Friday, December 31, 2010

ទាហាន​ថៃ​បាន​​ដំឡើង​​សាច់ដុំ​​​កម្លា​​​បរិ​យាកាស​នៅក្នុងទឹកដី​​របស់គេ ខេត្តស្រះ​កែវ ទល់មុខ​កន្លែង​​ចាប់ពលរដ្ឋ​​ថៃ​៧​នាក់

​​ខេត្តបន្ទាយមានជ័យ​ ៖ ​ស្ថានភាព​យោធា​នៅ​​​តាម​តំបន់ព្រំដែន​​​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ​មានការ​ប្រែប្រួល​​បន្តិច ដោយ​សារ​​​កង​ទ័ព​ថៃ ​នៅក្នុង​​បន្ទាយ​​របស់គេ​​មាន​ការហ្វឹកហាត់​​​ទាហាន​ញឹកញាប់​​ និង​បើក​​រថពាសដែក រថ​ក្រោះ​ចេញ-ចូល រោទិ៍​បង្កើន​​សម្លេង​ខ្លាំងៗ កំដៅ​សាច់​ដុំ ​ហាក់​​កម្លា​បរិយាកាស​កាលពីថ្ងៃទី​​៣០ ធ្នូ ​​២០១០ កន្លង​មក​នេះ ប៉ុន្តែ​​​សំរាប់​​កង​ទ័ព​កម្ពុជា​​ដែល​ស្ថិត​នៅ​​ទល់មុខ​គ្នា​​​​ក្នុងខេត្ត​បន្ទាយ​មានជ័យ គិត​ថា នេះជារឿង​​ធម្មតា​...​​អ្នក​ឯង​​ធ្វើ​អ្វី​​ធ្វើ​ទៅ​នៅក្នុងទឹក​ដីរបស់អ្នក​ឯង​ ។​
​មន្ត្រីជាន់់ខ្ពស់​​យោធាកម្ពុជា លោក​ជា តារា ​អគ្គមេ​បញ្ជា​​ការរង​នៃ​កង​យោ​ធពលខេមរ​ភូមិន្ទ បាន​មាន​​ប្រសាសន៍​​ថា លោកទទួលដំណឹង​​​ថា កង​ទ័ព​ថៃ​​បាន​ចល័ត​ទ័ព​នៅ​ក្នុងទឹកដី​​របស់គេ​ពិត​មែន ប៉ុន្តែ​​នៅតាម​បណ្តោយ​ព្រំដែន​​ខេត្ត​ព្រះ​វិហារ​​មាន​ស​ភាពធម្មតា​ទេ យើងតែង​តែ​ធ្វើការ​​ទំនាក់ទំនង​គ្នាទៅវិញ​ទៅមក ហើយ​​បើ​និយាយ​​ពី​កាតព្វ​កិច្ច​ការពារ​ទឹកដី​​វិញ ​យើង​មិន​​​​ធ្វេស​ប្រហែស​ទេ ។
លោកឈូក អាង​​ មេបញ្ជា​ការ​​ប៉ូលិស​​ការ​ពារ​ព្រំដែន​គោក​វរសេនាតូច​លេខ​៩១១ បាន​ឱ្យ​​ដឹង​ថា ​ខាង​កង​ទ័ព​ថៃ​មិន​មានការ​បង្កើន​​កំលាំង​​អ្វីទ ​ចាប់​ពី​​ខ្សែ​បន្ទាត់ព្រំដែន​​ទល់មុខ​​ប៉ោយប៉ែត​​រហូត​ដល់ច្រក​​ទ្វារ​បឹង​ត្រកួន​ ស្រុក​ថ្មពួក ​គ្រាន់​តែ​​មានការ​​ផ្លាស់ប្តូរ​ទ័ព​​ខ្លះៗ និង​ធ្វើការ​ហ្វឹក​​ហាត់​​ញឹកញាប់​​ក្នុងទឹកដី​របស់​គ ដោយ​មាន​​ប្រើ​​រថ​ពាស​ដែក​ និង​រថ​ក្រោះ​ខ្វាត់​ខ្វែង​ផងដែរ​ ​រីឯ​កំលាំង​​ទ័ព​​ខាងកម្ពុជាវិញ​ នៅ​តែការពារ​ទឹក​ដី​​​ម៉ឺង​​ម៉ាត់​​​ដដែល ។​
លោកអនុសេនីយ៍​​​ជិន សុផល ​នាយ​រង​​ប៉ុស្តិ៍​​ការពារព្រំដែន វរសេនាតូច​​លេខ​​៩១១ ​បាន​និយាយ​ថា ​ម្សិល​មិញ​​​ឃើញនៅក្នុងទឹកដី​ថៃ ​ក្រុម​ទាហាន​​ថៃ​​បានបើក​​រថ​ពាស​ដែក​​៣គ្រឿង ​​​មក​កាន់​​ខ្សែ​ត្រៀម​​​ជួរ​មុខ​​​នៃបន្ទាត់​​​ព្រំដែន ប៉ុន្តែ​​​ថ្ងៃ​នេះ​​ឃើញ​​ដក​ទៅវិញ​​១គ្រឿង​​ហើយ ។ ​
ចំណែក​​លោក​នាក់ វង្ស ​មេ​បញ្ជា​ការ​​រង និង​​នាយសេនាធិការ​​កង​ពល​តូចថ្មើរ​​ជើង​លេខ​៤២ បាន​ឱ្យ​​ដឹង​ថា ​​នៅ​តាម​ខ្សែ​បន្ទាត់ព្រំដែន​ខេត្ត​ឧត្តរ​មានជ័យ​​ឯណោះ​វិញ ​ចាប់ពី​តំបន់​មុំ​៣ រហូត​​ដល់​ប្រាសាទ​​តា​មាន់ធំ ជួរ​ភ្នំដង​រែក ស្ថាន​ភាពយោធារវាង​កម្ពុជា​-​​ថៃ ​មិនមាន​ភាពតានតឹង​​កើតឡើង​ទេ បន្ទាប់ពីមាន​ការ​ចាប់ខ្លួន​ពលរដ្ឋថៃ​៧​នាក់​​បញ្ជូន​​​មកកាន់រាជធានី​ភ្នំពេញ​រួចមក ​ពោល​គឺ​​ការ​ទំនាក់​ទំនង​​នៅល្អ​​ធម្មតា ៕

No comments:

Post a Comment