Friday, December 31, 2010

ថៃ​បន្ថែម​កម្លាំង​ក្រាស់ក្រែល​នៅ​ចំណុច​បង្គោល​លេខ​៤៦ ចាំ​ទប់​បាតុករ​អាវ​លឿង

ភ្នំពេញ ៖ មេ​បញ្ជា​កង​យោធពល​ខេមរ​ភូមិន្ទ ប្រចាំ​នៅ​ច្រក​ណង​ចាន់ បាន​ឲ្យ​ដឹង​ថា កង​ទ័ព​ថៃ​​បាន​​បន្ថែម​កម្លាំង​មក​ចំណុច​លេខ​៤៦ ដែល​ជា​ចំណុច​ទីតាំង​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​រូប។ ការ​បន្ថែម កម្លាំង​របស់​ពួក​គេ ត្រូវ​បាន​មេ​ទ័ព​ថៃ​ប្រាប់​ថា ដើម្បី​ទប់​ស្កាត់​មេ​បាតុករ​អាវ​លឿង ដែល​គ្រោង​មក​តវ៉ា នៅ​ចំណុច​នេះ។
មេ​បញ្ជា​ការ​រូប​នេះ​​បាន​បន្ថែម​ទៀត​ថា កង​ទ័ព​ថៃ​បាន​ផ្ដល់​ព័ត៌មាន​ថា ក្រុម​បាតុករ​អាវ​លឿង គេ​គ្រោង​មក​តវ៉ា​គឺ​មាន​គ្នា​ប្រមាណ​ជាង​១​ពាន់​នាក់ ដើម្បី​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​បក្ខ​ពួក​របស់​គេ នៅ​ចំណុច​ខាង​លើ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ កង​ទ័ព​ទាំង​ពីរ​បាន​សហការ​គ្នា​ល្អ​ថា សូម​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា ព្រោះ​ការ​បន្ថែម​កម្លាំង​ទ័ព​ថៃ គឺ​ដើម្បី​ទប់​ស្កាត់​កម្លាំង​បាតុករ​តែ​ប៉ុណ្ណោះ។
ដោយ​ឡែក​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​មុន​នេះ មេ​បញ្ជា​ការ​ភូមិ​ភាគ​៥​របស់​កម្ពុជា និង​មេ បញ្ជា​ការ​ភូមិ​ភាគ​១​របស់​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ចំណុច​ច្រក​ប៉ោយ​ប៉ែត បន្ទាប់​មក​ក៏​បាន​ឯកភាព​គ្នា ថា នឹង​ចុះ​ទៅ​ដល់​ចំណុច​នោះ​ទាំង​អស់​គ្នា។ រហូត​មក​ដល់​ម៉ោង​១១​និង​៣០​នាទី​នេះ ក្រុម​បាតុករ អាវ​លឿង​មិន​ទាន់​មក​ដល់​ចំណុច​ព្រំដែន​តាម​ការ​គ្រោង​ទុក​របស់​គេ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​តាម​ព័ត៌មាន គេ​បា្រប់​ថា ពួក​គេ​អាច​នឹង​មក​ដល់​នៅ​ចន្លោះ​ម៉ោង​១២​ថ្ងៃ​ត្រង់ ឬ​អាច​ដល់​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ។
គួរ​បញ្ជាក់​ថា ចំណុច​ច្រក​ព្រំដែន​របៀង​ទាំង​៣ រវាង​កម្ពុជា-ថៃ នៅ​តែ​បន្ត​បិទ​ជា​ដដែល ដោយ មិន​ទាន់​មាន​ដំណើរ​ការ​ចេញ​ចូល​នៅ​ឡើយ​នោះ​ទេ៕

No comments:

Post a Comment