Tuesday, December 14, 2010

ឯកឧត្តមបណ្ឌិត សុខ អាន អនុញ្ញាតឲ្យគណៈប្រតិភូរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ (១៤/១២/២០១០)


    នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាត ឲ្យគណៈប្រតិភូ មកពី សហព័ន្ធរុស្ស៊ី ដែលដឹកនាំដោយឯកឧត្តម Alexander IGNATOVឯកអគ្គ រដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅ ព្រះរាជាណាចក្រ កម្ពុជាចូលជួប សម្តែងការគួរសម និងពិភាក្សា ការងារ ។ ជំនួបនេះ បានផ្តោតសំខាន់លើ ទស្សនៈវិស័យ និង កិច្ចការដែលត្រូវធ្វើក្នុងពេលបច្ចុប្បន្ន ក៏ដូច ជានាពេលអនាគត ដើម្បីបន្ត ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និងរុស្ស៊ី ។

   ឯកឧត្តមបណ្ឌិត សុខ​ អាន បានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងរុស្ស៊ី មានការ វិវត្តប្រកបដោយភាពវិជ្ជមាន ដែលផ្តល់ជាមូលដ្ឋានមួយដ៏ល្អសម្រាប់ ពង្រីក ទំនាក់ ទំនង ទ្វេរភាគីរវាង ប្រទេស ទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត ។ឯកឧត្តម បណ្ឌិត ក៏បានលើកឡើង ពីមិត្តភាព ដ៏ស្អិតរមួតរវាងកម្ពុជា និងរុស្ស៊ីពីអតីតកាល និងបានគូស បញ្ជាក់ថាប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជា នៅតែចងចាំ និងមានសមានចិត្ត ល្អចំពោះប្រទេស និងប្រជាជនរុស្ស៊ីជានិច្ច ។

ឯកឧត្តម Alexander IGNATOV បានមានប្រសាសន៏ថា ឯកឧត្តមនឹងខិតខំស្តារឡើងវិញនូវ ទំនាក់ទំនង ដ៏ជិត ស្និទរវាងប្រទេសទាំងពីរ និងមានជំនឿយ៉ាងមុតមាំថា កម្ពុជា និងរុស្ស៊ីនឹងអាចពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិលើវិស័យផ្សេងៗជាច្រើនទៀត ។ ឯកឧត្តមឯកអគ្គរដ្ឋ ទូត ក៏បានជម្រាបជូន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ផងដែរថា នាឆ្នាំក្រោយ រុស្ស៊ីគ្រោងនឹង ប្រារព្ធ ខួបលើកទី៥៥នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងរុស្សី និងបានសូមឲ្យជម្រុញ ទំនាក់ទំនងទ្វេ ភាគី តាមរយៈការផ្លាស់ប្តូរដំណើរ ទស្សនកិច្ច រវាងថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សុខ​ អាន បានសំណូមពរដល់ភាគីរុស្ស៊ីឲ្យជួយ ផ្តល់ អាហាររូបករណ៍ ដល់និស្សិតនៃរាជបណ្ឌិតសភាកម្ពុជា និងជួយដល់ការងារថែរក្សាវប្បធម៌ខ្មែរ តាមរយៈការជួយថែរក្សា និងអភិរក្សប្រាសាទណាមួយក្នុងតំបន់ប្រវត្តិសាស្ត្រអង្គរ ។ ជាមួយ គ្នានោះដែរ  ឯកឧត្តម បណ្ឌិត  ក៏បានផ្តល់ជាអនុសាសន៍ថា គួរតែបង្កើតឲ្យមាន អនុស្សរណៈ យោគយល់គ្នា ឬកិច្ចព្រមព្រៀងណា មួយរវាងរាជបណ្ឌិតសភាកម្ពុជា និង ស្ថាប័នណាមួយនៅ ប្រទេសរុស្ស៊ី ដើម្បីធ្វើជាក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ នាពេល អនាគត​ ។

ជាកិច្ចឆ្លើយតប ឯកឧត្តម Alexander IGNATOV  បានយល់ស្របតាមអនុសាសន៍ដ៏ល្អ របស់ឯកឧត្តម បណ្ឌិត សុខ​ អាន ហើយបានមានប្រសាសន៍ថា ឯកឧត្តមនឹងយកអនុសាសន៍ និង សំណូមពរទាំងនេះ ជម្រាប ជូនដល់រដ្ឋាភិបាលរុស្ស៊ី ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សុខ​ អាន ក៏បានជម្រាបប្រាប់ គណៈប្រតិភូរុស្ស៊ីពី សក្តានុពល នៃខេត្ត ព្រះវិហារ ដោយលើកឡើងថាខេត្តនេះជាខេត្តមាន សក្តានុពល ខ្ពស់ សម្រាប់ វិស័យទេសចរណ៍  កសិកម្ម និងឧស្សាហម្ម ។ ហេតុនេះ តាមរយៈគណៈប្រតិភូរុស្ស៊ី ឯកឧត្តមបណ្ឌិត បានសូមអំពាវនាវឲ្យ វិនិយោគិនរុស្ស៊ី ចាប់អារម្មណ៍មកលើខេត្តមួយនេះ​ ។

No comments:

Post a Comment