Wednesday, February 02, 2011

ដក​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ទំនងជា​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​មួយចំនួន​

ស្ទឹងត្រែង: ​លោក​ឡុង វិចិត្រ ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ត្រូវបាន​ដកហូត​ពី​មុខតំណែង​ ហើយ​ដែល​ទំនង​ជា​ពាក់ព័ន្ធ​ រឿងរ៉ាវ​​មិន​ល្អ​មួយចំនួន​ ។​

​ប្រភព​ពី​ប៉ូលិស​ខេត្តស្ទឹងត្រែង​បានឲ្យដឹងថា ការដក​លោក​ស្នងការ​រូប​នេះ​ពិតជា​ពាក់ព័ន្ធ​នឹង​បញ្ហា​នៅក្នុង​ស្ថាប័ន​មែន តែ​ពួកគេ​មិន​អាច​អត្ថាធិប្បាយ​បានទេ​។​

​អភិបាលខេត្ត​ស្ទឹងត្រែង​លោក​ឡូយ សុផាត បាន​ទទួលស្គាល់ថា ពិតជា​មាន​ការដូរ​ស្នងការ​នគរបាល​នេះ​មែន តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​អំពី​មូលហេតុ​នៃ​ការដោះដូរ​នេះ​ទេ​ ដោយ​លោក​អះអាង​ថា​ជា​កិច្ចការ​ក្រសួងមហាផ្ទៃ​។ ពិធី​ផ្ទេរ​តំណែង​ត្រូវ​គេ​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ ខាងមុខនេះ​។​

​ស្នងការ​ដែល​ត្រូវ​ទៅ​កាន់តំណែង​ថ្មី​ជំនួស​លោក​ឡុង វិចិត្រ គឺជា​ជា​មន្ត្រីប៉ូលិស​ឈ្មោះ​លោក​រាជ្យ សុខុន មកពី​ក្រសួង​មហាផ្ទៃ​ដែល​មាន​ឋានៈ​ជា​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​។​

​ប្រភព​ឲ្យដឹងថា កន្លងទៅ​មាន​រឿងអាស្រូវ​មួយចំនួន​បាន​កើតឡើង​នៅ​ខេត្ត​ស្ទឹងត្រែង​មានដូចជា បញ្ហា​គ្រឿងញៀន និង​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ដែល​សមត្ថកិច្ច​ធ្លាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទាំងនោះ​ជាច្រើន​៕

ដោយ : សេសាន

No comments:

Post a Comment