នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រី្ត ល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១០ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ទទួលជួបសំដែងការគួរសមជាមួយឯកឧត្ដម ហ្វីដែល រ៉ាម៉ូសអតីតប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងជំនួប ពិភាក្សាគ្នានោះ ឯកឧត្ដមអតីតប្រធានាធិបតី មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានដឹកនាំប្រទេសកម្ពុជាឈានឆ្ពោះទៅកាន់ ការវិវត្ដន៍រីកចំរើនគួរឱ្យកក់សំគាល់ ។ ជាមួយគ្នានេះឯកឧត្ដម ហ្វីដែល រ៉ាម៉ូស បាន មាន ប្រសាសន៍កោតសរសើរចំពោះដំណើរការ រៀបចំមហាសន្និបាតលើកទី ៦ របស់ ICAPP ដែលបានប្រព្រឹត្ដទៅប្រកបដោយជោគជ័យ ពិសេសការរៀបចំបង្កើតនូវចលនាអ្នក ប្រជា ធិបតេយ្យនិយមកណ្ដាលអន្ដរជាតិ-អាស៊ីប៉ាស៊ីហ្វីក ហៅកាត់ថា CDI-AP ។ នៅក្នុងជំនួប ពិភាក្សាគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាមាន គោលនយោបាយលើកទឹកចិត្ដជំរុញកិច្ចសហប្រតិបត្ដិការ នៃប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន ពិសេសលើវិស័យកសិកម្ម ពោលគឺនាំអង្ករពីប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន និងការ ហោះហើរត្រង់ពីទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីនមកកាន់ទីក្រុងសៀមរាប និង រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម ហ្វីដែល រ៉ាម៉ូស មានប្រសាសន៍សំដែងនូវការគាំទ្រ និងបានស្នើសុំឱ្យឯកឧត្ដម ឯកអគ្គ រដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជាពិនិត្យលទ្ធភាពធ្វើការចរចាលើបញ្ហាដ៏មានសារៈ សំខាន់នោះ ។ ឯកឧត្ដមអតីតប្រធានាធិបតីប្រទេសហ្វីលីពីនបានមានប្រសាសន៍ សង្កត់ ធ្ងន់ថា បើសិនជាអាចធ្វើបានគឺការបង្កើតដៃគូយុទ្ធសាស្ដ្រក្នុងការធ្វើកិច្ចសហប្រតិបត្ដិការ លើវិស័យ កសិកម្មនេះផ្ទាល់តែម្ដង ។/
No comments:
Post a Comment