ដោយ : រតនា
ក្នុងដំណើរទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ងៃ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានអញ្ជើញវិលត្រឡប់មកដល់មាតុភូមិវិញនៅម៉ោង១១និង២០នាទីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១០ នេះដោយទទួលបានជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនចំនួន ១០០ លានយន់ និងកម្ចីសម្បទានចំនួន៣០០ លានដុល្លាអាមេរិក។
លោក ហោ ណាំហុង បានមានប្រសាសន៍ឲ្យដឹងថា ដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសលើកនេះ បាន ផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងដោយមេដឹកនាំចិនបាន សម្រេចប្រែក្លាយភាគជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ ។ លោក ហោ ណាំហុងបានសង្កត់ធ្ងន់ ថា សហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះមានន័យថាជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលចាប់ផ្តើមពីកិច្ចសហប្រតិបត្តិការជិតខាងគ្នាល្អ ឈានដល់កិច្ចសហប្រតិបត្តិការគួរទុកចិត្តគ្នា និង ចុងគ្រោយនេះគឺកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ។
លោក ហោ ណាំហុង បានឲ្យដឹងថាកម្ចីសម្បទាននោះសម្រាប់អនុវត្តគំរោងចំនួន៣ នៅក្នុងឆ្នាំ ២០១០ ដែលរួមមាន គំរោងកសាងផ្លូវជាតិលេខ២១៤ ពីក្រុងត្បែងមានជ័យ ខេត្តព្រះវិហារ ទៅកាន់ ស្រុកថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង ដែលមាន ទឹកប្រាក់ ១០០ លានដុល្លាអាមេរិក , គំរោងកសាងផ្លូវ ជាតិលេខ ៧៦ ពី ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទៅ តាអង ក្នុងខេត្តរតនៈគិរី ក្នុងទឹកប្រាក់ ១០០ លានដុល្លាអាមេរិក និង គំរោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ទន្លេវ៉ៃកូ ក្នុងខេត្តស្វាយរៀងជំហានទី ដែល មានទឹកប្រាក់ចំនួន ១០០ លានដុល្លាអាមេរិក ហើយដែលប្រព័ន្ធធានាសាស្ត្រនៅទីនេះ អាចស្រោច ស្រពផ្ទែដីស្រែចំនួន ៣ សែនហិចតា ទាំង ប្រាំង វស្សា ។
ជាមួយគ្នានេះមេដឹកនាំប្រទេសទាំងពីរបាន ឯកភាពគ្នាថានិងជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ដែលក្នុងឆ្នាំ ២០១០ នេះទទួលបានទឹកប្រាក់ចំនួន ១១០០ លានដុល្លាហើយ ៗ ភាគីទាំងពីរបានឯកភាពគ្នាថា ឆ្នាំ ២០១៥ ខាងមុខនិងជម្រុញការផ្លាស់ប្តូរ ពាណិជ្ជកម្មរវាងប្រទេសទាំងពីឲ្យបានកើនដល់ ២៥០០ លានដុល្លាអាមេរិក ៕
លោក ហោ ណាំហុង បានធ្វើការកត់សំគាល់ទៀតថាៈប្រទេសចិនបានសំរេចក្នុងការទិញយក ផលិតផលកសិកម្មពីកម្ពុជាឲ្យបាន ច្រើនដែលក្នុងនោះបានចុះកិច្ចព្រមព្រៀងរួចហើយទី១ នាំអង្ករចូល បន្ទាប់មកដំឡូងមី ពោត និង សណ្តែក ។ លោកបន្តថាប្រទេសចិនមានប្រជាជនចំនួន ១៣០០ លាន នាក់ដូចនេះជាទីផ្សារកសិកម្មដ៏ធំមួយ សំរាប់កសិករកម្ពុជា ។
ហើយចិនបានសំរេចជួយកសាងមន្ទីរ ពិសោធន៍គុណភាពផលិតផលកសិកម្មដល់កម្ពុជា ដែលជាការជួយជំរុញឲ្យផលិតផលកសិកម្មកម្ពុជា មានស្តង់ដារសំរាប់បំរើឲ្យការនាំចេញ។ ជាមួយនេះប្រទេសចិនក៏បានសម្រេចផ្តល់អាហារូបករណ៍ដល់ និស្សតកម្ពុជាក្នុង ១ ឆ្នាំចំនួន ២០០ នាក់ ។ នៅក្នុងជំនួបនោះដែល លោកនាយករដ្ឋមន្ត្រី ចិន ក៏បាន ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន អំពីគំរោងប្លង់សិក្សាការសាងសង់ផ្លូវដែក( សឹង្ហបុរី គន់មីញ ) កំណាត់ផ្លូវដែកឆ្លងកាត់កម្ពុជាត្រូវបានចិនសិក្សាចប់ហើយ ៗ ភាគីចិននិងពិភាក្សាលើការសាងសង់ កំណាត់ផ្លូវនេះនៅពេលខាងមុខ ។
សម្ដេចតេជោក៏បានលើកស្នើទៅនាយករដ្ឋមន្ត្រីចិនអំពីបញ្ជីគំរោង ភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្ដទាំង ១៦ ដែលជាគំរោងពហុឆ្នាំ និង ជាផែនការសំរាប់៥ឆ្នាំ “២០១០-២០១៤”រួមមានគំរោងគ្រប់គ្រងគ្រោះមហន្ដរាយ និង ប្រឆាំងភេរវកម្ម គំរោងសាងសង់ផ្លូវដែក និង គំរោងអគ្គិសនីជនបទមានទឹកប្រាក់ប្រមាណពី១៥០០ លានដុល្លាអាមេរិក ។
នៅក្នុងជំនួបចរចារទ្វេភាគី លោក វេន ជាប៉ាវ និង សម្ដេចតេជោ ហ៊ុន សែន បានធ្វើការប្ដេជ្ញា រួមគ្នាថា និង ជំរុញកិច្ចសហប្រតិបត្ដិការនៃប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀតទាំង ក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និង ពិភពលោក ដែលមានការយកចិត្ដទុកដាក់ដូចគ្នា៕
No comments:
Post a Comment