលើគល់ស្ពានព្រះមុនីវង្សចាស់ និង ស្ពានព្រះមុនីវង្សថ្មីធ្វើអំពីបេតុងអាម៉េមានបណ្ដោយប្រវែង ៣០៨ ម៉ែត្រ ទទឹង ១៤,២ ម៉ែត្រកម្ពស់ ៥,២០ ម៉ែត្រ និងចំណាយថវិកាអស់ ៦.៤៤០.២១៦ ដុល្លារអាមេរិក ។
* ខែកក្កដា :
- នៅថ្ងៃទី ១៩ សម្ដេចតេជោបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនិង ចែកសញ្ញាបត្រ នៅសកលវិទ្យាល័យស្វាយរៀង ដែលអាគារសិក្សាថ្មីមានកម្ពស់ ២ ជាន់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និង លោក ជំទាវ ប៊ុន រ៉ានី តាមរយៈលោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា ដោយចំណាយអស់ទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
* ខែកញ្ញា :
- ថ្ងៃទី ១៦ សម្ដេចតេជោសម្ពោធគម្រោងការពារទឹកជំនន់ និង កែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញជាកម្មវិធីហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនក្នុងដំណាក់កាលទី ២ ដែលមានតម្លៃប្រមាណ ១៩ លាន ២ ម៉ឺន ២៩០០ ដុល្លារ សហរដ្ឋអាមេរិកចាប់ដំណើរការសាងសង់តាំងខែកញ្ញាឆ្នាំ ២០០៧ មកម្លេះ ។
- ថ្ងៃទី ២០ សម្ដេចតេជោសម្ពោធស្ពាន ផ្លូវ ដែលវិនិយោគដោយក្រុមហ៊ុន L.Y.P GROUP (ស្ពានព្រែកព្នៅ) នៅភ្នំពេញតាមរបៀប BOT អស់ទឹកប្រាក់សរុបចំនួន ៤២ លាន ៥៥០ ពាន់ដុល្លាអាមេរិកសម្រាប់កិច្ចសន្យាធ្វើអាជីវកម្មរយៈពេល ៣០ ឆ្នាំ ។
* នៅខែតុលា :
- នៅថ្ងៃទី ១៩ សម្ដេចតេជោចូលរួមពិធីសម្ពោធវិមានសន្ដិភាព ដែលជាខុទ្ទកាល័យនាយករដ្ឋមន្ដ្រី និង មជ្ឈមណ្ឌលសន្និសីទអន្ដរជាតិ ហើយដែលសាងសង់ឡើងដោយថវិការបស់ជាតិនិងសម្ពោធអគារមិត្ដភាពដែលជាជំនួយរបស់រដ្ឋាភិបាលចិន ។ អគារទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានសាងសង់ឡើងដោយជំនួបឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងទំហំទឹកប្រាក់ចំនួន ៣២,៩ លានដុល្លារអាមេរិក ។
* នៅខែវិច្ឆិកា :
- ថ្ងៃទី ២៩ សម្ដេចតេជោសម្ពោធក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ។
* នៅខែធ្នូ :
- ថ្ងៃទី ០៩ សម្ដេចតេជោសម្ពោធសកលវិទ្យាល័យបាត់ដំបង រួមមានអគារថ្មី ១ ខ្នងមានបណ្តោយ ១៦៨ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ៨០ កំពស់ ៣ ជាន់ ជាអគារភ្លោះមានបន្ទប់សរុបទាំងអស់ ១៣៨ បន្ទប់ដែលចំណាយថវិកាសាងសង់សរុប ៦ លាន ៨ សែន ៨ ម៉ឺន ៧ ពាន់ ៨០២ ដុល្លារអាមេរិក ។
- ថ្ងៃទី ២៨ សម្ដេចតេជោអញើញទៅបិទស្ទឹងដើម្បីសាងសង់ទំនប់វារីអគ្គីសនីឫស្សីជ្រុំក្រោម នៅខេត្ដកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន China Huadian Corporation របស់ប្រទេសចិន ក្រោមរូបភាព “សាងសង់-ដំណើរការ-ផ្ទេរ” (BOT) ក្នុងទឹកប្រាក់វិនិយោគចំនួន ៤៩៥,៧៦ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល ៣៥ ឆ្នាំ (៥ ឆ្នាំសាងសង់ ៣០ ឆ្នាំធ្វើអាជីវកម្ម) ។
- ថ្ងៃទី ២៩ សម្ដេចតេជោបើកការដ្ឋានកាងសង់ស្ពានអាកាសនៅស្ដុបពេទ្យលោកសង្ឃ ។ ស្ពានអាកាសស្តុបពេទ្យលោកសង្ឃនេះមានបណ្តោយ ៣៤៥ ម៉ែត្រ មានទទឹង ១៥ ម៉ែត្រ ២០ បែងចែកជា ២ ខ្សែរថយន្តទៅនិង ២ ខ្សែរថយន្តមកដោយមានជំរាល ៥,៧% និងកំពស់សុវត្ថិភាពក្រោមស្ពាន ៥ ម៉ែត្រកន្លះ នៅចំទីតាំងប្រសព្វផ្លូវលេខ ២៧១ . ៥៩៨ និង វិថីកម្ពុជាក្រោម ។ ដំណើរការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជានោះគ្រោងបញ្ចប់ក្នុងរយៈពេល ១៣ ខែ គិតចាប់ពីថ្ងៃបើកការដ្ឋាន និង គ្រោងចំណាយប្រមាណ ៨ លាន ៧ សែន ៥ ពាន់ ៨០៨ ដុល្លាអាមេរិក ៕
No comments:
Post a Comment