ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា វត្តមានអ្នកជំនាញការអង្គការ យូណេស្កូ និងអ្នកសង្កេតការណ៍យោធាអង្គការសហប្រជាជាតិនៅតំបន់ប្រាសាទព្រះវិហារ គឺជាវិធីតែមួយដើម្បីជួយការពារប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងពង្រឹងការទុកចិត្តគ្នារវាងកម្ពុជានិងថៃ ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ ខារ៉ូលរ៉ូដលី (Carol Rodley) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១១។ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ថា ការធ្វើសង្គ្រាមឈ្លានពានកម្ពុជាកាលពីថ្ងៃទី ៤ ដល់ ថ្ងៃទី ៧ កន្លងមកនេះភាគីថៃបានរំលោភបំពានលើអនុសញ្ញាឆ្នាំ ១៩៥៤ ស្តីពីការការពារបេតិកភណ្ឌពេលមានជម្លោះប្រដាប់អាវុធ ដោយបានធ្វើឲ្យខូចខាតព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ភាគីថៃបានរំលោភសិទ្ធិមនុស្ស ដោយសារបានប្រើប្រាស់គ្រាប់បែកចង្កោមរំលោភលើសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលទាមទារឲ្យមានការចូលរួមពីអន្តរជាតិ ដើម្បីបញ្ឈប់ និងទប់ស្កាត់សកម្មភាពឈ្លានពានរបស់ភាគីថៃ។
ឯកឧត្តមបណ្ឌិត សុខ អាន បានបញ្ជាក់ថា ការជម្រុញណាមួយឲ្យវិលមករកការចរចាទ្វេភាគី គឺជាការទុកឱកាសឲ្យភាគីថៃបិទទ្វារ ដើម្បីធ្វើសង្គ្រាមឈ្លានពានកម្ពុជា។ ព្រោះថា ការចរចាទ្វេភាគីកន្លងមកត្រូវបានបរាជ័យ ដោយសារភាគីថៃរំលោភ និងមិនអនុវត្ត។ ជាមួយនឹងការមានប្រសាសន៍ថ្លែងអំណរគុណដល់លោកជំទាវ IRINA BOKOVA អគ្គនាយកអង្គការ យូណេស្កូ ដែលបានយល់ព្រមបញ្ជូនអ្នកជំនាញការអង្គការ យូណេស្កូ មកពិនិត្យការខូចខាតប្រាសាទព្រះវិហារ ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាចង់ឲ្យបេសកកម្មអ្នកជំនាញការនៃអង្គការយូណេស្កូ និងបេសកជន នៃគណៈកម្មការបេតិកភណ្ឌពិភពលោកប្រព្រឹត្តទៅដោយគ្មានការរំខាន និងដើម្បីធានាសុវត្ថិភាពជូនក្រុមអ្នកជំនាញការនេះ ដូច្នេះវត្តមានរបស់អ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ គឺជាការចាំបាច់។
ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍បញ្ជាក់ជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា វត្តមានអ្នកសង្កេតការយោធា នៃអង្គការសហប្រជាជាតិ នឹងធានាឲ្យមាននូវតម្លាភាពរាល់សកម្មភាពដែលមាននៅលើប្រាសាទក៏ដូចជាពង្រឹងការទុកចិត្តគ្នារវាងប្រទេសទាំងពីរ ថៃ-កម្ពុជាផងដែរ ក៏ដូចជាលុបបំបាត់ការចោទប្រកាន់ពីភាគីថៃ ថា កម្ពុជាយកប្រាសាទព្រះវិហារធ្វើជាមូលដ្ឋានយោធា។
លោកជំទាវ ខារ៉ូលរ៉ូដលី (Carol Rodley) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត សុខ អាន ដែលបានផ្តល់ព័ត៌មាន ដោយលោកជំទាវបានអះអាងថា ចំពោះជម្លោះរវាងកម្ពុជា និងថៃនេះសហរដ្ឋអាមេរិកនឹងប្រកាន់ជំហរកណ្តាល ដើម្បីជួយដោះស្រាយ។ លោកជំទាវឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសំណូមពរឲ្យភាគីទាំងពីរមានការអត់ធ្មត់ និងដោះស្រាយបញ្ហា ដោយសន្តិវិធី។
No comments:
New comments are not allowed.