ភ្នំពេញ: រដ្ឋាភិបាលអាល្លឺម៉ង បានផ្តល់ជំនួយចំនួន ១ លានអឺរ៉ូ ស្មើប្រមាណ ១,៣ លានដុល្លារអាមេរិក សម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ និងទទួលជំនួយនោះ បានធ្វើឡើងដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរមីនកម្ពុជា ជាមួយលោកបណ្ឌិត Wolfgang Moser ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ របស់លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១១។
ប្រាក់ជំនួយ ១ លានអឺរ៉ូ របស់អាល្លឺម៉ង់ ត្រូវប្រើប្រាស់ ក្នុងគម្រោងផែនការបោសសម្អាតមីនឆ្នាំ ២០១១។ កងឯកភាពកំចាត់មីនទី៦ នឹងធ្វើសកម្មភាពនៅតំបន់ ដែលមានគំរាមកំហែងដោយគ្រាប់មីន និងកាកសំណល់សង្គ្រាមនៅខេត្តសៀមរាប និងឧត្តរមានជ័យសរុបមានចំនួន ៤៣ ចំការមីន ដែលមានផ្ទៃដីចំនួន ៣.៣៤៥.១៨៨ ម៉ែត្រក្រឡា និងចំការមីនបំរុងចំនួន ២២ មានផ្ទៃដី ២.០៨២.០៨៧ ម៉ែត្រក្រឡា។ គ្រួសារប្រជាពលរដ្ឋ ដែលទទួលផលដោយផ្ទាល់មានចំនួន ២.៦៣៣ គ្រួសារ និងដោយប្រយោលមានចំនួន ៥.០៥៩ គ្រួសារ។
អាល្លឺម៉ង់ បានផ្តល់ជំនួយដល់កម្ពុជា សម្រាប់បោសសម្អាតមីន ចាប់តាំងពីឆ្នាំ១៩៩៩ ដល់ខែធ្នូ ឆ្នាំ២០១០ សរុបចំនួន ១០,៨ លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការបោសសម្អាតមីននៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ។ ជំនួយនេះ បានធ្វើឲ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា រំដោះបានផ្ទៃដី ៧៧,៨ គីឡូម៉ែត្រក្រឡា សម្រាប់ធ្វើការបង្កបង្កើនផល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកមរា ឆ្នាំ ២០១១ អាជ្ញាធរមីនកម្ពុជា ( CMAA ) និងអង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួល និងផ្តល់ជំនួយចំនួន ២៤ លានដុលា្លរអាមេរិក សម្រាប់គម្រោងជំហានទី២ ដែលមានឈ្មោះថា បោសសម្អាតមីនដើម្បីលទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ។ ជំនួយនោះ បានមកពីប្រទេសកាណាដា អូស្ត្រាលី ណ័រវេ និងប្រទេសអេស្ប៉ាញ។
ប្រព័ន្ធព័ត៌មានជនរងគ្រោះ ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកពីសម័យសង្គ្រាម បានបង្ហាញរបាយការណ៍ថា មួយឆ្នាំៗ កម្ពុជា មានជនរងគ្រោះដោយសារគ្រាប់មីន កើនឡើង មិនតិចជាង ២០០ នាក់ឡើយ។ ចំនួនជនរងគ្រោះ ដោយសារគ្រាប់មីន នៅឆ្នាំ២០០៩ មានចំនួន ២៤៤ នាក់។
អាជ្ញាធរជាតិកម្ចាត់មីនកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៣៣០ លានដុល្លារ សម្រាប់ផែនការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងរយៈពេល ១០ ឆ្នាំ គិតចាប់ពីឆ្នាំ២០១០។ រដ្ឋាភិបាល ទទួលបានថវិកាជំនួយប្រមាណ ២៩ ទៅ ៣០ លានដុល្លារ ក្នុងមួយឆ្នាំៗ សម្រាប់កម្មវិធីបោសសម្អាតមីន ក្នុងពេលកន្លងមក៕
ដោយ : លីហូវ
No comments:
Post a Comment