Friday, December 31, 2010

ឧទ្ធម្ភាគចក្រ កង​ទ័ព​សៀម​៣​គ្រឿង​ហោះ​​ក្រឡឹង​បង្គោល​ព្រំដែន​លេខ​៤៦

ស្ថាន​ភាព​ព្រំដែន​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៦ ក្នុង​ស្រុក​អូរ​ជ្រៅ សភាពការណ៍​​នៅ​ជា​ធម្មតា គ្រាន់​តែ​ភាគី​សៀម​បង្កើន​កង​កម្លាំង​បន្ថែម​ជាមួយ​នឹង​ឧទ្ធម្ភាគចក្រ​យោធា​​ចំនួន​៣​គ្រឿង​បាន​ហោះ​ក្រឡឹង​នៅ​តំបន់​នោះ​ទៅ​វិញ​ទៅ​មក។
កង​ទ័ព​នៅ​ជួរ​មុខ​បាន​ប្រាប់​ថា យើង​បាន​មើល​ឃើញ​ឧទ្ធម្ភាគចក្រ​យោធា របស់​កង​ទ័ព​សៀម ហោះ​ចុះ​ឡើង រួច​ហើយ​ចុះ​ចត​នៅ​ចំ​ពី​មុខ​ច្រក​ជោគ​ជ័យ ដែល​ជា​កន្លែង​បន្ទាយ​កង​ទ័ព​ឈុត​ខ្មៅ​របស់​សៀម។ ទី​នោះ​ជា​បន្ទាយ​កង​រយ​ទ័ព​ឈុត​ខ្មៅ​លេខ​១២៦។ ក្រៅ​ពី​ឧទ្ធម្ភាគចក្រ យើង​ក៏​បាន​ឃើញ​រថពាសដែក​ចំនួន​៤​គ្រឿង និង​រថយន្ត​ដឹក​កង​ទ័ព​៣​គ្រឿង​ផ្សេង​ទៀត បាន​បើក​ប្រ​ទ្រុយ​ចុះ​ឡើង​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ។

លោក​ឧត្ដមសេនីយ៍​ប៊ុន សេង មេ​បញ្ជា​ការ​ភូមិ​ភាគ​៥ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា បើ​ទោះ​បី​ជា​គេ​ចល័ត​ទ័ព​ឬ​មាន​ឧទ្ធម្ភាគចក្រ​អម​ក៏​ដោយ សភាព​ការណ៍​មិន​តាន​តឹង​ទេ។ លោក​មេ​បញ្ជា​ការ​រូប​នេះ​ប្រាប់​ថា គេ​បន្ថែម​កង​ទ័ព​ដើម្បី​ទប់​កម្លាំង​បាតុករ ដែល​គ្រោង​មក​ចំណុច​ព្រំដែន​នេះ​តែ​ប៉ុណ្ណោះ។ លោក​ឧត្ដម​សេនីយ៍ ប៊ុន សេង បាន​បញ្ជាក់​ថា ខ្ញុំ​បាន​ជួប​ជាមួយ​មេ​បញ្ជា​ការ​​ភូមិ​ភាគ​១​របស់​ថៃ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ហើយ​យើង​បាន​សម្រួល​គ្នា​​ថា កង​ទ័ព​នៅ​តែ​សហការ​គ្នា​ល្អ រឿង​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់ ទុក​លទ្ធភាព​ឲ្យ​ច្បាប់​ជា​អ្នក​​សម្រេច។

លោក​បាន​ប្រាប់​ទៀត​ថា ភាគី​ខាង​ទាហាន​ថៃ គេ​ស្នើ​សុំ​ឲ្យ​មាន​ការ​សម្រួល​ដោះ​លែង​ដល់​ជន ជាតិ​ថៃ​៧​រូប​នោះ​ដែរ តែ​ខ្ញុំ​ប្រាប់​ថា វា​ហួស​សមត្ថភាព​របស់​ខ្ញុំ​ហើយ ព្រោះ​រឿង​នោះ​វា​ឡើង​ដល់​ប្រ ព័ន្ធ​តុលាការ​ ចំណែក​​ខ្ញុំ​ជា​កង​ទ័ព។
ដោយ​ឡែក​ក្រុម​បាតុករ​អាវ​លឿង ដែល​គ្រោង​ជាង​១​ពាន់​នាក់ មក​តវ៉ា​នៅ​ចំណុច​ព្រំដែន ខាង​លើ មិន​ឃើញ​មាន​វត្តមាន​មក​ដល់​​ព្រំដែន​ទេ តែ​កង​ទ័ព​ថៃ បាន​បង្កើន​កម្លាំង​ជា​ច្រើន​ទប់​ស្កាត់​នៅ​ជួរ​ខាង​មុខ៕

No comments:

Post a Comment