Saturday, January 15, 2011

អចលនៈទ្រព្យ​រដ្ឋ​ក្លាយជា​កម្ម​សិទ្ធ​ឯកជន នៅ​ឆ្នេរសមុទ្រ​ព្រែកត្រែង

ព្រះសីហនុ: ​ក្រុម​អ្នកមាន​លុយ​មួយចំនួន បាននាំគ្នា​អង្កន់​ឆ្នេរសមុទ្រ ក្នុង​តំបន់​ព្រែកត្រែង​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​គ្រប់គ្រង ដោយ​ពួកគេ​បាន​ប្រើប្រាស់​រូបភាព​ស្នើរ​សុំ ស​.​ជ​.​ណ វិនិយោគ​ពី​រាជរដ្ឋាភិបាល​ទាំងអស់ និង​ច្បាប់ទម្លាប់​វិនិយោគ​រួចរាល់​ហើយ តំបន់ឆ្នេរ​ទាំងនោះ​បាន​ត្រឹមតែ​សាងសង់​ខ្ចូ​ស ឬក៏​បោះ​បង្គោលរបង​ហ៊ុំ​ព​ទ្ធ័​កំណត់សំគាល់​ព្រំ​ទុក សម្រាប់​រក​ម៉ូយ​លក់​ច្បាប់​វិនិយោគ​បន្ត​តែប៉ុណ្ណោះ ។​

​    ​ពី​ក្បាលស្ពាន​ព្រែកត្រែង​ដល់​ចំណុច​ថ្នល់​បទ មាន​ចម្ងាយ​ជិត ២ គីឡូម៉ែត្រ មាន​ក្រុមហ៊ុន​មួយ​បាន​បោះ​បង្គោលរបង​រក្សាទុក​ដី​នេះ​ជា​យូរយា​មកហើយ នៅ​មិនទាន់មាន​ការកសាង ឬ​អភិវឌ្ឍន៍​អ្វី​ជា​ដុំកំភួន​នៅឡើយ​ទេ ចំពោះ​ក្រុមហ៊ុន​មួយ​នោះ ក៏​ប្រើប្រាស់​រូបភាព​វិនិយោគ​ដោយមាន ស​.​ជ​.​ណ​ពី​រាជរដ្ឋាភិបាល​ដែរ ។ កន្លងមក គេ​កសាង​ជា​សួនច្បារ​មួយ មាន​ដាំ​ផ្កា​បួនដប់​ដើម ហើយ​គេ​បាន​ជំ​ទាល​ប្រាប់​មហាជន​ថា ជា​សួនច្បារ​សម្តេច ហ៊ុន សែន លុះ​ក្រោយមក​សួនច្បារ​នោះ​ពុំមាន​អ្នក​ថែទាំ​ក៏​ខ្ទេចខ្ទី​អស់​ទៅ ។​

​    ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ចាប់តាំងពី​រោងចក្រ​ប្រេងកាត​មកដល់​ឆ្នេរ​អូរត្រេះ​ក្រុងព្រះសីហនុ មាន​បណ្តោយ​ប្រមាណ​រាប់គីឡូម៉ែត្រ ពុំមាន​ចំណុច​ឆ្នេរ​កន្លែង​ណាមួយ ដែលជា​អចលនៈទ្រព្យ​របស់​រដ្ឋ ហើយ​គ្រប់គ្រង​ដោយ​រដ្ឋ​នោះទេ គឺ​មានតែ​ចំណុច​ឆ្នេរ​អូរ​ឈើទាល​មួយគត់ ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​សាលាខេត្ត​ព្រះសីហនុ ក្រៅពីនោះ​កុំថាឡើយ​តែ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេចរ សូម្បីតែ​មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ ក៏​ពិបាក​ចូលទៅ​ជិត​តំបន់ឆ្នេរ​ទាំងនោះ​ដែរ ។ ចំពោះ​ករណី​ទាំងអស់នេះ សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល គប្បី​ចំណាត់​ការសើរើ​នូវ​កិច្ចសន្យា​របស់​ក្រុមហ៊ុន​វិនិយោគ តាម​តំបន់​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់​ដើម្បី​ចៀសវាង កុំ​ឲ្យ​មានការ​ជួញដូរ​ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​    ​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ទាំងអស់​ដែលមាន​ការស្នើសុំ ស​.​ជ​.​ណ វិនិយោគ​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ សុទ្ធ​ស៊ឹង​តែមាន​ដី​ជាប់មាត់​សមុទ្រ ដើម្បី​ទុក​ដី​របស់​ពួកគេ​លក់បាន​ថ្លៃ គឺ​មានតែ​ការដណ្តើមយក​ដី​ចំណី​សមុទ្រ ដែលជា​អចលនៈទ្រព្យ​របស់​រដ្ឋ មក​ភ្ជាប់​លក់​ជាមួយគ្នា​តែម្តង ដូច្នេះ​ការ​លោភលន់​របស់​ក្រុមអ្នកមានអំណាច និង​អ្នកមាន​លុយកាក់​ទាំងនោះ​គេ​បាន​ប្រើប្រាស់​គ្រប់​រូបភាព ទាំងអស់ ទោះបី​ស្ថិតក្នុង​ស្ថានភាព​ពុករលួយ​កម្រាស់​ណាក៏ដោយ​ចុះ ៕

No comments:

Post a Comment