នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១១ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គ្រីស្ទាន កូណាន់ (Christian Connan) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំនៃ ព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបពិភាក្សានោះឯកឧត្តមបណ្ឌិត សុខ អាន បានជំរាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងអំពីសកម្មភាពបង្កសង្គ្រាមឈ្លានពានទឹកដី និងអធិបតេយ្យភាពនៃព្រះ រាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៤ ថ្ងៃ(ថ្ងៃទី៤ដល់ថ្ងៃទី៧)កន្លងទៅនេះ ដែលក្នុងនោះភាគីថៃបានប្រើ ប្រាស់កាំភ្លើងធុនធ្ងន់ ពិសេសការប្រើប្រាស់គ្រាប់បែកចង្កោម បង្កឲ្យមានការការប៉ះពាល់ខូចខាតដល់ ប្រាសាទព្រះវិហារ និងទ្រព្យសម្បត្តិអាយុជីវិតប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់។
ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជានិងថៃមានព្រំដែនជាមួយ គ្នាច្បាស់លាស់យោងតាមផែនទីដែលផលិតឡើងតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និងសន្ធិ សញ្ញាឆ្នាំ១៩០៧ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ តាមរយៈសាលដីកាតុលាការ យុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ។ ប៉ុន្តែមហិច្ឆតាវាតទីទឹកដីថៃបានប្រើប្រាស់ផែនទីចម្លែក ផលិតដោយឯកតោ ភាគីគ្មានការទទួលស្គាល់ពីអន្តរជាតិ ដើម្បីឈ្លានពានកម្ពុជាគឺដូចសម័យមូសូលីនី និងអ៊ីត្លែ ផលិតផែន ទីដើម្បីវាតទីទឹកដីនោះដែរ។
ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា វត្តមានអ្នកជំនាញការអង្គការ យូណេស្កូ និងអ្នកសង្កេតការណ៍យោធាអន្តរជាតិនៃអង្គការសហប្រជាជាតិនៅតំបន់ប្រាសាទព្រះវិហារ គឺជាការតម្រូវចាំបាច់ ដើម្បីជួយការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកពីរការ បំផ្លិចបំផ្លាញ និងបញ្ឈប់ការចោទប្រកាន់ និងប្រើលេសនានាដើម្បីធ្វើសង្រ្គាមឈ្លានពានទឹកដី កម្ពុជាពីភាគីថៃ។
ឯកឧត្តម គ្រីស្ទាន កូណាន់ (Christian Connan) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសេចក្តីរាយការណ៍របស់ឯកឧត្តមបណ្ឌិត សុខ អាន ហើយ បានសន្យាថានឹងជម្រាបជូនទៅរដ្ឋាភិបាលបារាំង ដើម្បីឲ្យជួយមានវិធានការជាក់ស្តែងតាមសំណូម ពររបស់កម្ពុជា។
No comments:
Post a Comment