Friday, December 24, 2010

ឯកឧត្តមបណ្ឌិត សុខ អាន ទទួលជួបប្រតិភូធុរៈកិច្ចមកពីខេត្តយូណាន់ ប្រទេសចិន

ប្រតិភូអ្នកធុរៈកិច្ចមកពីខេត្តយូណាន់ នៃសាធារណៈរដ្ឋប្រជាមានិតចិនដឹកនាំដោយ​លោក នីវសាវយ៉ាវ (Niu Shaoyao)​ ប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ពាណិ​ជ្ជកម្មរវាងខេត្តយូណាន់ជាមួយតំបន់អាស៊ីអាគ្នេយ៏ និងអាស៊ីខាងត្បូង ត្រូវបាន​អនុញ្ញាតិ​​​​​ឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាស្វែងយល់ពីឱកាសនៃការធ្វើវិនិយោគ​នៅ​​ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយ​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី។


លោកនីវសាវយ៉ាវ (Niu Shaoyao)​ ដែលជាអតីតអនុប្រធានគណៈកម្មាធិការ​ខេត្ត​យូ​ណាន់ បានមានប្រសាសន៍ជំរាបជូនឯកឧត្តមបណ្ឌិសភាចារ្យ សុខ អាន ថា ​ផ្អែក​​តាម​ការ​រីក​ចំរើន​​រឹងមាំ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងសា​ធារ​ណៈ​រដ្ឋ​ប្រជា​មា​និត​​​ចិន និង ព្រះរាជាណាចក្រកម្ពុជា និងការរីកចំរើនក៍ដូចជាសក្តា​នុពល​សេដ្ឋ​កិច្ច​​ដែល​កម្ពុជា​​​​​មានច្រើន វិស័យនោះ សមាគមជំរុញកិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​រវាង​ខេត្តយូណាន់ ជាមួយ តំបន់អាស៊ីអាគ្នេយ៏ និងអាស៊ីខាងត្បូងបានដឹក​នាំ​គ​​ណៈ​ប្រតិភូ​ចំនួន​២៥រូប ក្នុងនោះមាន១៣រូបជា អ្នកធុរៈកិច្ចមកពីសហគ្រាស​និងក្រុម​ហ៊ុនល្បីធំៗ ក្នុង​ខេត្ត​​យូណាន់មក ស្វែងយល់អំពីឱកាស នៃវិនិយោគទុននៅព្រះរាជាណា​ចក្រកម្ពុជា។

នៅក្នុងជំនួបនោះឯកឧត្តមបណ្ឌិត សុខ អាន មានប្រសាសន៍ថា ការផ្លាស់ប្តូរដំណើរ ទស្សន​កិច្ចរវាងថ្នាក់ដឹកនាំកម្ពុជា-ចិន និងកិច្ចព្រមព្រៀងជាច្រើនដែលត្រូវបានចុះហត្ថ​លេខា​​​ពេលកន្លងមក គឺជាមូលដ្ឋានដ៏រឹងមាំសំរាប់ការវិនិយោគរបស់ក្រុមហ៊ុនចិននៅ​កម្ពុជា។ ឯកឧត្តម ឧបនា​យករដ្ឋមន្រ្តីបានឲ្យដឹងថា​ ក្រៅពីប្រេង រ៉ែធនធានធម្មជាតិ និងមូលដ្ឋាន​ផលិត​​​ថាមពល​ ​ព្រះរាជា​ណា​ចក្រកម្ពុជាមានសក្តានុពលច្រើនទៀតលើវិស័យកសិកម្ម។ ទី១ គឺ​ផលិត​កម្ម​ស្រូវ ដែល​ឆ្នាំនេះកម្ពុជាសល់ស្រូវប្រមាណជាង៣លាន៧សែន​តោន​ដែល​ទាម​​​ទារ​​ឲ្យមានការ​កែច្នៃ មានការនាំចេញ។ ទី២ ក្រៅពីអង្ករ គឺមាន​ផលិត​ផល​ផ្លែឈើ​ច្រើន​មុខ ដែល​ត្រូវការ​ទីផ្សារ។ ទី៣ កម្ពុជាមានដី ដែលមានជីជាតិល្អ ដែលអាចដាំពោត សណ្តែក និង​​កសិផលផ្សេងៗទៀតបានល្អ ពិសេសដំណាំកៅស៊ូ ដែលជាតម្រូវ​ការច្រើន​ក្នុង​​ទីផ្សា​ប្រទេស​​ចិននាពេលបច្ចុប្បន្ននិងទៅអនាគត។​ ទី៤ កម្ពុជាមានប្រាសាទ ដែលជា​បេតិ​ក​ភណ្ឌ​​ ជាតិសំរាប់បំរើឲ្យវិស័យទេសចរណ៍ ព្រោះក្រៅពី ខេត្តសៀមរាប ខេត្ត​ព្រះ​សីហនុ ដែល​ជា​ប៉ូល​​សេដ្ឋកិច្ច​ ប្រាសាទ​ព្រះ​វិហារនៅក្នុងខេត្តព្រះវិហារ ដែលមាន​សក្តា​នុពល​ខ្ពស់ខាងរ៉ែ កសិកម្ម និងទេសចរ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីដ៍សំខាន់ ដែល​ទាម​ទារ​ឲ្យ​មានការ​អភិវឌ្ឍន៍ថែមទៀតផងដែរ។

ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ផងដែរថា​ថ្មីៗនេះសាធារណៈ​រដ្ឋ​ប្រជា​មានិតចិន បានជួយកម្ពុជាឲ្យមានមន្ទីរ​ពិសោធន៍​ដើម្បី​អាច​​ចេញ​វិញ្ញាបនប័ត្របញ្ជាក់​លើ​​​​​​ទំនិញ​ក​សិផល​ដើម្បីនាំចេញ ដែលមានភាពងាយស្រួល​សំរាប់អ្នកវិនិយោគ​មក​ពី​ប្រទេស​​ចិនផងដែរ​។

ឯកឧត្តមបណ្ឌិត សុខ អាន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ​គណបក្ស​កុម្មុយ​នីស្ត​ចិន ដែលបានបញ្ជូនមកចូលរួមធ្វើឲ្យសន្និបាតលើកទី៦ នៃគណបក្សនយោបាយ​នៅ​អាស៊ី ICAPP​ ​នៅរាជធានីភ្នំពេញទទួលបានជោគជ័យ។

ប្រតិភូធុរៈកិច្ចមកពីខេត្តយូណាន់ បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត​សុខ អាន​ ដែលបានទទួល និងផ្តល់ព័ត៌មាន អំពីតម្រូវការនៃការវិនិយោគលើវិស័យនានា ហើយ​​​បានសន្យារថា នឹងបន្តការចុះពិនិត្យជាក់ស្តែងតាមការចង្អុលបង្ហាញថែមទៀត។

No comments:

Post a Comment