Thursday, December 30, 2010

កាស៊ីត ភិរម្យ ​​​​បរាជ័យ​ក្នុង​បេសកកម្ម​ដោះលែង​​​ពលរដ្ឋ​ថៃ​​ ខណៈ​រដ្ឋាភិបាល​​មិនលូកដៃ​​ក្នុងកិច្ច​ការ​​តុលាការ

លទ្ធ​ផល​​​ពិភាក្សា​​​បន្ទាន់​​មួយ​​រវាង​លោក​​កាស៊ីត ​ភិរម្យ ​និង​លោក​ឧប​នាយករដ្ឋ​​មន្ត្រី​ហោ​ ណាំ​ហុង ​កាលពី​វេលាម៉ោង​​​៤​រសៀលថ្ងៃទី​​៣០ ធ្នូ ២០១០ ដោយ​ប្រើ​ពេល​អស់ជាង​​១ម៉ោង​នោះ បានបង្ហាញ​​ថា ការជួយរំដោះ​​ពលរដ្ឋ​ថៃ​​៧​នាក់ ​ឱ្យរួច​ផុតពី​ដៃ​តុលាការ​​កម្ពុជា​របស់​​ប្រមុខ​​ការទូត​ថៃត្រូវ​ទទួល​បរាជ័យ​​ហើយ ដោ​យសារ​ថា ​រឿង​នេះ​ជា​​ធ្លាក់ទៅក្នុងដៃ​​តុលាការ ដូច្នេះ​​ទុក​ឱ្យ​​តុលាការ​​ជាអ្នក​​ចាត់ការ​តាមនីតិវិធី​ចុះ ។ ​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​បាន​មាន​ប្រសាសន៍​​​​ក្រោយ​ជំនួបជាមួយ​លោកកា​ស៊ីត ​ភិរម្យ ​រដ្ឋ​មន្ត្រី​​ការបរទេស​​ថៃថា លោក​កា​ស៊ីត​​ ភិរម្យ​​​ ពិតជា​បាន​​ពិភាក្សា​បន្ទាន់​​ជា​មួយ​រូប​​លោក​ស្តី​ពីមធ្យោបាយ​​ដោះលែង​​ពលរដ្ឋ​​ថៃទាំង​៧​នាក់នោះប្រាកដមែន​​ ប៉ុន្តែ​​ទោះជាយ៉ាង​ណា រដ្ឋាភិបាល​​​កម្ពុជា​មិនអាច​​ជួយបានទេ​ ​ដោយសា​រ​តែ​​សំណុំរឿង​នោះ​​បានធ្លាក់​​ដល់ដៃ​​តុលាការ​​បាត់​ទៅហើយ ​រដ្ឋាភិបាល​​មិនអាច​លូកដៃ​​ចូល​ក្នុង​​កិច្ចការ​​តុលាការ​បានទេ​...​​ តុលាការ​ថៃ​ឯក​រាជ្យ ​រីឯ​​តុលាការ​កម្ពុជា​ក៏ឯករាជ្យ​ដែរ ។​
លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង បញ្ជាក់​ថា ភាគីទាំង​​២​កម្ពុជា​-ថៃ​បាន​​យល់​ឃើញ​​ដូចគ្នា​ថា កិច្ច​ការ​នេះ​គួរ​ទុក​ឱ្យ​​​តុលា​ការ​​ចាត់​ការ​​ទៅ​តាម​នីតិវិធី​​របស់គេ​មួយរយៈ​​ចុះ រង់ចាំ​​មើល​ថា តើ​​វា​ដល់​ដំណាក់​កាល​​ណា​ខ្លះ​? មិនតែ​ប៉ុណ្ណោះ​​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​បានប្រាប់​​លោក​កាស៊ីត ភិរម្យ​ ថា ជនជាតិថៃ​​ទាំង​៧​នាក់ ដែលកំលាំងការពារព្រំដែន​​កម្ពុជា​ចាប់ខ្លួន​នោះ គឺ​ចាប់នៅក្នុងទឹកដី​កម្ពុជា ក្នុង​ភូ​មិ​​ជោគជ័យ ​ឃុំ​អូរបីជាន់ ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ​ខណៈ​ដែលពួកគេ​​​ចូល​ដោយគ្មាន​​ការ​អនុញ្ញាត​​ និង​ខុសច្បាប់ ។
លោកកាស៊ីត ភិរម្យ ​បានសំដែង​ការ​សោក​ស្តាយ​​ថា រូប​​លោក​ក៏​មិន​​​បានដឹង​ថា ពលរដ្ឋថៃ​​ទាំង​៧​នាក់​នោះ​ចូលមក​ក្នុងទឹកដីកម្ពុជា​នោះដែរ​ហើយ​​ប្រសិន​បើ​​ពួកគេ​​បានចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដោយ​​ខុស​ច្បាប់​​ គ្មាន​​ការអនុញ្ញាត​​មែន​នោះ​​ គឺវា​ពិបាក​ហើយ​។​ ​គេ​បាន​ដឹង​តាំង​ពី​ដំបូង​មក​ម៉្លេះ​ថា ដំណើរ​​ប្រញាប់​មកកាន់ប្រទេស​កម្ពុជា​​របស់​លោក​​កាស៊ីត ភិរម្យ បែបនេះ ​ត្រូវបាន​អ្នក​តាម​ដាន​​ក្នុង​​ប្រទេស​កម្ពុជា​​យល់ឃើញ​ថា គ្មានអ្វីក្រៅ​​​ពី​មក​​ពិភាក្សា​​សំរួល​សុំ​ឱ្យ​មានការ​ដោះលែងពលរដ្ឋ​​ថៃ​៧​នាក់ ​ដែលអាជ្ញាធរ​​កម្ពុជា​​ចាប់ឃាត់ខ្លួននោះ​ទេ ​ព្រោះនេះ​ជា​ព្រឹត្តិការណ៍​​ដ៏ក្តៅ​​កក្រើក​​រវាង​​កម្ពុជា​-ថៃ ដែលទើប​​កើតឡើង​ថ្មី​ៗ​នេះ ប៉ុន្តែ​ទំនង​​កាស៊ីត ភិរម្យ ​មិនទទួល​​បានជោគជ័យ​​​ទេ ក្នុង​បេសកកម្ម​​រំដោះ​​មនុស្ស​​ថៃ​៧​នាក់​នេះ ព្រោះ​​វីរៈ​​ ខ្វាម​​ឃីត ក្នុង​ចំណោម​​៧​នាក់​​នោះ ធ្វើខុស​​ម្តង​ហើយ​​​ម្តង​ទៀត និងអ្នក​​​ខ្លះ​​សមាជិក​​សភា ​តែ​បែរ​​ជា​មិនយល់​​ច្បាប់​...ឥឡូវ​ពួកគេ​​បរាជ័យ​មែន ៕​

No comments:

Post a Comment