ដោយ : លីហូវ
រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានអះអាងបញ្ជាក់ពីការផ្តល់ជំនួយថវិកាចំនួន ២១៥.០០០ ផោន ស្មើប្រមាណ ៣៣៤.០០០ ដុល្លារអាមេរិក ដល់តុលាការខ្មែរក្រហម ដើម្បីបំពេញតម្រូវការខាងភាគីកម្ពុជា ក្នុងចន្លោះរយៈពេលរង់ចាំការមកដល់នៃជំនួយពីប្រទេសផ្តល់ជំនួយផ្សេងៗទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់តុលាការខ្មែរក្រហម នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០។
សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា ក្នុងលិខិតផ្ញើរជូនលោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃតុលាការខ្មែរក្រហម លោកឯកអគ្គរាជទូតអង់គ្លេស អេនឌ្រូ ម៉េស បានជម្រាបជូនថា រាជរដ្ឋាភិបាលអង់គ្លេស មានឆន្ទៈខ្ពស់ក្នុងការគាំទ្រកិច្ចការរបស់តុលាការចម្រុះកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងខណៈដែលតុលាការនេះ កំពុងតែបោះជំហានទៅរកដំណាក់កាលដ៏សំខាន់មួយទៀតនៃអាណត្តិការងាររបស់ខ្លួន។
សេចក្តីប្រកាសដដែល បានកត់សម្គាល់ថា ចក្រភពអង់គ្លេស ស្ថិតក្នុងចំណោមប្រទេសម្ចាស់ជំនួយសំខាន់ៗ ដែលបានផ្តល់ការគាំទ្រចំពោះតុលាការចម្រុះកាត់ទោសមេដឹកនាំខ្មែរក្រហម តាំងពីតុលាការនេះ បានបង្កើតឡើង នៅឆ្នាំ២០០៦។ មកដល់បច្ចុប្បន្ន ថវិកាដែលតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម បានទទួលពីចក្រភពអង់គ្លេស មានចំនួន ៣,៧ លានដុល្លារអាមេរិក។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យតុលាការខ្មែរក្រហម បានបញ្ជាក់ថា ថវិកាជំនួយរបស់ចក្រភពអង់គ្លេសនេះ បានជួយបំពេញនូវកង្វះថវិការបស់ភាគីកម្ពុជា នៅក្នុងខែធ្នូនេះ។
ភាគីកម្ពុជា ក្នុងតុលាការខ្មែរក្រហម ត្រូវចំណាយមួយខែៗប្រមាណ ៤៨៥,០០០ ដុល្លារអាមេរិក លើប្រាក់ខែបុគ្គលិកកម្ពុជាប្រមាណ ២៩៤ នាក់។
តាមរយៈការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន នៅក្នុងកិច្ចប្រជុំ ស្តីពី ការសន្យាផ្តល់ជំនួយ ដល់សាលាក្តីខ្មែរក្រហម នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាបូរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១០ ប្រទេសម្ចាស់ជំនួយ បានប្រកាសសន្យាផ្តល់ថវិកាដល់សាលាក្តីខ្មែរក្រហម ចំនួន ១៦,៩ លានដុល្លារអាមេរិក។ ក្នុងនោះ ភាគីកម្ពុជា ទទួលបានប្រាក់ចំនួន ៣,៤ លានដុល្លារ។ ចំណែកភាគីអង្គការសហប្រជាជាតិ ទទួលបានប្រាក់ ១៣,៥ លានដុល្លារអាមេរិក។
តុលាការឧក្រិដ្ឋកម្ម ដែលគាំទ្រដោយអង្គការសហប្រជាជាតិនេះ ត្រូវការថវិកាជាង ២១ លានដុល្លារអាមេរិក នៅឆ្នាំ២០១០នេះ ដែលរួមមាន ថវិកា ១៤,៦ លានដុល្លារអាមេរិក សម្រាប់ភាគីអន្តរជាតិ និងថវិកាជិត ៦,៥ លានដុល្លារអាមេរិក សម្រាប់ភាគីកម្ពុជា៕
No comments:
Post a Comment