Saturday, January 15, 2011

ទិវា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០១១ បើក​ធ្វើ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥​មករា​នេះ

ភ្នំពេញ​: ​ទិវា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១១​បាន​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៥​មករា​នេះ​នៅ​​ទីក្រុង​ភ្នំពេញ​។ ទិវា​នេះ​ដែល​មាន​រយៈ​មួយ​សប្តាហ៍​ត្រូវគេ​គ្រោង​នឹង​បិទ​បញ្ចប់​
នៅ​ថ្ងៃ​ទី​២១​មករា​ខាងមុខ​នេះ​ដោយ​មាន​ការចូលរួម​ពី​ប្រទេស​អាស៊ាន​ទាំង​១០​បូក​ ជាមួយ​កូរ៉េ ចិន ជប៉ុន ​និង​ឥណ្ឌា​។​

​លោក​ថោង​ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ប្រាប់ឲ្យដឹង​ថា​កិច្ចប្រជុំ​នេះ​ផ្តោត​លើ​បញ្ហា​សំខាន់​៣​គឺ​៖ ទី​១​ការជំរុញ​ឲ្យបាន​ខ្លាំង​ក្លា​អំពី​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ​ដើម្បី​ពង្រីក​ទីផ្សារ​ទេសចរណ៍​​អាស៊ាន​ឲ្យ​កាន់តែ​ធំ​។ 

​ទី​២​គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដើម្បី​បង្កើន​សមត្ថភាព​តាមរយៈ​ការបង្កើត​កម្មវិធីសិក្សា​​រួម​មួយ​លើ​មុខជំនាញ​ចំនួន​៣២​ដើម្បី​ជំរុញ​ស្តង់ដារ​ទេសចរណ៍​អាស៊ាន ពង្រឹង​សន្តិសុខ និង​ការ​ប្រែក្លាយ​ទេសចរណ៍​អាស៊ាន​ឲ្យទៅ​ជា​ទេសចរណ៍​កម្រិ​ត​ ពិភពលោក​។​

​និង​ទី​៣ សម្រួល​ដល់​ការធ្វើដំណើរ​និង​ការដឹកជញ្ជូន​ក្នុង​តំបន់​អាស៊ាន​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​នៅ​ឆ្នាំ​២០១៥​។ ជាមួយគ្នានេះដែរ ទេសចរ​បរទេស​អាច ​នឹង​ប្រើ​ទិដ្ឋាការ​ប្រទេស​អាស៊ាន​ណាមួយ​ក៏​បាន​សម្រាប់​ការធ្វើដំណើរ​ក្នុង​អាស៊ាន ​ទាំងមូល​។​

​លោក​ថោង ខុន​ឲ្យដឹង​ទៀតថា ទេសចរណ៍​អាស៊ាន​អាច​ស្រូប​អ្នកទេសចរ​បាន​៦៥​លាន​នាក់​​ក្នុង​១​ឆ្នាំ​ក្នុង​នោះ​មាន​ភ្ញៀវ​ជាង​៤០​ភាគរយ​ជា​ទេសចរ​ក្នុង​បណ្តា ​ប្រទេស​អាស៊ាន​ខ្លួនឯង​ឬ​ស្មើ​​នឹង​២០​លាន​នាក់​។ ក្រៅពីនោះ​មាន​អ្នកទេសចរ​មក​ពី​ចិន កូរ៉េ និង​ជប៉ុន​ជាង​២០​ភាគរយ មក​ពី​អឺរ៉ុប​២០​ភាគរយ និង​ជាង​១០​ភាគរយ​ទៀត​មកពី​សហរដ្ឋ អាមេរិក​។​

​បើ​តាម​ប្រសាសន៍​លោក​ថោង ខុន កម្ពុជា​ជា​ទីផ្សារ​ទេសចរណ៍​ធំ​ជាងគេ​ក្នុង​អាស៊ី​ដែល​អាច​ស្រូប​បាន​អ្នកទេសចរ​ដល់​ទៅ​៦០​ភាគរយ​។ កម្ពុជា​ក៏​បាន​ស្រូបយក​អ្នកទេសចរ ​មក​ពី​ចិន ជប៉ុន ​កូរ៉េ និង​មក​ពី​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ចំនួន​២០​ភាគរយ​ឬ​ស្មើនឹង ​ជាង​៤០​ម៉ឺន​នាក់​។​

​នៅ​ឆ្នាំ​២០១០ កម្ពុជា​ទទួលបាន​ចំណូល​ពី​ទេសចរណ៍​ចំនួន ១៧០០ លាន​ដុល្លារ​អាមេរិក​ដោយ​មាន​អ្នកទេសចរ​ចំនួន​២​លាន​៥​សែន​នាក់​។ វិស័យ​ទេសចរណ៍​បាន​ បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​​ប្រមាណ​ជា​ជាង​៤០​ម៉ឺន​នាក់​។ នៅ​ឆ្នាំ​២០១៣ ចំនួន​ទេសចរ​មក​កម្ពុជា​នឹង​កើន​ដល់​៣​លាន​៥​សែន​​នាក់​៕

ដោយ : រតនា

No comments:

Post a Comment