ដោយ : សំអូន
លោកនាយករដ្ឋមន្ត្រីនៃប្រទេសចិន វេន ជាប៉ាវ បានអះអាងប្រាប់សមភាគីរបស់លោក គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថាសម្តេចតេជោ ហ៊ុន សែន និង ប្រទេសកម្ពុជា គឺជាមិត្តដ៏ល្អរបស់ចិន ហើយទំនាក់ទំនងនៃប្រទេសទាំងពីរបានឈានដល់កំរិតជាយុទ្ធសាស្ត្រយូរអង្វែង។
សេចក្តីរាយការណ៍ពីទីក្រុងប៉េកាំងប្រទេសចិនបានឲ្យដឹងថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទៅដល់ប្រទេសចិនកាល ពីរសៀលថ្ងៃទី១៣ ខែធ្នូសំរាប់ការបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅទីនោះ។លោក វេន ជាប៉ាវ នាយក រដ្ឋមន្ដ្រីចិន បានធ្វើពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅចំពីមុខមហាវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង កាលពីវេលាម៉ោង១៧ល្ងាច។
នៅក្នុងជំនួបចរចារទ្វេភាគីនេះលោក វេន ជាប៉ាវ និងសម្ដេចតេជោ ហ៊ុន សែន បានធ្វើការប្ដេជ្ញារួមគ្នាថានឹងជំរុញកិច្ចសហប្រតិបត្ដិការនៃប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងពិភពលោក ដែលមានការយកចិត្ដទុកដាក់ដូចគ្នា។ នាយករដ្ឋមន្ដ្រីចិន បានធ្វើការប្រកាសចំពោះមុខសម្ដេចតេជោនាយករដ្ឋមន្ដ្រី ពីការផ្ដល់កម្ចីឥណទានអនុគ្រោះសំរាប់អ្នកទិញ ដែលមានអត្រាការប្រាក់ទាបបំផុត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការឧបត្ថម្ភថវិកាសំរាប់ការកសាងមន្ទីរពិសោធន៍ ដែលបំពាក់ទៅដោយឧបករណ៍បន្ទប់ពិសោធន៍ទំនើបទាន់សម័យ ដើម្បីធ្វើការត្រួតពិនិត្យគុណភាពអង្ករ និងកសិផលកសិកម្មរបស់ប្រទេសកម្ពុជា ដែលនឹងនាំមកកាន់ប្រទេសចិន។ សម្ដេចនាយករដ្ឋមន្ដ្រីបានថ្លែងនូវអំណរគុណជូនចំពោះប្រទេសចិន ដែលបានប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការគាំទ្រប្រទេសកម្ពុជា ដោយគ្មានលក្ខខណ្ឌក្នុងការអភិវឌ្ឍនប្រទេសកម្ពុជាឱ្យកាន់តែ រឹងមាំថែមទៀត ពិសេសរួមចំណែកដល់ការពង្រឹងឯកភាពខាងនយោបាយរបស់កម្ពុជានៅលើគ្រប់វេទិកាទាំងអស់។ សម្ដេចតេជោ មានប្រសាសន៍នៅចំពោះមុខ លោកនាយករដ្ឋមន្ដ្រីចិនថា កម្ពុជានៅតែប្រកាន់នូវគោលនយោបាយចិនមួយ និងចាត់ទុកថា អធិបតេយ្យ ភាពរបស់ចិន ដូចគ្នានិងអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងដូច្នេះដែរ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាក្នុងជំនួននោះដែរលោកនាយករដ្ឋមន្ដ្រី ចិន បញ្ជាក់ថា ប្រទេសកម្ពុជាពិសេសសម្ដេចតេជោនាយករដ្ឋមន្ដ្រីផ្ទាល់បានផ្ដល់នូវយុត្ដិធម៌ខ្លាំងណាស់ចំពោះប្រទេសចិន។ ថ្នាក់ដឹកនាំទាំងអស់របស់ប្រទេសចិន បានចាត់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងប្រទេសកម្ពុជា គឺជាមិត្ដដ៏ល្អរបស់ប្រទេសចិន និងបានប្រកាសពីការលើកកំពស់ទំនាក់ទំនង នៃប្រទេសទាំងពីរដល់កំរិតយុទ្ធសាស្ដ្រយូរអង្វែង។ លោកគាំទ្រនូវរាល់គំរោងអភិវឌ្ឍន៍ទាំងអស់របស់កម្ពុជា ដែលបានលើក ឡើងដោយសម្ដេចតេជោ នាយករដ្ឋមន្ដ្រី ពិសេសគំរោងដែលទាក់ទិនទៅនិងការ កសាងហេដ្ឋារចនាសម្ពន្ធ័ដឹកជញ្ជូន និងផ្លូវរថភ្លើងរបស់កម្ពុជា។
កិច្ចចរចារ ទ្វេភាគីនោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការប្ដេជ្ញា ចិត្ដរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងទៅនិងឱ្យក្រិដ្ឋកម្មឆ្លង ដែន ការជួញដូរមនុស្ស ការ ប្រយុទ្ធប្រឆាំងទៅនិងអំពើភេរវកម្ម ការរត់ពន្ធគ្រឿងញៀន ពិសេសជំរុញឱ្យមានការបង្កើនកិច្ចសហប្រតិ បត្ដិការ លើការផ្លាស់ប្ដូរបទពិសោធន៍ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចលើគ្រប់កំរិតទាំងអស់ ធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្ដិការ នៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលបំផុត។
គួររំលឹកថា ចាប់តាំងពីឆ្នាំ២០០៤រហូតមកដល់ឆ្នាំ២០១០នេះ សម្ដេចតេជោ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងបំពេញទស្សនកិច្ចការងារចំនួន១០លើករួចមក ហើយនៅប្រទេសចិន ក្នុងនោះនៅឆ្នាំ២០០៤ចំនួន៣លើក, ឆ្នាំ២០០៥ចំនួន២លើក, ឆ្នាំ២០០៦ចំនួន១លើក, ឆ្នាំ២០០៧ចំនួន១លើក, ឆ្នាំ២០០៨ ចំនួន១លើក, ឆ្នាំ២០០៩ចំនួន១លើក និងនៅឆ្នាំ២០១០ គឺនៅថ្ងៃទី២៩មេសាដល់ថ្ងៃទី២ឧសភា អញ្ជើញចូលរួមពិព័រណ៍ពិភពលោក ទីក្រុងសៀងហៃឆ្នាំ២០១០។ សំរាប់ពេលនេះគឺជាដំណើរទស្សនកិច្ចលើកទី១១ និងក៏ជាលើកទី២នៅឆ្នាំ២០១០។
ទំនាក់ទំនង ពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ចិន មានការកើនឡើងជារៀងរាល់ឆ្នាំ។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១០នេះ ទំនាក់ទំនង ពាណិជ្ជកម្ម
នៃប្រទេសទាំងពីរ មានការកើនឡើងរហូតដល់ជាង៥០១លានដុល្លារអាមេរិក ក្នុងនោះការនាំចូលពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា មានចំនួនជាង៤៨៣លាន
ដុល្លារអាមេរិក។ ការវិនិយោគទុនរបស់ប្រទេសចិននៅកម្ពុជា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១០ មានទឹកប្រាក់ជាង២៥២លានដុល្លារ។ ចិន បានផ្ដល់នូវភាពអនុគ្រោះមិនយកពន្ធលើទំនិញកម្ពុជា ចំនួន៤១៨មុខ។ ដោយឡែកអ្នកទេសចរណ៍ចិន មកកាន់ប្រទេសកម្ពុជាក្នុងរយៈពេល១០ខែកន្លងទៅនេះ មានចំនួន១សែន៤ម៉ឺន៤ពាន់១៦០នាក់។
នៅក្នុងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ ចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្នកម្ពុជា បានគាំទ្របេក្ខភាពរបស់ប្រទេសចិន នៅលើវេទិការអន្ដរជាតិដូចជា ការគាំទ្រប្រទេសចិនទៅក្នុងអង្គការអាកាសចរណ៍ស៊ីវិលអន្ដរជាតិ គណៈកម្មាធិការក្រុមប្រឹក្សាស្ដីពីបញ្ហារដ្ឋបាល និងថវិកា ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ ក្រុមប្រឹក្សានៃអង្គការនាវាចរណ៍អន្ដរជាតិ គណៈកម្មាធិការស្ដីពីការលុបបំបាត់ការប្រកាន់ពូជសាសន៍ ក្រុមប្រឹក្សាសិទ្ធមនុស្ស ក្រុមប្រឹ ក្សាប្រឆាំងនិងការធ្វើទារុណកម្ម ក្រុមប្រឹក្សានៃអង្គការនាវាចរណ៍អន្ដរជាតិ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ និងអង្គការឧតុនិយមពិភពលោក។ ចិន បានគាំទ្របេក្ខភាពរបស់ប្រទេសកម្ពុជា ជាសមាជិកនៃគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក និងសមាជិកមិនអចិន្ដ្រៃយ៍ នៃក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ក្នុងអណត្ដិ២០១៣-២០១៤ ដោយបញ្ជាក់អះអាងថា ចិននឹងគាំទ្រចំពោះការឈរឈ្មោះរបស់កម្ពុជា និងសង្ឃឹមថា កម្ពុជានឹងក្លាយជាសមាជិកមិនអចិន្ដ្រៃយ៍ នៃ ក្រុមប្រឹក្សា សន្ដិសុខ អង្គការសហប្រជាជាតិ៕
No comments:
Post a Comment