Monday, December 06, 2010

ប្រក្រតីកម្មនៃទំនាក់ទំនងកម្ពុជា-ថៃបានវិលត្រឡប់ ទៅរក​ស្ថាន​ភាព​មុន​ថ្ងៃ ១៥ កក្កដា ឆ្នាំ ២០០៨ វិញហើយ (០៦/១២/២០១០)


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានអះអាងកាលពី​​ព្រឹក​ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ​២០១០ ថា ឥឡូវ​នេះប្រក្រតីកម្មនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា-ថៃបានវិលត្រឡប់ទៅ មុនថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨​ វិញហើយ ដែលនេះជាលទ្ធផល នៃការជួបគ្នាចំនួន ៤ លើក​រវាង​នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំង​ពីរ​នោះ ។            
 នៅក្នុងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំ​ សម្ដេចតេជោ​​នាយក​ រដ្ឋមន្ដ្រី​មាន​ប្រសាស​ន៍​​ថា “ខ្ញុំមិនចង់ ធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈអ្វីទេ ក៏ប៉ុន្ដែខ្ញុំអាច និយាយបានថា បញ្ហា​ត្រូវ​បាន​ដោះស្រាយហើយ សភាពការណ៍បាន វិលត្រឡប់ទៅ រកមុនថ្ងៃ ១៥ ខែកក្កដា ឆ្នាំ ២០០៨ ហើយ ។ ខ្ញុំ​និយាយ​ត្រឹមប៉ុណ្ណឹងល្មមស្ដាប់បានហើយ”។ សម្ដេចតេជោថ្លែងថា ការជួបគ្នាចំនួន ៤ ដង​រវាង​នាយករដ្ឋមន្ដ្រី​​ទាំងពីរបានដោះស្រាយ សម្រួលគ្នានៅតាមទល់ដែនទាំងមូលតែម្ដង។
សម្ដេចតេជោ​ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំអាចនិយាយថា ប្រក្រតីកម្ម​ទំនាក់ទំនង ​ពេញ​វិញ​ហើយ​ៗនៅថ្ងៃទី ១៩ ធ្នូខាងមុខនេះ រដ្ឋមន្ដ្រីក្រសួងការបរទេសថៃ លោក កាស៊ីត ភីរម្យ ក៏នឹង​អញ្ជើញ​មក​ចូល​រួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ឆ្នាំទី ៦០ នៃទំនាក់ទំនងការ ទូតរវាងព្រះរាជាណាចក្រកម្ពុជា ជា​មួយ​ព្រះរាជាណាចក្រ​ថៃនៅរាជធានីភ្នំពេញផងដែរ ។ សម្ដេចនាយករដ្ឋមន្ដ្រីថ្លែងថា បញ្ហា​វាមិន​ទាន់​ចប់​ទាំង​អស់​នោះ​ទេ សម្រាប់ថ្ងៃក្រោយ វានៅមានបញ្ហាវាស់វែង បញ្ហាដោះមីន និង ការបើកច្រកបន្ថែមទៀត ដើម្បី​ជម្រុញ ​កិច្ចសហប្រតិបត្ដិការនោះ។
 នៅក្នុងសង្កថា សម្ដេចតេជោ បានថ្លែងសរសើរទៅដល់​ការប្រគុំតន្ដ្រីរួមគ្នានៃប្រទេស ទាំង ពីរ ដែល​ប្រព្រឹត្ដ​​ទៅកាលពីពេលថ្មីៗនេះនៅទីក្រុងបាងកក ហើយ​ដែល​បាន​ផ្សាយ​ផ្ទាល់​ ដោយ​ស្ថានីយ៍​ទូរទស្សន៍​ជាតិ​កម្ពុជា និង ស្ថានីយ៍ទូរទស្សន៍រាជធានីភ្នំពេញប៉ុស្ដិ៍លេខ ៣ នោះ ។ សម្ដេច ហ៊ុន សែន បាន​ជម្រុញ​ឱ្យ​​មាន​ការប្រគុំតន្ដ្រីរួមគ្នានេះជាបន្ដទៅទៀត នៅរាជធានី ភ្នំពេញ ហើយ​ដោយ​មាន​ការផ្សាយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ថៃវិញដែរ ។
ទំនាក់​ទំនងរវាងប្រទេសទាំងពីរបានល្អប្រសើរឡើងជាងមុន នៅពេលដែលថៃ និង កម្ពុជា​ បាន​បញ្ជូន​ឯកអគ្គរាជទូត​របស់ខ្លួន ឱ្យត្រឡប់ទៅកាន់ការងារវិញកាលពីដើមខែសីហាកន្លង ទៅនេះ ។
នៅ​ក្នុងជំនួបទល់មុខគ្នាជាលើកដំបូង កាលពីខែកញ្ញានៅបូរីញូយ៉កប្រមុខដឹកនាំប្រទេស ទាំងពីរ​បាន​ឯកភាពគ្នាលើ ចំណុចទាំង ៤ ដែលរួមមាន ទី១ ធ្វើយ៉ាង​ណាជៀស​វាង​ការ​ប៉ះ​ ទង្គិច​គ្នា​រួម​ទាំង​ការ​ប្រ​ឈម​ដោយកំលាំងយោធា ទី២ ជំរុញកិច្ចសហប្រតិបត្ដិការលើការ ផ្លាស់ប្ដូរវិស័យសិល្បះ និង កីឡា​ពីគ្នា​ទៅ​វិញ​ទៅមក ទី៣ រួមគ្នាពិនិត្យលទ្ធភាពក្នុងការ បើកច្រក​​ស្ទឹង​បត់​សំ​ដៅ​ ធ្វើ​យ៉ាង​ណា​រក្សា​ច្រក​ទ្ធារ​អន្ដរជាតិ​ប៉ោយ​ប៉ែត​ជាច្រកទេសចរ និង ច្រកទ្ធារថ្មីស្ទឹងបត់ជាច្រកទ្ធារសំរាប់ ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទី៤ ជំរុញ​ការ​ត្រួត​ពិនិត្យរួម គ្នានូវរាល់ព័ត៌មានដែលផ្សព្វផ្សាយនៅតាមបណ្ដាញសារព័ត៌មាន នៃប្រ​​ទេស​ទាំងពីរ​ធ្វើ​ យ៉ាង​ណា ដើម្បីជៀសវាងការយល់ច្រឡំពីគ្នាទៅវិញទៅមក ពិសេសការវាយប្រហារទៅ លើប្រមុខដឹកនាំ រដ្ឋាភិបាល​ទាំងពីរដែលនិងនាំឱ្យមានការប្រឈមមុខដាក់គ្នានោះ។ ជំនួប លើកទី ២ របស់ឥស្សរជន​ទាំង​ពីរ​បាន​ប្រព្រឹត្ដ ទៅនៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្ស៊ិច ជំនួបលើកទី ៣ នៅទីក្រុងហាណូយ ប្រទេស​វៀតណាម ហើយជំនួប លើកទី ៤ បានប្រព្រឹត្ដ ទៅនៅរាជធានីភ្នំពេញ ដែល​សមភាគី​ទាំងពីរ​ក៏បាន​ធ្វើ​ជា​អធិបតី​ក្នុងពិធីចុះហត្ថលេខា លើកលែង ទិដ្ឋាការលើលិខិតឆ្លងដែនធម្មតារវាងប្រទេសទាំងពីរផងដែរ ។
ប្រទេសថៃបានបញ្ជូនកងទ័ពចូលមកឈ្លានពានកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ កាលពី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ បន្ទាប់ពីអង្គការយូណេស្កូបានសម្រេចដាក់ប្រាសាទ​បុរាណ​ របស់​ខ្មែរ​នេះ​បញ្ចូល​ទៅ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ មកនោះ ។/

No comments:

Post a Comment