Monday, December 06, 2010

សម្តេច​តេជោ​ស្វាគមន៍​ការ​អនុវត្ត​អនុស្សរណៈ រវាង មហាអយ្យការតុលាការកំពូល កម្ពុជា-វៀតណាម(០១/១២/២០១០)


នៅ​ក្នុង​ឱ​កាស​ទទួល​ជួប​សវនាការ​ជាមួយ​ឯកឧត្ដម TRAN QUOC VUONG ប្រធាន​មហា អយ្យការ​​​អមតុលាការកំពូល ប្រជាជនវៀតណាម នៅវិមានសន្ដិភាពក្នុងរាជធានីភ្នំពេញ នារសៀល​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ​២០១០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន ប្រសាសន៍​ថា​រូប​លោក​ផ្ទាល់​ បាន​ពិនិត្យ​​យ៉ាងយកចិត្ដទុកដាក់ទៅលើអនុស្សរណៈ ដែល ស្ថាប័នទាំងពីរ(មហាអយ្យការ​​អមតុលាការកំពូល​វៀត​ណាម​ និង​កម្ពុជា​) បានចុះហត្ថលេខា រួមគ្នានៅទីក្រុងហាណូយកាលពីពេលកន្លងទៅនោះ  ។
ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ដ្រីឱ្យដឹងថា សម្ដេច ហ៊ុន សែន មាន ប្រសាសន៍​នៅក្នុងជំនួបនោះ​ដោយ​បាន​វាយ​តម្លៃ​ថា អនុស្សរណៈ​នោះពិត​ជា មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ សំរាប់ប្រទេសទាំងពីរកម្ពុជា-វៀតណាម ។ 
ឯកឧត្ដម TRAN QUOC VUONG មានប្រសាសន៍ជំរាបជូនសម្ដេចតេជោថា ដំណើរ​ ទស្សនកិច្ច​របស់​​លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិ បត្ដិការរវាងអគ្គរដ្ឋអាជ្ញាអម តុលាការ​កំពូលប្រជាជនវៀតណាម ជាមួយនឹងអគ្គព្រះរាជអាជ្ញា អមតុលាការកំពូលកម្ពុជា បន្ទាប់​ពី​ស្ថាប័ន​ទាំង​ពីរបានចុះហត្ថលេខាលើអនុស្សរណៈ នៃ ការយោគយល់គ្នាកាលពីពេលកន្លងមកនោះ។ ឯកឧត្ដម​ប្រធាន​​មានប្រសាសន៍បន្ដថា ស្ថាប័ន​ទាំងពីរ​កំពុង​តែ​ធ្វើ​កិច្ច​​សហប្រតិបត្ដិការ​ជាមួយ​គ្នា​ក្នុង​កំរិត​រយៈ​ពេល​វែង និង កំពុងតែ ជំរុញឱ្យកាន់តែស៊ីជំរៅ ថែមទៀត ដើម្បីឱ្យសមស្របទៅនឹង​កិច្ចសហប្រតិបត្ដិការ​លើ​ វិស័យ​នយោបាយ សេដ្ឋកិច្ច និង ការវិនិយោគផងដែរ ។
ឯកឧត្ដម TRAN QUOC VUONG បានជំរាបជូនសម្ដេចនាយករដ្ឋមន្ដ្រីថា អនុស្សរណៈ​ដែល ​ស្ថាប័ន​ទាំងពីរ បានចុះហត្ថលេខារួមគ្នាកាលពី​ពេល​កន្លងមក មានអត្ថប្រយោជន៍​ខ្លាំង ​ណាស់​សំរាប់​ប្រទេស​​ទាំង​ពីរ​ក្នុងការទប់ស្ដាត់នូវរាល់បទ ល្មើសផ្សេងៗ និង ដើម្បីគាំទ្រ ក្នុង​ការជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពិសេស​​លើ​ប្រពន្ធ័​យុត្ដិធម៌​នោះផ្ទាល់តែម្ដង។
ឯកឧត្តម​ អ៊ាង សុផលែត ថ្លែងថា នៅក្នុងជំនួបនោះសម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី​ បាន​មាន ប្រសាសន៍​វាយតំលៃខ្ពស់ និងកោតសរសើរដល់កិច្ចសហប្រតិបត្ដិការនៃ ស្ថាប័នទាំងពីរ ដែលបាន និង កំពុង​បោះជំហានទៅមុខប្រកបដោយលទ្ធផល យ៉ាងល្អប្រសើរបំផុតនោះ និង​បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ បំផុតជូនចំពោះរដ្ឋាភិបាល និង ប្រជាជន វៀតណាម ពិសេសអ្នកវិនិយោគទុនវៀតណាម ដែល​បាន​​ផ្ញើ​រ​នូវសារលិខិតចូលរួមរំលែកទុក្ខ និង បានផ្ដល់នូវវិភាគទានដ៏មានតំលៃបំផុតជូនចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ និង គ្រួសារ ជនរងគ្រោះ ក្នុងឧបទ្ទវហេតុលើស្ពានពេជ្រកាលពីពេលកន្លងមក។/

No comments:

Post a Comment