ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង ៨ និង៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី មានបើកសម័យ ប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី ៤ ដើម្បីឆ្លងៈ
១- សេចក្តីព្រាងអនុក្រឹត្យចំនួន០៣របស់អង្គភាពប្រឆាំងអំពើពុករលួយ
៣-១. សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ
៣-២. សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងចាត់ចែងថវិការបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
៣-៣. សេចក្តីព្រាងអនុក្រឹត្យស្តីពីរូបសញ្ញា និងត្រារបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
២- សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍។
៣-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលមាត្រា សាស្រ្ត ជាតិ ។
៤-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញាតិ្តលើ" លិខិតធានារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាម សម្រាប់គម្រោងទិញអគ្គិសនីតាមរយៈខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់២២០គីឡូវ៉ុល អនុភាព ២០០ មេហ្គាវ៉ាត់ ពីក្រុមហ៊ុន អគ្គិសនីវៀតណាម តភ្ជាប់ពីអនុស្ថានីយ៍ ចូវដុក-វៀតណាម ឆ្លងតាមច្រកព្រំដែន ភ្នំដិន-កម្ពុជា មកខេត្ត តាកែវ-ភ្នំពេញ "។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រីបានសម្រេចៈ
I-សេចក្តីព្រាងអនុក្រឹត្យចំនួន០៣របស់អង្គភាពប្រឆាំងអំពើពុករលួយ ៖
១. សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពប្រឆាំងអំពើ ពុករលួយ
២. សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងចាត់ចែងថវិការបស់ស្ថាប័នប្រឆាំងអំពើ ពុករលួយ
៣. សេចក្តីព្រាងអនុក្រឹត្យស្តីពីរូបសញ្ញា និងត្រារបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
ការប្រយុទ្ធប្រឆាំងអំពើពុករលួយជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់រដ្ឋរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យមាន អភិបាលកិច្ចល្អ ពង្រឹងនីតិរដ្ឋ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រ។
ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្ រកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយជាកិច្ចការប្រញាប់តាម ព្រះរាជក្រមលេខ នស/រកម/០៤១០/០០៤/ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ ដែលក្នុងនោះស្ថាប័ន ប្រឆាំងអំពើពុករលួយមួយ ដែលរួមមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើ ពុករលួយត្រូវបានបង្កើតឡើង។ ការអនុម័តសេចក្តីព្រាងអនុក្រឹត្យចំនួន០៣ របស់អង្គភាពប្រឆាំងអំពើ ពុករលួយ ដែលរួមមាន -សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាព ប្រឆាំងអំពើពុករលួយ -សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងចាត់ចែងថវិការបស់ស្ថាប័ន ប្រឆាំងអំពើពុករលួយ - សេចក្តីព្រាងអនុក្រឹត្យស្តីពីរូបសញ្ញា និងត្រារបស់ស្ថាប័នប្រឆាំង អំពើពុករលួយ គឺជាតម្រូវការបន្ទាន់ ដើម្បីធានាឲ្យការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពីការប្រឆាំងអំពើពុករលួយ ដែលផ្តោត លើកត្តាសារវន្តចំនួន៣ ប្រទាក់ក្រឡាគ្នាគឺ ទី១ ការអប់រំ ផ្សព្វផ្សាយ បង្ការទប់ស្កាត់ ទី២ ការអនុវត្ត ច្បាប់បង្ក្រាបបទល្មើសពុករលួយ ទី៣ ការចូលរួមពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដំណើរការមានប្រសិទ្ធភាពល្អ។
II- សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ ៖
សេចក្តីព្រាងអនុក្រឹត្យនេះមាន ៦ជំពូក និង ១៣ មាត្រា ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក នៃអ្នកជំនាញទេសចរណ៍ អាស៊ាន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែ មករា ឆ្នំា ២០០៩ ក្នុងវេទិកាទេសចរណ៍អាស៊ាន ដែលប្រារព្ធធ្វើនៅទីក្រុង ហាណូយ ប្រទេសវៀតណាម។ គណៈកម្មការជាតិអ្នកជំនាញទេសចរណ៍(គជអទ) ដែលត្រូវបានបង្កើត ដោយអនុក្រឹត្យនេះមានតួនាទី ធ្វើយ៉ាងណាសម្រួលការធ្វើបំលាស់ ទីអ្នកជំនាញទេសចរណ៍ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន និងជម្រុញការផ្លាស់ប្តូរការអនុវត្ត ល្អៗ ក្នុងការសាងសមត្ថភាពអ្នកជំនាញទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងប្រទេស ជាសមាជិកអាស៊ានដទៃទៀត។
III-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ ៖
យោងតាមអនុក្រឹត្យនេះមជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ(មមជ) ត្រូវបានបង្កើតឡើង និងដាក់ឲ្យស្ថិតនៅ ក្រោមក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដើម្បីជម្រុញការអនុវត្តច្បាប់ស្តីពីមាត្រាសាស្រ្តកម្ពុជា ដែល បានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨០៨/០៦/ ចុះថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០០៩ មានប្រសិទ្ធភាព ក្នុងទិសដៅជម្រុញភាពប្រកួតប្រជែង នៃវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំង បំពេញកាតព្វកិច្ចក្នុងនាមប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។
មមជ មានតួនាទីគ្រប់គ្រងរាល់សកម្មភាព និងសេវាកម្មពាក់ព័ន្ធការងារមាត្រាសាស្រ្ត មានជាអាទិ៍ វិទ្យាសាស្រ្តមាត្រាសាស្រ្ត មាត្រាសាស្រ្តឧស្សាហកម្ម និងនីត្យានុកូលមាត្រាសាស្រ្ត ស្របតាមគោល នយោបាយជាតិផ្នែកមាត្រាសាស្រ្ត។
IV-បញ្ហាផ្សេងៗ ៖ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចបញ្ជូន "លិខិតធានារបស់រាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាម សម្រាប់គម្រោងទិញអគ្គិសនី តាមរយៈខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២២០គីឡូវ៉ុល អនុភាព ២០០ មេហ្គាវ៉ាត់ ពីក្រុមហ៊ុន អគ្គិសនីវៀតណាម តភ្ជាប់ពីអនុស្ថានីយ៍ ចូវដុក-វៀតណាម ឆ្លងតាមច្រកព្រំដែន ភ្នំដិន-កម្ពុជា មកខេត្ត តាកែវ-ភ្នំពេញ ដើម្បីសុំការផ្តល់សច្ចាប័នពីស្ថាប័ននីតិប្បញ្ញាតិ្ត។
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា នឹងមិនមានការតែង តាំងមន្រ្តីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជួសកន្លែងដែលនៅទំនេរឡើយ ដើម្បីជៀសវាងការកើន ចំណាយក្នុងថវិកាជាតិ។
អង្គប្រជុំគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង១១និង៤០នាទី ។
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១០
No comments:
Post a Comment