Friday, December 31, 2010

សាលាក្រុង​ភ្នំពេញ​អនុញ្ញាត​ឲ្យ​អ្នកភូមិ​បឹងកក់ ​ធ្វើ​កូដកម្ម​មួយ​សប្តាហ៍​លើ​ទីលាន​ប្រជាធិបតេយ្យ​

កាលពី​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​នេះ លោក​កើត ឆែ នាយករង​សាលា​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ឲ្យ​អ្នកភូមិ​បឹងកក់​ចំនួន ៧​ភូមិ ចូលជួប​ដើម្បី​ពិភាក្សា​ធ្វើ​កូដកម្ម​រយៈពេល​មួយ​សប្តាហ៍ គឺ​ពី​ថ្ងៃទី​៣​ដល់​៩​មករា ២០១១ នៅលើ​ទីលាន​ប្រជាធិបតេយ្យ ។​

​    ​បើតាម​ការអះអាង​ពី​អ្នកស្រី​លី មុំ តំណាង​ឲ្យ​អ្នកភូមិ​បឹងកក់ បាន​ឲ្យ​ដឹងថា គោលបំណង​របស់​អ្នកភូមិ​បឹងកក់​ធ្វើ​កូដកម្ម​នៅនឹងកន្លែង​លើ​ទីលាន​ ប្រជាធិបតេយ្យ​រយៈពេល​មួយ​សប្តាហ៍​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជា ៣០០​នាក់ ក្នុង​គោលបំណង​បង្ហាញ​ពី​ការរំលោភ​សិទ្ធិ​លំនៅឋាន​អ្នកភូមិ​បឹងកក់​ពី​ សំណាក់​ក្រុមហ៊ុន​ស៊ូ​កា គូ​អ៊ី​ន និង​ទាមទារ​ឲ្យ​មាន​សំណង​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ត្រូវ​បណ្តេញចេញ រួមទាំង​ទាមទារ​ទំហំ​ដី ១៥ ហិច​តា សម្រាប់​អ្នកភូមិ​បឹងកក់​អភិវឌ្ឍន៍​នៅនឹងកន្លែង ។​

​    ​តាមរយៈ​ជំនួប​ពិភាក្សា​ជាមួយ​មន្ត្រី​សាលាក្រុង​រយៈពេល​ជាង​២​ម៉ោង​ កន្លងមក សាលាក្រុង​បានអនុញ្ញាត​ឲ្យ​អ្នកភូមិ​បឹងកក់​ធ្វើ​កូដកម្ម​នៅ​ទីលាន​ ប្រជាធិបតេយ្យ​រយៈពេល​មួយ​សប្តាហ៍ តែ​ត្រូវគោរព​នូវ​លក្ខខណ្ឌ​ចំនួន​៤ គឺ​:

​    ​១- ធ្វើ​កូដកម្ម​រយៈពេល​ចន្លោះ​ពី​ម៉ោង​៦​ព្រឹក​រហូតដល់​ម៉ោង​៦​ល្ងាច ការពារ​សន្តិសុខ​ផ្ទៃក្នុង ទទួលខុសត្រូវ​ខ្លួនឯង សមត្ថកិច្ច​ជា​អ្នកការពារ​ខាងក្រៅ ។​
​    ​២- ជៀសវាង​យក​វេទិការ​នេះ​បំរើ​ផង​ប្រយោជន៍​នយោបាយ ធ្វើការ​វាយប្រហារ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស សមាជិកសភា សមាជិក​ព្រឹទ្ធសភា និង​រាជរដ្ឋាភិបាល ។​
​    ​៣- ក្រោយពេល​បញ្ចប់​កូដកម្ម​នៅវេលា​ម៉ោង​៦​ល្ងាច​រៀងរាល់ថ្ងៃ ត្រូវធ្វើ​អនាម័យ​លើ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​ខ្លួនឯង ។​
​    ​៤- ក្នុងករណី​ធ្វើ​កូដកម្ម​មិន​ប្រព្រឹត្ត​តាមច្បាប់ អ្នកដឹកនាំ​ធ្វើ​កូដកម្ម​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕

No comments:

Post a Comment